ជាតិ
សេដ្ឋកិច្ច
អូស្រ្តាលី នឹងផ្ដល់ជំនួយជាង៥០លានដុល្លារ ដល់កម្ពុជា
25, Jul 2023 , 4:49 pm        
រូបភាព
ប្រទេសអូស្រ្តាលី នឹងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ ចំនួន ៨៣,៦ លានដុល្លារអូស្រា្តលី (ជាង៥៦លានដុល្លារអាម៉េរិក) ដល់កម្ពុជា សម្រាប់ឆ្នាំ២០២៣-២០២៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៤ កក្កដា។



ក្នុងទំហំទឹកប្រាក់ទាំងនោះ មានចំនួន៤៧,៩ លានដុល្លារអូស្រា្តលី ស្ថិតក្នុងក្របខ័ណ្ឌទ្វេភាគី ខណៈទឹកប្រាក់ដែលនៅសល់ផ្សេងទៀត ត្រូវផ្តល់តាមរយៈកម្មវិធីសកល និងតំបន់។ ជំនួយអភិវឌ្ឍន៍នេះ បញ្ជាក់ឱ្យឃើញពីការកើនឡើងពីទឹកប្រាក់ចំនួន ៨០,៨ លានដុល្លារអូស្រា្តលី ក្នុងឆ្នាំ២០២២-២៣។
 
ក្រសួងការបរទេស បានបន្ថែមថា ជំនួយអភិវឌ្ឍន៍របស់អូស្ត្រាលីនេះ ស្របតាមការខិតខំប្រឹងប្រែងរបស់កម្ពុជា និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ដែលជាការគាំទ្រដល់ការរីកចម្រើនផ្នែកសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជា តាមរយៈការបង្កើនការទទួលបាននិងបទដ្ឋាននៃសេវាសាធារណៈ ,ការលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនា-សម្ព័ន្ធ ,ការជួយសម្រួលដល់កំណែទម្រង់ និងវិនិយោគលើវិស័យថែទាំសុខភាព និងការរួមចំណែកបង្កើតប្រព័ន្ធគាំពារសង្គម ដែលផ្តោតសំខាន់ជាពិសេសលើស្ត្រី និងជនពិការ។
 
«រដ្ឋាភិបាលអូស្ត្រាលីបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការគាំទ្រដល់មហិច្ឆតារបស់កម្ពុជា ហើយត្រៀមខ្លួនបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ការងារអាទិភាពរួមគ្នានៃប្រទេសទាំងពីរ»។ នេះបើតាមក្រសួងការបរទេស។
 
ទោះបីជាសេដ្ឋកិច្ចរបស់អូស្ត្រាលី រងផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរ ដោយសារជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ ក៏ប្រទេសមួយនេះ ផ្ដល់ជំនួយផ្នែកសេដ្ឋកិច្ចដល់កម្ពុជាដែរ។ ក្រសួងការបរទេសកម្ពុជា ចាត់ទុកកាយវិការនេះ គឺជាសក្ខីភាពដ៏ច្បាស់លាស់មួយ ចំពោះភាពរឹងមាំនៃទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពដ៏ជ្រាលជ្រៅរវាងកម្ពុជា និងអូស្ត្រាលី។
 
 

Tag:
 អូស្រ្តាលី
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com