កីឡាអន្តរជាតិ
អន្តរជាតិ
World Cup នារី៖ វៀតណាម ហាលអាវត្រឹមវគ្គចែកពូល ក្រោយចាញ់ព័រទុហ្កាល់ ២-០
27, Jul 2023 , 5:11 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិនារីវៀតណាម អស់ឱកាសឡើងទៅវគ្គខ្វែង ព្រឹត្តិការណ៍ Women's World Cup ឆ្នាំ២០២៣ ក្រោយបន្តចាញ់ព័រទុយហ្កាល់ក្នុងជំនួបលើកទី២ពូល A ក្នុងលទ្ធផល ២-០។ វៀតណាម សល់ប្រកួតបង្គ្រប់កិច្ចចុងក្រោយទល់ហូឡង់។



ជំនួបលើកទី២ទល់ព័រទុយហ្កាល់នៅកីឡដ្ឋាន Waikato ប្រទេសនូវែលសេឡង់ នៅល្ងាចថ្ងៃទី២៧ ខែកក្កដា ក្រុមវៀតណាមនៅតែមិនអាចរកគ្រាប់បាល់បាន និងថែមទាំងរបូតគ្រាប់បាល់២គ្រាប់បន្ថែមទៀត។ ២គ្រាប់របស់ព័រទុយហ្កាល់ ធ្វើបានដោយកីឡាការិនី Francisca Nazareth និង Telma Raquel Velosa Encarnacao។ ឆ្លងកាត់ពីរប្រកួត ម្ចាស់ជើងឯកស៊ីហ្គេមលើកទី៣២ នៅកម្ពុជា របូតគ្រាប់បាល់នៅ World Cup ៥គ្រាប់ ដោយជំនួបដំបូងចាញ់អាម៉េរិក ៣-០។
 
ក្រោយឈ្នះវៀតណាម ក្រុមនារីព័រទុយហ្កាល់មានឱកាសប្រជែងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ជាមួយម្ចាស់ការពារតំណែងជើងឯកអាម៉េរិក និងហូឡង់។ ឆ្លងកាត់ការប្រកួត២លើកដូចគ្នា អាម៉េរិកឈរលេខ១ក្នុងពូល A មាន៤ពិន្ទុ ស្មើក្រុមលេខ២ហូឡង់ ឯព័រទុយហ្កាល់នៅលេខ៣ មាន៣ពិន្ទុ។ ជំនួបចុងក្រោយ អាម៉េរិកប៉ះព័រទុយហ្កាល់ ឯ វៀតណាម ជួបហូឡង់៕
 

Tag:
 Women\'s World Cup
© រក្សាសិទ្ធិដោយ thmeythmey.com