ជាតិ
ភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជនអាចជួយសេវាសុខាភិបាលក្នុងមន្ទីរពេទ្យសាធារណៈនៅកម្ពុជាឲ្យមានភាពល្អប្រសើរ
31, Jul 2023 , 3:14 pm        
រូបភាព
ដោយ ហេង ម៉ូលីកា អ្នកស្រាវជ្រាវនៃអង្គការវេទិកាអនាគត 
 
នៅឆ្នាំ ២០២០  អង្គភាពផ្ទុកទិន្នន័យរបស់សហរដ្ឋអាមេរិក (Central Intelligence Agency World Factbook) បង្ហាញថា អាយុសង្ឃឹមរស់(life Expectancy)ជាមធ្យម​របស់​ប្រជាជនកម្ពុជា នៅមានកម្រិត​ទាប​បើធៀបនឹងប្រទេសភាគច្រើនក្នុងតំបន់អាស៊ាន។ ពោលគឺពលរដ្ឋកម្ពុជា​អាចមានជីវិត​រស់​នៅជាមធ្យម​តិច​ជាង​ប្រជា​ពលរដ្ឋថៃ ១០ឆ្នាំ និង​តិច​ជាង​ពលរដ្ឋ​វៀតណាម ៨ឆ្នាំ។

 
មូលហេតុសំខាន់​មួយ​​មួយក្នុងចំណោមកត្តា​សំខាន់ៗ​មួយ​ចំនួន​ នោះគឺ​ពល​រដ្ឋនៃ​ប្រទេស​ទាំង​នេះ​ទទួលបានប្រព័ន្ធថែទាំសុខភាពដែលមានគុណភាពល្អ។ តាម​ការកត់សម្គាល់របស់ ​Knightsbridge ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសង្ហារឹមវេជ្ជសាស្រ្ត បង្ហាញ​ថា ការណ៍ដែលមានឧបករណ៍សុខាភិបាលត្រឹមត្រូវ និងគ្រប់គ្រាន់​ក្នុង​មន្ទីរ​ពេទ្យ​បាន​រួម​ចំណែកដល់ការធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាព បង្កើនគុណភាពនៃការថែទាំ សុខភាព​និង​កាត់​បន្ថយ​អត្រាគ្រោះថ្នាក់រហូតដល់ទៅ ៣២%។

មន្ទីរ​ពេទ្យកម្ពុជា​កំពុង​ជួប​ប្រទះឧបករណ៍​ចាំបាច់
 
កាល​ពីឆ្នាំ២០២១ ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បានរកឃើញថា មន្ទីរពេទ្យ​រដ្ឋនៅ​កម្ពុជា​បច្ចុប្បន្ន​ប្រឈម​មុខនឹង​កង្វះឧបករណ៍បរិក្ខារ ហើយ​បរិក្ខារ​ពេទ្យ​ដែល​មាន​ភាគច្រើន​ហួស​សម័យ​​សម្រាប់​ការ​ធ្វើ​រោគ​វិនិច្ឆ័យ។ ជាក់ស្ដែងមន្ទីរពេទ្យចំនួន ៨១ ក្នុងចំណោម​មន្ទីរពេទ្យ​បង្អែក​​នៃ​ខេត្តចំនួន ២៤ និងក្នុង​ស្រុក​ចំនួន ៩២ ត្រូវការបន្ទាន់នូវបរិក្ខារពេទ្យ។ ហើយបន្ទប់ពិសោធន៍​​នៃ​មន្ទីរពេទ្យចំនួន៦២ ត្រូវការ​​ជួសជុល ។ EuroCham Cambodia ​ក៏បាន​លើកឡើង​ក្នុង​របាយការណ៍មួយ​កាល​ពី​ឆ្នាំ២០២១​ដែរថាកង្វះ​​ខាតនៃធនធាន (ឧបករណ៍បរិក្ខារ និង
ឱសថ) ក្នុងមន្ទីរពេទ្យ​គឺជាកត្តារារាំង​ដល់​ការ​ផ្តល់​សេវាសុខាភិបាល​ពេញលេញ។
 
