ជាតិ
តំបន់មួយចំនួនអមទន្លេមេគង្គ អាចជន់លិច ដោយសារទឹកឡើងខ្ពស់
31, Jul 2023 , 4:09 pm        
រូបភាព
ទឹកជំនន់ លិចផ្ទះពលរដ្ឋនៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ រូបភាព៖ រដ្ឋបាលខេត្តស្ទឹងត្រែង
ទឹកជំនន់ លិចផ្ទះពលរដ្ឋនៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ រូបភាព៖ រដ្ឋបាលខេត្តស្ទឹងត្រែង
ភ្នំពេញ៖ តំបន់ទំនាបមួយចំនួនអមទន្លេមេគង្គ អាចរងការជន់លិច ដោយសារការហក់ឡើងនៃកម្រិតទឹកភ្លៀង ក្នុងអាងទន្លេមេគង្គ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣១ ខែកក្កដា។ 



ក្រសួងបានព្យាករថា ឥទ្ធិពលប្រព័ន្ធសម្ពាធទាប (ITCZ) នឹងធ្វើឲ្យនៅតំបន់ផ្ទៃរងទឹកភ្លៀងនៃទន្លេមេគង្គ ក្នុងភូមិសាស្រ្តប្រទេសថៃ ឡាវ និងកម្ពុជា មានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្លមេគង្គ។ 
 
ស្ថានភាពបែបនេះ នឹងបណ្ដាលឱ្យទឹកទន្លេមេគង្គហក់ឡើងក្នុងរយៈពេលពី ៣ទៅ៤ថ្ងៃខាងមុខ ជាពិសេសនៅភាគខាងលើនៃប្រទេសកម្ពុជា ដូចជា ខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់៧,៦៥ម៉ែត្រ, ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់១៦,៧០ម៉ែត្រ និងខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់កម្ពស់៩,៩០ម៉ែត្រ ។ 
 
ក្រសួងធនធានទឹក បញ្ជាក់ថា ការហក់ឡើងនេះ មិនទាន់ឈានដល់កម្រិតប្រកាសអាសន្ននៅឡើយទេ ប៉ុន្តែ ទឹកអាចលិចតំបន់ទំនាបមួយចំនួនអមដងទន្លមេគង្គ និងហូរចូលទៅតាមបណ្តាព្រែកមួយចំនួនផងដែរ។ ជាមួយគ្នានេះ ក្រសួង បានអំពាវនាវដល់សារធារណជនឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះទឹកជំនន់នៅរដូវវស្សានេះ៕ 
 

Tag:
 អាកាសធាតុ
  ទន្លេមេគង្គ
  ទឹកភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com