ជាតិ
សេដ្ឋកិច្ច
ADB សម្រេចផ្តល់​កម្ចី​៤០​លាន​ដុល្លារ​ដល់កម្ពុជា ដើម្បី​កំណែទម្រង់​​​សេវា​សាធារណៈ
26, Jul 2023 , 11:08 am        
រូបភាព
ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ បាន​អនុម័តប្រាក់កម្ចីចំនួន៤០លានដុល្លារ ដើម្បីជួយកម្ពុជា ក្នុងការពង្រឹងបន្ថែមលើការផ្តល់សេវាសាធារណៈ តាមរយៈកំណែទម្រង់ក្នុងវិស័យហិរញ្ញវត្ថុសាធារណៈ និង វិមជ្ឈការ។ កម្ចីនេះ ស្ថិតក្រោមកម្មវិធីអភិវឌ្ឍន៍វិស័យសេវាសាធារណៈ និងការគ្រប់គ្រង​ហិរញ្ញវត្ថុ ។

 
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ADB កម្ចីនេះ នឹង​ពង្រឹងការធ្វើផែនការ និងរៀបចំថវិកា ការគ្រប់គ្រង ចំណូលនិងចំណាយ និងសមត្ថភាពបុគ្គលិកនៅកម្រិតរដ្ឋបាលមូលដ្ឋាន ដើម្បីផ្តល់សេវាកម្មប្រសើរឡើង ,លើកកម្ពស់ការធ្វើផែនការមូលដ្ឋាន និង កែលម្អលទ្ធភាពទទួលបានសេវាសាធារណៈរបស់ ប្រជាពលរដ្ឋ។
 
លោកស្រី Jyotsana Varma នាយិកា​ ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា បានលើកឡើងថា កំណែទម្រង់ និងដំណោះស្រាយឌីជីថល ដែលត្រូវបានអនុវត្តក្នុងកម្មវិធីនេះ ​នឹងជួយ​តម្រង់​ផែន​ការ​​​កម្រិតមូលដ្ឋាន ក្នុងការប្រើប្រាស់ថវិកាជាតិនិងខេត្ត សម្រាប់ការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន ​ប្រកប​ដោយប្រសិទ្ធភាពនិងសមធម៌ ដូចជាការទទួលបានទឹកស្អាត អនាម័យ និង​ការអប់រំជាដើម។ លោកស្រី​បានបញ្ជាក់ថា៖ «វិធានការ​ដែល​អនុវត្ត​ក្នុង​កម្មវិធី​នេះ​ ក៏​នឹង​ជំរុញ​ការ​ចូល​រួម​របស់​ស្ត្រី​ ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត ​ក្នុងកម្រិត​មូលដ្ឋាន ផងដែរ»។
 
កម្មវិធីអភិវឌ្ឍន៍វិស័យសេវាសាធារណៈ និងការគ្រប់គ្រង​ហិរញ្ញវត្ថុដែលបានធ្វើវិមជ្ឈការនេះ ត្រូវបានបង្កើតឡើងផ្អែកលើមូលដ្ឋាននៃការគាំទ្រយូរអង្វែងរបស់ADB លើកំណែទម្រង់វិមជ្ឈ​ការ​​នៅកម្ពុជា រួមទាំងការបង្កើតគោលនយោបាយ និងក្របខ័ណ្ឌបទប្បញ្ញត្តិ  ក៏ដូចជាការគាំទ្រក្នុងការពង្រឹងនិងគ្រប់គ្រងប្រាក់ចំណូលនៅថ្នាក់ក្រោមជាតិ។
 
ADB បានជួយ​បង្កើតការិយាល័យសេវាច្រកចេញចូលតែមួយ សម្រាប់ការផ្តល់សេវាសាធារណៈ ដើម្បីឆ្លើយតបនឹងតម្រូវការ ក៏ដូចជា​ការិយាល័យភ្នាក់ងារស៊ើបអង្កេតបណ្តឹងតវ៉ា ។ ជាពិសេស​ត្រួតពិនិត្យភាពប្រសើរឡើងនៃវិសាលភាព និងគុណ​ភាព​នៃសេវាកម្ម ដែលបានផ្តល់ឱ្យប្រកបដោយគណនេយ្យភាព និងការលើកកម្ពស់ការគ្រប់គ្រងចំណូលនិងចំណាយ នៅថ្នាក់មូលដ្ឋាន។
 
 សេចក្តីប្រកាសព័ត៌មានដដែលរបស់ADB នាថ្ងៃទី២៦កក្កដា ឆ្នាំ២០២៣ បានបញ្ជាក់យ៉ាងដូច្នេះ៖ «វានឹងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកំណែទម្រង់ ដែលត្រូវបានអនុម័ត ក្រោមកម្មវិធីរងទីមួយ ដែលមានគោលបំណងអភិវឌ្ឍជំនាញរដ្ឋបាលសាធារណៈ និងសមត្ថភាពសម្រាប់ មន្ត្រីរដ្ឋបាលមូលដ្ឋាន តាមរយៈដំណើរការនៃសាលាជាតិរដ្ឋបាលមូលដ្ឋាន»។ 
 
ADB គឺជាដៃគូរបស់កម្ពុជាក្នុងការគាំទ្រកំណែទម្រង់លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង វិមជ្ឈការចាប់តាំងពីឆ្នាំ ២០០២ ដោយសង្កត់ធ្ងន់លើការបន្តគោលនយោបាយដើម្បីធ្វើឱ្យស៊ីជម្រៅ ទាំង វិធានការវិមជ្ឈការផ្នែករដ្ឋបាលនិងសារពើពន្ធសម្រាប់ ការកែលម្អការផ្តល់សេវា ការអភិវឌ្ឍសេដ្ឋកិច្ច មូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រ។ កម្ចី​កម្មវិធី​ថ្មី​នេះ ​គឺ​ស្រប​តាម​យុទ្ធសាស្ត្រ​ភាព​ជា​ដៃគូ​ប្រចាំ​ប្រទេស​របស់ ADB សម្រាប់​​កម្ពុជា​​ឆ្នាំ ២០១៩-២០២៣៕
 

Tag:
 កម្ចី
  ADB
© រក្សាសិទ្ធិដោយ thmeythmey.com