ការផ្គត់ផ្គង់ឧបករណ៍ និងបរិក្ខារវេជ្ជសាស្ត្រមិនគ្រប់គ្រាន់ ត្រូវ​បាន​ចាត់ទុកថាជាបញ្ហាប្រឈម ហើយ​វាមិនត្រឹមតែជាបញ្ហាសម្រាប់​មន្ទីរពេទ្យនៅ​តាម​បណ្តាល​ខេត្តប៉ុណ្ណោះទេ ប៉ុន្ដែមន្ទីរ​​ពេទ្យ​ជាតិទាំង៩ក្នុងរាជធានីភ្នំពេញ ក៏ជួបប្រទះ​បញ្ហា​ដូចគ្នា​នេះ​ដែរ។ ជាលទ្ធផល ដោយ​សារកង្វះខាតនេះ មន្ទីរពេទ្យមិនអាចផ្តល់សេវាពិនិត្យ​​​សុខភាព និង​ព្យាបាល​តាម​តម្រូវ​ការរបស់អ្នកជំងឺ​បានទេ។
 
ចន្ថា ជាអ្នកជំងឺម្នាក់បានលើកពី​បទពិសោធន៍ផ្ទាល់​ខ្លួនថា “កន្លះឆ្នាំមុន ខ្ញុំដឹងថាមានដុំពក​នៅ​ក្នុង​សុដន់។ ខ្ញុំ​បាន​ទៅ​មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀតដើម្បីឆ្លុះអេកូសុដន់។ គ្រូពេទ្យបាន​ប្រាប់​ខ្ញុំថា ខ្ញុំប្រហែល​ជាមាន​ជំងឺ​មហារីក​សុដន់ ហើយខ្ញុំត្រូវធ្វើម៉ាំម៉ូក្រាមដើម្បីបញ្ជាក់។​ប៉ុន្តែនៅ​មន្ទីរ​​ពេទ្យ​នេះ មិន​មាន​ម៉ាស៊ីន​សម្រាប់ធ្វើម៉ាំម៉ូក្រាមទេ” ។ ស្ត្រីវ័យ ៣០ឆ្នាំរូបនេះ បន្តថា “ដូច្នេះ​ខ្ញុំ​បាន​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត ហើយ​ក្រោយ​មកពេទ្យ​នៅ​ទីនោះ​​ប្រាប់ខ្ញុំ​ថា មានម៉ាស៊ីនម៉ាំម៉ូក្រាម​តែ​មួយ​គត់​ក្នុង​មន្ទីរពេទ្យ​ ហើយម៉ាស៊ីននេះកំពុង​ជួស​ជុល​”​។
 
ដោយសារប្រព័ន្ធ​ថែទាំង​សុខ​ភាព​របស់​កម្ពុជា​នៅ​មាន​កម្រិត ដូច្នេះ​ពលរដ្ឋ​កម្ពុជា​ដែល​មាន​ជីវភាព​ធូធារ​បាន​ស្វែង​រក​សេវាព្យាបាល​និង​ថែទាំ​សុខភាព​នៅ​បណ្តា​ប្រទេស​ជិតខាង មាន​ដូចជា​ប្រទេស​វៀតណាម ថៃ ឬក៏​អាច​មាន​រហូត​ដល់​ប្រទេស​សិង្ហបុរី​ផងដែរ។
 
កង្វះ​បរិក្ខារពេទ្យ​គ្រប់​គ្រាន់​និង​ទាន់​សម័យ​អាច​ជាមូលហេតុ​បង្ក​នូវ​កង្វល់ និង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​​ស្ទាក់​ស្ទើរ​ក្នុង​ការសម្រេច​ចិត្តទទួល​សេវាព្យាបាល​ក្នុង​ស្រុក។
ពលករដ្ឋ​ខ្លះ អះអាងថា ដោយគ្មានបច្ចេកវិជ្ជា និង​ឧបករណ៍​បរិក្ខារ​ទំនើបៗ ជារឿយៗ​អ្នក​ជំងឺទទួលបានការធ្វើរោគវិនិច្ឆ័យមិនត្រឹមត្រូវ ដែលក្រោយ​មកនាំ​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ដោយសារតែការព្យាបាលខុសជំងឺ។
 

