ជាតិ
ជំរឿន៖ សត្វក្រៀលកើនដល់១៨០ក្បាល នៅពាក់កណ្ដាលឆ្នាំ២០២៣
31, Jul 2023 , 6:59 pm        
រូបភាព
រូបភាព៖ @Eam Sam Un@WWF-Cambodia
រូបភាព៖ @Eam Sam Un@WWF-Cambodia
ភ្នំពេញ៖ ការធ្វើជំរឿនទូទាំងប្រទេស រកឃើញថាចំនួនសត្វក្រៀលបានកើនឡើងដល់១៨០ក្បាល នៅត្រឹមពាក់កណ្ដាលឆ្នាំ២០២៣។ តួលេខថ្មីនេះ បង្ហាញសញ្ញាវិជ្ជមាន បើធៀប១០ឆ្នាំមុន ដែលគេរកឃើញថា មានការថយចុះរហូតដល់ព្រួយបារម្ភ។



នៅកម្ពុជាឆ្នាំ២០២៣ ក្រសួងបរិស្ថាន​ បានសហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា (NLC) អង្គការសមាគមនអភិរក្សសត្វព្រៃ (WCS) និងអង្គការមូលនិធិសត្វក្រៀល (ICF) ធ្វើជំរឿនសត្វក្រៀល នៅតាមទីតាំងសំខាន់ៗក្នុងប្រទេសកម្ពុជា និងវៀតណាមដូចជាតំបន់ដីសណ្តទន្លេមេគង្គ​, តំបន់ជុំវិញបឹងទន្លេសាប និងតំបន់ព្រៃរបោះខ្ពង់រាបភាគខាងជើង និងឦសាន។​ ការធ្វើជំរឿននេះ ចាប់ពីខែធ្នូ មករា កុម្ភៈ មីនា មេសា និងខែឧសភា។
  


ជាលទ្ធផលក្រុមអ្នកអភិរក្ស បានកត់ត្រាឃើញថា សត្វក្រៀលមានចំនួន១៨០ក្បាល ដែលជាចំនួនខ្ពស់បំផុត ។ក្នុងនោះសត្វក្រៀលពីរក្បាល ត្រូវកត់ត្រាចេញពីប្រទេសវៀតណាម។ តួលេខថ្មីនេះ បង្ហាញសញ្ញាវិជ្ជមានជាងឆ្នាំ២០២១ ដែលរកឃើញ១៦១ក្បាល និងឆ្នាំ២០២២ រាប់បានតែ១៥៦ក្បាលប៉ុណ្ណោះ។​ 
 
ដោយឡែកក្នុងខែកក្កដានេះ ក្រុមអ្នកអភិរក្សក៏បានប្រទះឃើញសំបុកសត្វក្រៀលមួយកន្លែង និងក្រៀលពេញវ័យមួយគូទៀត នៅដែនជម្រកវាលទំនាបនៃតំបន់ទន្លេមេគង្គ ស្ថិតក្នុងដែនជម្រកសត្វព្រៃសំបូរ ខេត្តក្រចេះ។ 
 
លោក អៀម សំអ៊ន់ ប្រធានកម្មវិធីស្រាវជ្រាវសត្វព្រៃរបស់អង្គការ WWF បានលើកឡើងថា ការរកឃើញនេះ គឺជាកំណត់ត្រាវិទ្យាសាស្ត្រដំបូងបង្អស់នៃសំបុកសត្វក្រៀល​ រួមជាមួយនឹងសត្វពេញវ័យបន្តពូជមួយគូផងដែរ នៅក្នុងតំបន់ព្រៃលិចទឹកទន្លេមេគង្គ សម្រាប់រយៈពេល២០ឆ្នាំកន្លងមកនេះ។ 
 
របកគំហើញដ៏អស្ចារ្យនេះ នឹងជួយជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែងអភិរក្សបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាការពារក្នុងតំបន់ទីជម្រក ដែលមានការចូលរួមសហការជាមួយរដ្ឋាភិបាល សហគមន៍ អង្គការ WWF និងភាគីពាក់ព័ន្ធផ្សេងទៀត។
 
