ជាតិ
សេដ្ឋកិច្ច
រាល់ការផ្គត់ផ្គង់បារីនៅកម្ពុជា​ ត្រូវអនុវត្តអាករលើតម្លៃបន្ថែម​​១០ភាគរយ
26, Jul 2023 , 8:29 pm        
រូបភាព
គ្រប់សហគ្រាសត្រូវអនុវត្តអាករលើតម្លៃបន្ថែម(VAT) ដូចទំនិញនាំចូលជាប់អាករដទៃដែរ ដោយត្រូវប្រមូល VAT ក្នុងអត្រា១០ភាគរយ រាល់ការផ្គត់ផ្គង់បារីនៅកម្ពុជា។ ​ការប្រមូលនេះ នឹងចាប់អនុវត្តពីថ្ងៃទី១សីហា ឆ្នាំ២០២៣ តទៅ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ។

 
ដើម្បីពង្រឹងការអនុវត្តអាករលើតម្លៃបន្ថែមឱ្យមានតម្លាភាព និងសង្គតិភាព ក្រសួងសេដ្ឋកិច្ច​ប្រាប់ដល់ម្ចាស់សហគ្រាសដែលប្រកបអាជីវកម្មនាំចូលបារី ឬចែកចាយបារីនាំចូលទាំងអស់ ត្រូវអនុវត្តអាករលើតម្លៃបន្ថែម (VAT) ដូចទំនិញនាំចូលជាប់អាករដទៃដែរ។ ក្រសួងបានបញ្ជាក់ថា៖ «សហគ្រាសត្រូវប្រមូលVAT ក្នុងអត្រា១០ភាគរយ រាល់ការផ្គត់ផ្គង់បារីនៅកម្ពុជា»។ 
 
ចំពោះ VAT ដែលសហគ្រាសបានបង់ពេលនាំចូល​ ឬទិញក្នុងស្រុក ត្រូវបានរដ្ឋអនុញ្ញាត ធ្វើជាឥណទានអាករលើធាតុចូល សម្រាប់កាត់កងជាមួយអាករលើធាតុចេញ ខណៈបារីនាំចូលសម្រាប់នាំចេញ​ សហគ្រាសត្រូវបន្តបង់ VAT តែម្តងគត់​ ដែលបានអនុវត្តកន្លងមក។​ 
 
ជុំវិញនៃការប្រមូល VAT ក្នុងអត្រា១០ភាគរយរាល់ការផ្គត់ផ្គង់បារីនៅកម្ពុជានេះ  លោក វេជ្ជបណ្ឌិត មុំ គង់ ដែលជានាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា មើលឃើញថា នេះជាការផ្តួចផ្តើម​ដ៏ល្អមួយ​ ដោយលោករំពឹងរដ្ឋាភិបាលនឹងដំឡើងពន្ធអាករពិសេសលើបារីនាពេលឆាប់ៗ ក្នុងការកៀរគរចំណូលចូលជាតិ។ បើតាមលោក មុំ គង់ ការដំឡើងពន្ធលើផលិតផលថ្នាំជក់ គឺជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះទាំងអស់គ្នា ដោយរដ្ឋទទួលបានចំណូលជាតិបន្ថែម ព្រមទាំងកាត់បន្ថយចំណាយសេវាសុខភាពសាធារណៈ។ លើសពីនេះ អតា្រពលរដ្ឋមានជំងឺ និងស្លាប់ ដោយសារផលិតផលថ្នាំជក់ក៏ត្រូវធ្លាក់ចុះ ផងដែរ។ 
 
«យើងខ្ញុំជាអង្គការមិនមែនរដ្ឋាភិបាល សូមគាំទ្រចំពោះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅ ក្នុងដំណើរការកំណែទម្រង់ពន្ធថ្នាំជក់ និងយល់ឃើញថា ការយកពន្ធបន្ថែម ចាប់ផ្តើមពី ៥០០រៀលក្នុងបារីមួយកញ្ចប់ ឬច្រើនជាងនេះ ស័ក្តិសមបំផុតសម្រាប់បច្ចុប្បន្ន»។  លោកវេជ្ជបណ្ឌិត មុំ គង់ ថ្លែងបែបនេះមកកាន់សារព័ត៌មានថ្មីៗ(ThmeyThmey) ដោយបានពន្យល់យ៉ាងលម្អិតថា តាមការវិភាគស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក ការយកពន្ធបន្ថែម៥០០រៀលក្នុងបារីមួយកញ្ចប់ នឹងធ្វើឱ្យ​តម្លៃបារីកើនឡើង១៥ភាគរយ កាត់បន្ថយអ្នកជក់បារីបាន៣ម៉ឺននាក់នៅឆ្នាំបន្ទាប់ និងបង្ការប្រជាពលរដ្ឋបាន១ម៉ឺននាក់ ពីការស្លាប់មុនអាយុកំណត់ដែលបណ្តាលមកពីការជក់បារី ក្នុង​​រយៈពេល​១០ទៅ១៥ឆ្នាំបន្ទាប់។ 
 
លោកបានបញ្ជាក់យ៉ាងដូច្នេះ៖ «មិនតែប៉ុណ្ណោះ ការដំឡើងពន្ធបារី៥០០រៀលក្នុងមួយកញ្ចប់នេះ នឹងធ្វើឱ្យប្រាក់ចំណូលពន្ធរដ្ឋកើនឡើង ២១៣ពាន់លានរៀល(ប្រមាណ៥៣លានដុល្លារ) ក្នុងមួយឆ្នាំ។
 
ការដំឡើងពន្ធថ្នាំជក់​ គឺជាវិធានការទោលដែលមានប្រសិទ្ធភាពជាងគេ ក្នុងការកាត់បន្ថយហានិភ័យដែលបណ្តាលមកពីថ្នាំជក់។ នេះជាការកំណត់ច្បាស់ របស់អង្គការសុខភាព ពិភពលោក ដោយបនបង្ហាញថា​ពលរដ្ឋកម្ពុជាប្រមាណ១,៥ម៉ឺននាក់ បានស្លាប់ជារៀង រាល់ឆ្នាំ បណ្តាលមកពីកើតជំងឺដែលបង្កដោយការប្រើប្រាស់ថ្នាំជក់។​​ ជំងឺទាំងនោះរួមមាន៖ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល, ជំងឺស្ទះសរសៃឈាមបេះដូង, ជំងឺឆ្លងផ្លូវដង្ហើមផ្នែក ខាងក្រោម ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ និងជំងឺមហារីកសួត ទងសួត និងបំពង់ខ្យល់ ជាដើម។
 
អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា៖ «៣៣ភាគរយ នៃអ្នកស្លាប់ទាំងអស់នោះ កើត ឡើង ចំពោះពលរដ្ឋដែលមានប្រាក់ចំណូលទាបបំផុត។ លើសពីនេះទៀត​ ការប្រើប្រាស់ ថ្នាំជក់បណ្តាលឱ្យខាតបង់៦៤៩លានដុល្លារ ស្មើនឹង៣ភាគរយ នៃផលិតផលក្នុងស្រុក សរុប (GDP) របស់កម្ពុជា»៕
 

Tag:
 ពន្ធដារ
  បារី
© រក្សាសិទ្ធិដោយ thmeythmey.com