ផ្អែក​លើ​ការ​សិក្សា​ឆ្នាំ ២០១១​ លើ​ការ​ប្រៀបធៀប​ការ​ទុក​ចិត្ត​លើ​ការ​ថែទាំ​សុខភាព​សាធារណៈ និង​ឯកជន​នៅ​កម្ពុជា ប្រជាជន​ខ្លះជ្រើសរើស​ទៅ​មន្ទីរពេទ្យ​ឯកជន​ក្នុងការទទួលយក​សេវា​ថែទាំ​សុខភាព​ទូទៅ ដោយ​​​ជឿ​ថាមន្ទីរពេទ្យ​​ឯកជន​ផ្តល់​ការ​ថែទាំ និង​មានឧបករណ៍​ល្អ និងទំនើប​ជាង​។ តែ​ទោះ​ជា​យ៉ាងណាក៏ដោយ សេវា និងការព្យាបាលរបស់មន្ទីរ​ពេទ្យឯកជនគ្រាន់តែ​ជាជម្រើស​សម្រាប់​អ្នក​ដែលមានលទ្ធភាពចំណាយប៉ុណ្ណោះ។
 
យ៉ាងណាក៏ដោយ​ក្រៅ​ពី​ចំណោទ​នៃ​កង្វះបរិក្ខារពេទ្យ ប្រសិទ្ធភាពនៃវិស័យសុខាភិបាល​កម្ពុជា​ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​សមត្ថភាពវេជ្ជបណ្ឌិត និងបទពិសោធន៍ ចំណេះជំនាញត្រឹម​ត្រូវ​ដែលពួកគេទទួលបាន​ផង​ដែរ។​ យោងតាមធនាគារពិភពលោក (The World Bank) ការវាយតម្លៃទូទាំងប្រទេសរបស់ក្រសួង​សុខា​ភិបាល​កម្ពុជាអំពីសមត្ថភាពរបស់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងអ្នកបច្ចេកទេស​មន្ទីរ​ពិសោធន៍នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបានរកឃើញចន្លោះខ្វះខាត និងគំលាតដ៏ធំ​នៃ​គុណភាពតាមប្រភេទសេវាកម្មសុខាភិបាលផ្សេងៗគ្នា។ នេះមានន័យថា វេជ្ជបណ្ឌិត​អាច​ត្រឹម​តែ​ផ្តល់សេវាសុខាភិបាលមានប្រសិទ្ធភាពចំពោះការថែទាំសុខភាព និងការព្យាបាល​ជំងឺ​ទូទៅ​តែប៉ុណ្ណោះ។ ហើយបើផ្អែកលើសមត្ថភាពគ្រូពេទ្យ​បច្ចុប្បន្ន ពុំមានគ្រូពេទ្យច្រើនទេ​ដែល​អាច​ផ្តល់សេវាសុខាភិបាលមានប្រសិទ្ធចំពោះជំងឺធ្ងន់ធ្ងរ និង​ជំងឺកម្រដែល​គេពុំសូវជួបប្រទះ។ 

ក្រៅពីបញ្ហាសមត្ថភាព និងវិជ្ជាជីវៈគ្រប់គ្រាន់ ឥរិយាបថ​ និង​សីលធម៌របស់ក្រុម​គ្រូពេទ្យ និង​បុគ្គលិកសុខាភិបាលមួយចំនួនក៏ជាចំណុចសំខាន់ដែលជារឿយៗត្រូវបានលើកយកមកពិភាក្សាផងដែរ និង​ធ្វើ​ឲ្យ​មាន​ការ​ប្រៀបធៀប ឥរិយាបថ សីលធម៌ និងអាកប្បកិរិយារបស់គ្រូពេទ្យ​ក្រៅ​ប្រទេស។ 
 
ផលវិបាក
 
ភាពអវិជ្ជមាន រួមផ្សំនឹង​កង្វះឧបករណ៍បរិក្ខារពេទ្យ​នៅក្នុងមន្ទីរពេទ្យរដ្ឋនាំឲមានផលវិបាក​អវិជ្ជមាន​ធំៗពីរ។ 
 
