អន្តរជាតិ
សហរដ្ឋ​អាមេរិក​ចូល​ជា​សមាជិក​អង្គការ​យូណេស្កូ​ឡើង​វិញ
27, Jul 2023 , 7:29 pm        
រូបភាព
លោកស្រី Jill Biden ភរិយា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​សុន្ទរកថា​នៅ​ពិធី​មួយ​នៅ​ទីស្នាក់ការ​អង្គការ​យូណេស្កូ ក្នុង​ទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០២៣។
លោកស្រី Jill Biden ភរិយា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​សុន្ទរកថា​នៅ​ពិធី​មួយ​នៅ​ទីស្នាក់ការ​អង្គការ​យូណេស្កូ ក្នុង​ទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០២៣។
ដោយ: VOA
លោកស្រី Jill Biden ភរិយា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ប្រារព្ធ​ការ​ចូល​ជា​សមាជិក​ឡើង​វិញ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​អង្គការ​យូណេស្កូ (UNESCO) បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​បាន​ដក​ខ្លួន​ចេញ​ពី​សមាជិក​ភាព​របស់​អង្គការ​នេះ​អស់​រយៈពេល ៥ ឆ្នាំ​មក នៅ​ចំ​ពេល​មាន​ក្ដី​បារម្ភ​ថា​ អវត្តមាន​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​អង្គការ​នេះ​អាច​ធ្វើ​ឱ្យ​ប្រទេស​ចិន​ដឹក​មុខ​ក្នុង​ផ្នែក​សំខាន់ៗ​ដូចជា​បច្ចេកវិទ្យា AI និង​ការ​អប់រំ​ផ្នែក​បច្ចេកវិទ្យា​ជាដើម។



លោកស្រី Biden បាន​និយាយ​នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​ថា៖ «ខ្ញុំ​មាន​កិត្តិយស​ដែល​បាន​ចូលរួម​ជាមួយ​អ្នក​នៅ​ថ្ងៃ​នេះ នៅ​ពេល​ដែល​យើង​បង្ហូត​ទង់ជាតិ​សហរដ្ឋ​អាមេរិក ដែល​ជា​និមិត្តរូប​នៃ​ការ​តាំងចិត្ត​របស់​យើង​ចំពោះ​កិច្ច​សហការ​និង​សន្តិភាព​សាកលលោក»។ លោកស្រី Biden ថ្លែង​ដូច្នេះ នៅ​ពេល​ដែល​ទង់ជាតិ​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​បង្ហូត​ឡើងអម​ជាមួយ​នឹង​ទង់ជាតិ​នៃ​ប្រទេស​ចំនួន ១៩៣ ផ្សេង​ទៀត​នៅ​ក្រោម​ស្រមោល​នៃ​ប៉ម​តួអេហ្វែល (Eiffel Tower)។
 
ឫសគល់​នៃ​ការ​ដក​ខ្លួន​ចេញ​របស់​សហរដ្ឋ​អាមេរិក​ពី​អង្គការ​យូណេស្កូ​នេះ​គឺ​មាន​តាំងពី​ឆ្នាំ ២០១១ មក​ម៉្លេះ នៅ​ពេល​ដែល​អង្គការ​យូណេស្កូ​ផ្ដល់​សមាជិកភាព​ពេញលេញ​ដល់​ដែនដី​ប៉ាឡេស្ទីន​ដូច​ប្រទេស​ដទៃ​ទៀត។ អង្គការ​សហប្រជាជាតិ​មិន​ចាត់​ទុក​ប៉ាឡេស្ទីន​ថា ​ជា​ប្រទេស​នោះ​ទេ។ ការ​ផ្ដល់​សមាជិកភាព​ពេញលេញ​ដល់​ប៉ាឡេស្ទីន​នេះ​បាន​នាំ​ឱ្យ​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី​អាមេរិក​លោក Barrack Obama បង្កក​ការ​រួម​ចំណែក​ថវិកា​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​អង្គការ​យូណេស្កូ ដែល​ការ​រួម​ចំណែក​នេះ​គឺ​មាន​ចំនួន​ប្រហែល​មួយ​ភាគ​ប្រាំ​នៃ​ថវិកា​របស់​អង្គការ​យូណេស្កូ​ទាំង​អស់។
 
កាលពី​ឆ្នាំ២០១៧ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​លើក​ឡើង​អំពី «បំណុល​ដែល​នៅ​សល់​កើនឡើង​នៅ​ឯ​អង្គការ​យូណេស្កូ តម្រូវការ​នៅ​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​មូលដ្ឋាន​នៅ​ក្នុង​អង្គការ​យូណេស្កូ និង​ការ​រើសអើង​ប្រឆាំង​នឹង​អ៊ីស្រាអែល​ជា​បន្ត​នៅ​ក្នុង​អង្គការ​យូណេស្កូ» ថា ជា​មូលហេតុ​នៅ​ក្នុង​ការ​ចាកចេញ​ទាំងស្រុង​របស់​សហរដ្ឋ​អាមេរិក​ពី​អង្គការ​នេះ​នៅ​ឆ្នាំ​បន្ទាប់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com