ជាតិ
ព្រះអង្គម្ចាស់ នរោត្តម ប្រីយសោភ័ណ្ឌ ឡើងព្រះឋានៈជា «ស្តេចក្រុមឃុន»
27, Jul 2023 , 7:00 pm        
រូបភាព
ស្តេចក្រុមឃុន នរោត្តម ប្រីយសោភ័ណ្ឌ។ រូបថតពី Laurent Weyl/Panos Pictures
ស្តេចក្រុមឃុន នរោត្តម ប្រីយសោភ័ណ្ឌ។ រូបថតពី Laurent Weyl/Panos Pictures
ព្រះអង្គម្ចាស់ នរោត្តម ប្រីយសោភ័ណ្ឌ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកព្រឹទ្ធិសភា ត្រូវបានព្រះករុណា ព្រះមហាក្សត្រ ប្រោសព្រះរាជទានតម្លើងព្រះឋានៈជា «ស្តេចក្រុមឃុន នរោត្តម ប្រីយសោភ័ណ្ឌ» តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី២៦ ខែកក្កដា។
 
ប្រសូត្រនៅឆ្នាំ១៩៥៤ ស្តេចក្រុមឃុន នរោត្តម ប្រីយសោភ័ណ្ឌ ជាព្រះអនុជមាតាទីទៃរបស់អតីតព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ។ ព្រះអង្គជាព្រះបុត្រាពៅនៃព្រះករុណា នរោត្តម សុរាម្រឹត និងអ្នកម្នាង ទេពកញ្ញាសោភា យ៉េប គឹមអាន ពោលគឺជាព្រះអនុជរបស់សម្តេច នរោត្តម វជ្ជរ៉ា និងសម្តេចព្រះនរោត្តម សិរីវុឌ្ឍ។ 
 
ព្រះអង្គត្រូវព្រះករុណាព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាសមាជិកព្រឹទ្ធសភាបន្តពីសម្តេច នរោត្តម អរុណរស្មី ដែលសុំលាឈប់ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩។
 
មុនពេលដែលព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្លាយជាព្រះមហាក្សត្រ ព្រះអង្គមានគោរម្យងារជា "ស្ដេចក្រុមឃុន" ផងដែរ ដែលព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ទ្រង់ព្រះរាជទាន នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៩៤ បន្ទាប់មកត្រូវបានតំឡើងជា "សម្ដេចព្រះបរមនាថ" នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៤៕

 

© រក្សាសិទ្ធិដោយ thmeythmey.com