ទី១៖ ក្នុងករណី​សភាព​អ្នក​ជំងឺធ្ងន់ធ្ងរ មន្ទីរ​ពេទ្យ​សាធារណៈ ឬមន្ទីរ​ពេទ្យ​រដ្ឋអាច​មិន​មែន​ជា​ជម្រើស​នោះទេ ដោយហេតុថា​មន្ទីរពេទ្យ​សាធារណៈពុំសូវមាន​ឧបករណ៏ និងបរិក្ខារ​គ្រាប់​គ្រាន់ ​ដូច្នេះអ្នកជំងឺប្រហែលជា​ត្រូវ​ចំណាយ​ប្រាក់​យ៉ាង​ច្រើនទៅលើសេវា និងការព្យាបាល​នៅ​មន្ទីរ​ពេទ្យឯកជន ឬមន្ទីរពេទ្យក្រៅស្រុក។
ការស្រាវជ្រាវមួយ​កាល​ពីឆ្នាំ២០១៩ បង្ហាញថា មួយភាគបីនៃ ៥០០០ គ្រួសារ​ដែលបាន​ចូល​រួម​ការស្ទង់មតិ ទាំងនៅ​តាមជនបទ និងនៅទីក្រុង​មាន​បំណុល​ដែលកើត​ឡើង​ដោយ​សារ​ការ​ថែទាំ ឬបញ្ហាសុខភាព ។
 
ផលវិបាកទី២ គឺលំហូរទឹកប្រាក់ទៅក្រៅប្រទេស។ ផ្អែកតាមទិន្នន័យពីអង្គការសុខភាព​ពិភពលោក យ៉ាង​ហោច​ណាស់មានប្រជាជនកម្ពុជាចំនួន ១៥០,០០០នាក់ ទៅព្យាបាល​ជំងឺ​នៅ​ក្រៅប្រទេស។ ហើយពួកគេចំណាយទឹកប្រាក់សរុបប្រមាណ ៦០០លានដុល្លារក្នុង​មួយ​ឆ្នាំៗ។ ចំនួននេះ​ជា​ថ្លៃ​ចំណាយ​​លើ​ការ​ព្យាបាល​ដោយ​មិន​ទាន់​គិត​​ថ្លៃ​ធ្វើដំណើរ ​ស្នាក់​នៅ​ និង​ការហូប​ចុក​ននោះទេ។
 
ភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងឯកជន (Public-Private Partnerships) ជាដំណោះស្រាយ ក្នុងការផ្តល់សេវាថែទាំសុខភាព និងព្យាបាលជំងឺឲកាន់តែប្រសើរ

ដើម្បី​ដោះ​ស្រាយបញ្ហាខាង​លើនេះ រដ្ឋាភិបាល និងក្រសួងសុខាភិបាល​គួរលើក​ទឹក​ចិត្ត​ឲ្យ​មាន​ការចូលរួមពីវិស័យឯកជន​ទាំងក្នុងស្រុក និងបរទេស ធ្វើ​ការវិនិយោជាមួយមន្ទីរពេទ្យរដ្ឋ។ ជាឧទាហរណ៍ វិនិយោគិនមួយចំនួន​ប្រហែលជាចាប់អារម្មណ៍ក្នុង​ការវិនិយោគ​លើឧបករណ៍​វេជ្ជសាស្ត្រសម្រាប់ធ្វើរោគវិនិច្ឆ័យ ដូចជា ម៉ាស៊ីនកាំរស្មីអ៊ិច, ឬ ម៉ាស៊ីនស្កេនតាមប្រព័ន្ធកុំព្យូទ័រ Computed Tomography (CT) នៅតាមក្នុងមន្ទីរពេទ្យរដ្ឋ។ ជាការពិតណាស់ អ្នកជំងឺ​ដែល​ត្រូវ​ការការស្កេននិងត្រូវចំណាយលើសេវាកម្មនេះ។ ដូច្នេះ​ក្រសួង​​ត្រូវ​ធ្វើ​ការពិភាក្សា​ជាមួយ​អ្នក​វិនិយោគ​ឯកជន​ក្នុង​ការ​កំណត់​តម្លៃ និង​ធ្វើ​ឲ្យ​តម្លៃទាប​ជាង​​មន្ទីរពេទ្យ​ឯកជន និងមន្ទីរពេទ្យ​នៅ​បរទេស។ ជាមួយ​គ្នា​នេះ​ដែររដ្ឋាភិបាល​​អាចលើកលែងពន្ធ ឬកាត់បន្ថយអត្រា​ពន្ធ និង​ផ្តល់​ផលប្រយោជន៍ក្នុងដំណើរការផ្លូវច្បាប់ និងតម្រូវការឯកសារសម្រាប់ការវិនិយោគ។
 
