ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន កាន់តំណែងនាយករដ្ឋមន្ត្រីបាន១៤០៩៩ថ្ងៃ
26, Jul 2023 , 3:36 pm        
រូបភាព
សម្តេច ហ៊ុន សែន ពីអតីតកាលពី និងនាពេលបច្ចុប្បន្ន។ រូបថតពី SPM
សម្តេច ហ៊ុន សែន ពីអតីតកាលពី និងនាពេលបច្ចុប្បន្ន។ រូបថតពី SPM
សម្តេច ហ៊ុន សែន តាមរយៈឃ្លីបវីដេអូជិត៥០នាទីនាថ្ងៃពុធនេះ បានថ្លែងទៅកាន់ជនរួមជាតិពីការសម្រេចមិនបន្តតំណែងជានាយករដ្ឋមន្ត្រី ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ហើយនឹងត្រូវជំនួសដោយលោក ហ៊ុន ម៉ាណែត។ សារជាប្រវត្តិសាស្ត្រនេះ រៀបចំឡើងក្រោយពេលដែលសម្តេចចូលថ្វាយបង្គំព្រះករុណា ព្រះមហាក្សត្រក្នុងព្រះបរមរាជវាំង។

 
ចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ គឺនឹងមានរយៈពេល១៤០៩៩ថ្ងៃ ឬ៣៨ឆ្នាំ ៧ខែ ៨ថ្ងៃ នៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេច ហ៊ុន សែន ពោលគឺប្រមុខរដ្ឋាភិបាលដែលកាន់តំណែងយូរជាងគេលើពិភពលោក។
 
នៅក្នុងសារជាវីដេអូនោះ សម្តេច ហ៊ុន សែន បានបញ្ជាក់ពីការសម្រេចចិត្តច្បាស់លាស់របស់ខ្លួន ហើយសម្តេចនឹងត្រូវតែងតាំងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ។ នាការបោះឆ្នោតជ្រើសរើសព្រឹទ្ធសភា នៅឆ្នាំ២០២៤ សម្តេច នឹងឈរឈ្មោះជាប្រធានព្រឹទ្ធសភាជំនួសសម្តេច សាយ ឈុំ ដែលត្រូវសម្រាក។
 
យោងតាមលទ្ធផលបឋមនៃការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា គណបក្សប្រជាជនកម្ពុជាអាចទទួលបាន១២០អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិចបាន៥អាសនៈ។ លទ្ធផលនេះ ជាក់ច្បាស់ថា គណបក្សកាន់អំណាចនឹងបន្តនីតិកាលរបស់ខ្លួន តែក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ចាប់តាំងពីល្ងាចថ្ងៃទី២២ ខែសីហា។
 
ជាមួយគ្នានេះ សម្តេច ហេង សំរិន, សម្តេច ស ខេង, សម្តេច ទៀ បាញ់ និងសម្តេច ម៉ែន សំអន នឹងក្លាយជាសមាជិកឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ។ ខណៈលោក ហ៊ុន ម៉ាណែត ត្រូវរៀបចំរដ្ឋាភិបាលថ្មី សម្តេច ហ៊ុន សែន ក៏បានស្នើដល់រដ្ឋមន្ត្រីចាស់ៗ ដែលបាត់បង់តំណែងឱ្យលះបង់ និងយោគយល់។ សម្តេចថា អ្នកខ្លះអាចបន្តធ្វើជាតំណាងរាស្ត្រ ហើយខ្លះទៀតអាចក្លាយជាទីប្រឹក្សារដ្ឋាភិបាល និងស្ថាប័ននានា។ «ពួកយើងចាស់ៗណាស់ទៅហើយ យើងត្រូវគិតគូពីសុខភាព និងការរៀបចំការបន្តវេន»។ សម្តេចបានលើកឡើងយ៉ាងដូច្នេះ៕

 

© រក្សាសិទ្ធិដោយ thmeythmey.com