អន្តរជាតិ
ចិនដកតំណែងរដ្ឋមន្រ្តីការបរទេស ដោយដាក់ លោក វ៉ាង យី ជំនួសវិញ
25, Jul 2023 , 7:36 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសចិន លោក ឈីន កាង ដែលត្រូវបានដកតំណែង។ រូបភាព AFP
រដ្ឋមន្រ្តីការបរទេសចិន លោក ឈីន កាង ដែលត្រូវបានដកតំណែង។ រូបភាព AFP
ចិន នៅថ្ងៃទី២៥ ខែកក្កដា បានដកលោក ឈីន កាង ជារដ្ឋមន្រ្តីការបរទេស ក្រោយកាន់តំណែងមួយនេះ បានរយៈពេល ៧ខែ។ លោកវ៉ាង យី នឹងកាន់តំណែងជាប្រមុខការទូតចិនជំនួសវិញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋចិន។

 
ក្រោយអវត្តមានពីសាធារណៈរយៈពេល ១ខែ លោក ឈីន កាន ត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាប្រជាជនចិន ដកតំណែង នៅថ្ងៃទី២៥ ខែកក្កដា។ «សភាចិន បានបោះឆ្នោតគាំទ្រលោកវ៉ាង យី ជារដ្ឋមន្រ្តីការបរទេស»។ ទីភ្នាក់ងារព័ត៌មាន Xinhua បានចុះផ្សាយបែបនេះ ដោយបន្តថា លោកឈីន ត្រូវបានដកចេញពីតំណែងមួយនេះ។ លោក ឈីន បានកាន់តំណែងជាប្រមុខការទូតនៅក្នុងខែធ្នូ ឆ្នាំ២០២២។
 
កន្លងមក រដ្ឋមន្រ្តីការបរទេសចិនរូបនេះ បានអវត្តមាន នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដោយក្រសួងការបរទេសចិន បានត្រឹមបញ្ជាក់ពីហេតុផលបញ្ហាសុខភាពប៉ុណ្ណោះ។ បន្ថែមពីនេះ លោកក៏មិនបានបង្ហាញវត្តមានក្នុងជំនួបជាមួយ លោក រ៉ូឌ្រីហ្គោ ឌូទើតេ អតីតប្រធានាធិបតីហ្វីលីពីនឡើយ ហើយលោកក៏មិនបានចូលរួមក្នុងជំនួបជាមួយ លោកស្រី Janet Yellen រដ្ឋមន្រ្តីហិរញ្ញវត្ថុអាម៉េរិក និងប្រេសិតអាកាសធាតុ លោក John Kerry ដែរ។ 
 
បន្ថែមពីនេះ ចិន ក៏បានលុបចោលជំនួបរវាងលោកឈីន និងសមភាគីអឺរ៉ុប លោកJosep Borrell ខណៈជំនួបជាមួយ លោក James Cleverly រដ្ឋមន្រ្តីការបរទេសអង់គ្លេស ត្រូវបានលើកពេល៕
 

© រក្សាសិទ្ធិដោយ thmeythmey.com