យោងតាមធនាគារពិភពលោក បច្ចុប្បន្ននេះកម្ពុជាកំពុង​ធ្វើការ​ពង្រឹង​គុណភាព​អ្នកជំនាញ​ថែ​ទាំ​សុខភាព ដោយផ្លាស់ប្តូរការអប់រំបែបប្រព័ន្ធផ្អែកលើចំណេះដឹង ទៅជាប្រព័ន្ធ​ផ្អែកលើចំណេះធ្វើ និងការអនុវត្ត ហើយនេះក៏ជាផែនការ​យុទ្ធសាស្រ្ត​ជាតិ​សម្រាប់​​​​ការអប់រំ​ក្នុងវិស័យ​សុខា​ភិបាលនៅកម្ពុជាឆ្នាំ ២០២០-២០២៥​ ផងដែរ។ ដូច្នេះ ការជំរុញភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងឯកជនក្នុងវិស័យសុខាភិបាល​នៅ​កម្ពុជា គួរតែ​ធ្វើ​ឡើង​​​នៅពេលនេះ ដើម្បីស្របតាមផែនការយុទ្ធសាស្រ្តជាតិ ដោយធ្វើឲ្យ​គុណភាព​សេវា​ថែ​ទាំ​​សុខភាពរបស់កម្ពុជា ឈានដល់ស្តង់ដារកំណត់ និងទទួល​ស្គាល់់​ដោយ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) និងស្ថាប័នអន្តរជាតិដទៃទៀត។
 
ក្នុងឆ្នាំ ២០១៣ ក្រសួង​សុខាភិបាល​ថៃ​បាន​បង្ហាញពីចំណាប់អារម្មណ៍ខ្លាំង​ចំពោះការសហការ​វាងស្ថាប័នរដ្ឋ និងឯកជនក្នុងវិស័យ​សុខា​​ភិបាល​ ដោយបានស្នើសុំការគាំទ្រពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី។ ហើយ​ចាប់​តាំង​ពី​ពេលនោះ​មក ការវិនិយោគរបស់វិស័យឯកជន​បានដើរ​តួ​នាទី​យ៉ាង​សំខាន់ក្នុងការ​ផ្តល់សេវា​វេជ្ជសាស្រ្ត​កម្រិត​ខ្ពស់ និងទំនើបដល់អ្នកជំងឺ។ យោងតាមទិន្នន័យក្នុងឆ្នាំ ២០១៩ ក្នុងចំណោម​គ្រឹះស្ថាន​សុខា​ភិបាល​ចំនួន ៤០៨ នៅទីក្រុង​បាងកក​ដែលបានចុះបញ្ជី ប្រមាណ ៦៧% នៃគ្រឿង​បរិក្ខារ​ក្នុង​គ្រឹះ​ស្ថានទាំង​នោះបានមកពី​ការ​វិនិយោគរបស់ឯកជន។ ដើម្បីលើក​ទឹកចិត្តដល់​ការសហការ​នេះ ការិយាល័យ​សន្តិសុខ​ជាតិ​របស់ប្រទេស​ថៃបានផ្តល់នូវអត្រាការប្រាក់ និងលក្ខខណ្ឌ​ដូចគ្នា​រវាងអ្នកម៉ៅការរដ្ឋ និងឯកជន (បុគ្គលឯកជនដែលផ្តល់សេវាសុខភាព​ជាក់លាក់​ណាមួយក្នុងមន្ទីរពេទ្យរដ្ឋ ឬបុគ្គលឯកជនដែលមានអចលនទ្រព្យជួលឲមន្ទីរពេទ្យរដ្ឋ)។
 