សត្វក្រៀលគឺជាសត្វស្លាបមានមាឌធំមួយប្រភេទដែលអាចធ្វើចរាចររយៈចម្ងាយឆ្ងាយ ហើយត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វងាយរងគ្រោះក្នុងបញ្ជីក្រហម IUCN។ ក្នុងខែកក្កដា ឆ្នាំ២០២៣ នេះដែរ ក្រុមអ្នកស្រាវជ្រាវក៏បានកត់ត្រាទុកនូវសត្វក្រៀល ចំនួន៤ ក្បាលផ្សេងទៀតកំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃស្រែពក។ 
 
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន លើកឡើងដែរថា នេះគឺជាដំណឹងដ៏រីករាយនៅពេលលទ្ធផលជំរឿនឆ្នាំ២០២៣ បង្ហាញពីសញ្ញាវិជ្ជមាន ព្រោះថាទិន្នន័យជំរឿនសត្វក្រៀលក្នុងរយៈពេល១០ឆ្នាំចុងក្រោយ បានបង្ហាញនិន្នាការថយចុះរហូត។ 
 
កាលពីថ្ងៃទី១៤​ ខែកក្កដា ឆ្នាំ២០២៣ ក្រសួងបរិស្ថាន បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារអភិរក្សក្រៀលដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត ដើម្បីផ្តល់ជម្រកសុវត្ថិភាពដល់សត្វនេះតាមរយៈការអនុវត្តច្បាប់​​ ការស្រាវជ្រាវ ការបង្កើតសេដ្ឋកិច្ចមូលដ្ឋាន និងការអបរំផ្សព្វផ្សាយ។ 
 
លោក នេត្រ ភក្ត្រា ជំរុញឱ្យក្រុមអ្នកវិទ្យាសាស្ត្ររបស់ក្រសួងបរិស្ថាន និងអង្គការ WWF បន្តស្រាវជ្រាវ ការពារ និងគ្រប់គ្រងតំបន់ទីជម្រកសត្វក្រៀលនេះ និងសត្វព្រៃទាំងអស់បន្ថែមទៀត ដើម្បីថែរក្សាសត្វព្រៃ និងធនធានធម្មជាតិឲ្យគង់វង្ស សម្រាប់ជាប្រយោជន៍ដល់ការអភិរក្ស និងអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍មូលដ្ឋានយូរអង្វែង។ 
 
​ជាមួយគ្នានេះ លោក បានអំពាវនាវដល់ប្រជាជនសហគមន៍មូលដ្ឋាន ដែលរស់នៅជុំវិញតំបន់ការពារធម្មជាតិឲ្យបញ្ឈប់ការដាក់អន្ទាក់ ការបរបាញ់ និងការជួញដូរសត្វព្រៃខុសច្បាប់ ហើយចូលរួមសកម្មភាពអភិរក្សឲ្យកាន់តែសកម្មបន្ថែមទៀត ជាមួយរដ្ឋាភិបាល និងអង្គការដៃគូ។ 
 
រដ្ឋលេខាធិការរូបនេះ ក៏ទទូចឱ្យពលរដ្ឋទាំងអស់ឲ្យបញ្ឈប់ការលក់ ទិញបរិភោគសាច់សត្វព្រៃ ដើម្បីយើងរួមគ្នាបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វខុសច្បាប់នៅកម្ពុជា។  
ចំណែក លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា បានលើកឡើងដែរថា  សត្វទាំងនេះកំពុងប្រឈមនឹងកត្តាគំរាមកំហែងជាច្រើន ដែលទាមទារឱ្យមានការដោះស្រាយជាបន្ទាន់។ 
 
តំណាងអង្គការជីវិតធម្មជាតិនៅកម្ពុជារូបនេះ សង្ឃឹមថា ការខិតខំប្រឹងប្រែរបស់ក្រុមកា​រងារ ដែលដឹកនាំដោយក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធ នឹងជួយឱ្យសត្វក្រៀលកើនឡើងវិញ ហើយបញ្ហាប្រឈម នឹងត្រូវបានដោះស្រាយ៕ 
 

Tag:
 បរិស្ថាន
  សត្វក្រៀល
  អង្គការមូលនិធិសត្វក្រៀល
© រក្សាសិទ្ធិដោយ thmeythmey.com