គំនិតផ្តួចផ្តើមដ៏ល្អមួយទៀតកាលពីឆ្នាំមុនគឺ ក្រសួងផែនការ​ឥណ្ឌូនេស៊ី​បានចាត់ថ្នាក់​ការ​អនុម័ត និងការអនុវត្តគោលនយោបាយនៃការសហការរវាងស្ថាប័នរដ្ឋ និង​ឯកជនជា​អាទិភាពមួយក្នុងកំណែទម្រង់វិស័យសុខាភិបាល។ កាលខែឧសភា ឆ្នាំ២០២៣ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Financial Corperation) និងក្រសួងសុខាភិបាលឥណ្ឌូនេស៊ីបាន​ចុះហត្ថលេខាលើ​អនុស្សរណៈ​នៃការ​យោគយល់គ្នាដើម្បីពង្រឹងគម្រោងវិស័យសុខាភិបាលឯកជន ក្នុងគោលបំណងបង្កើន​ការ​ប្រកួត​ប្រជែងក្នុងការផលិតឱសថ និងឧបករណ៍វេជ្ជសាស្ត្រក្នុងស្រុកសម្រាប់បង្កើនភាពធន់ និងឯករាជ្យភាពរបស់ប្រព័ន្ធសុខាភិបាលប្រទេសឥណ្ឌូនេស៊ី។
 
 

ដូចគ្នានេះដែរ ការវិនិយោគពីវិស័យឯកជន​ក្នុង​វិស័យសុខភាព​សាធារណៈ​មិនត្រឹមតែ​មាន​សារៈ​សំខាន់សម្រាប់តែប្រទេសនៅតំបន់អាស៊ី ដូចជា ថៃ និងកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំង​នៅក្នុងប្រព័ន្ធថែទាំសុខភាពរបស់អឺរ៉ុបផងដែរ។ របាយការណ៍សង្ខេបអំពីសុខភាពសាធារណៈឆ្នាំ ២០១៤ របស់អង្គការសុខភាពពិភពលោក WHO ក៏បានផ្តល់​តម្លៃ​​លើវិនិយោគឯកជនក្នុងវិស័យថែទាំ​សុខភាព​នេះដែរ។
 
ដូច​គ្នា​នេះដែរ ជាមួយនឹងការវិនិយោគពីវិស័យឯកជន មន្ទីរពេទ្យ​រដ្ឋនៅ​កម្ពុជា​អាច​មាន​ការ​ប្រើប្រាស់ និងនិរន្តរភាពនូវឧបករណ៍បរិក្ខារពេទ្យទំនើបៗ ដែល​ធានា​ដល់​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​​ជាក់លាក់ និង​មាន​ប្រសិទ្ធិភាព។ ប៉ុន្តែបើទោះជាមាន​​ការ​បង្កើតភាព​ជាដៃគូរវាង​មន្ទីរពេទ្យ​សាធារណៈ​ជា​មួយវិស័យឯកជន​ក្តី ក៏​គេ​មិន​ត្រូវ​មើល​រំលង ចំណុចនៃ​ការពង្រឹង​សមត្ថភាព​ក្រុម​គ្រូពេទ្យ និង​ក្រម​សីលធម៌បុគ្គលិក​សុខាភិបាលដែរ។
 
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឆ្នាំ ២០១៩ បានដាស់តឿន​ដល់​វេជ្ជបណ្ឌិតមួយចំនួន​ឲ្យ​កែ​ប្រែ​ឥរិយាបថ​របស់​ពួកគេ និង​ឆ្លុះ​បញ្ចាំង​ពី​សីលធម៌​ផ្ទាល់ខ្លួន ដែល​លោក​បាន​និយាយ​ថា​ជា​បញ្ហា​ចម្បង​ដែល​ធ្វើ​ឲ្យ​វិស័យ​ថែទាំ​សុខភាព​ធ្លាក់​ក្នុង​ពន្លឺ​អវិជ្ជមាន។ ស្របពេលជា យ គ្នានេះរបាយការណ៍ ឆ្នាំ២០២១ ផ្នែកសុខភាពពី EuroCham Cambodia​ បានលើកទឹកចិត្តឲ្យវិទ្យាស្ថានអប់រំដែលផ្តោតលើសុខភាព គាំទ្រដល់ការបណ្តុះបណ្តាល​បន្ថែម និងផ្លាស់ប្ដូរ បទពិសោធន៏​ក្រៅប្រទេស​ដល់​គ្រូពេទ្យ និងបុគ្គលិកថែទាំ​សុខភាព​ជំនាន់ក្រោយ៕

ហេង ម៉ូលីកា អ្នកស្រាវជ្រាវនៃអង្គការវេទិកាអនាគត  | ខ្លឹមសារអត្ថបទរក្សាសិទ្ធិដោយអង្គការវេទិកាអនាគត
 

© រក្សាសិទ្ធិដោយ thmeythmey.com