ជាតិ
រដ្ឋមន្ត្រីក្រសួងការងារ អំពាវនាវឱ្យនិស្សិតរៀនចប់នៅក្រៅប្រទេស ត្រឡប់មកបម្រើសង្គមជាតិវិញ
02, Aug 2023 , 7:59 am        
រូបភាព
លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ រូបពី ក្រសួងការងារ
លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ រូបពី ក្រសួងការងារ
ភ្នំពេញ៖ ក្រុមនិស្សិតកម្ពុជា ដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅជប៉ុន ដើម្បីស្រូបយកចំណេះជំនាញ គួរវិលមកបម្រើសង្គមជាតិ ឱ្យកាន់តែរីកចម្រើន។ រដ្ឋមន្ត្រីការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ថ្លែងក្នុងជួបសំណេះសំណាលជាមួយក្រុមនិស្សិតកម្ពុជា ចំនួន២៤នាក់ ដែលបានអាហារូបករណ៍ពីរដ្ឋាភិបាលជប៉ុន​ នៅទីស្ដីការក្រសួងការងារ។

 
រដ្ឋមន្ត្រីក្រសួងការងារ បានចាត់ទុកកម្មវិធីអាហារូបករណ៍នេះ គឺជាជោគជ័យរវាងរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយជប៉ុន ដើម្បីលើកកម្ពស់វិស័យអប់រំ និងអភិវឌ្ឍន៍ធនធានមនុស្ស។ លោក ផ្ដល់ក្តីសង្ឃឹមលើនិស្សិតកម្ពុជា ដូច្នេះ៖ «និស្សិតកម្ពុជាដែលទៅសិក្សានៅក្រៅប្រទេស នឹងខិតខំប្រឹងប្រែងប្រើប្រាស់ឱកាសមួយនេះ ជាផលប្រយោជន៍សម្រាប់ស្ថាប័នរបស់ខ្លួន ហើយប្រមូលចំណេះជំនាញពីការសិស្សា វិលមកជួយសង្គមជាតិទាំងមូលក្រោយពេលបញ្ចប់ការសិក្សា»។ ទន្ទឹមនឹងនេះ លោក អ៊ិត សំហេង ចាត់ទុកការអភិវឌ្ឍប្រទេសជាតិមួយ គឺត្រូវអភិវឌ្ឍធនធានមនុស្សជាមុនសិន។
 
នៅប្រទេសជប៉ុនមាននិស្សិត និងប្រជាជនកម្ពុជាជាង២ម៉ឺន៥ពាន់នាក់ និងតែងជួបជុំគ្នាប្រារព្ធពិធីកម្សាន្តផ្សេងៗ។ គោលនយោបាយជាតិ ឆ្នាំ២០៣០ កម្ពុជា នឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់។ នេះជាការរំលឹករបស់រដ្ឋមន្ត្រីការងារ ប្រាប់ដល់ក្រុមនិស្សិត ដោយណែនាំឱ្យនិស្សិតទាំងអស់ ដែលនឹងក្លាយខ្លួនជាអ្នកដឹកនាំជំនាន់ក្រោយ ត្រូវគិតគូរពីគោលនយោបាយជាតិខាងលើនេះ។ 
 
ក្រុមនិស្សិតដែលនឹងត្រូវទៅសិក្សានៅប្រទេសជប៉ុននេះ ពួកគេនឹងរៀនជំនាញចំនួន៨។ រួមមាន ការអភិវឌ្ឍហេដ្ឋានរចនាសម្ពន្ធ, ការអភិវឌ្ឍវិស័យឯកជន ,ការលើកកម្ពស់គុណអប់រំ , ការអភិវឌ្ឍកសិកម្មនិងជនបទ ,ជំនាញលើកកម្ពស់បរិស្ថានរស់នៅក្នុងទីក្រុង ,ជំនាញលើកម្ពស់ប្រព័ន្ធថែទាំសុខភាពនិងសន្តិសុខសង្គម ,ជំនាញលើកកម្ពស់មុខងាររដ្ឋបាលសាធារណៈ និងជំនាញទំនាក់ទំនងអន្តរជាតិ។ អាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុននេះ គឺសម្រាប់មន្ត្រីរាជការកម្ពុជា ដែលត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ២០០០ ដល់សព្វថ្ងៃ។ និស្សិតកម្ពុជាជាង៥០០នាក់ហើយ ដែលបានទទួលអាហារូបករណ៍។ គម្រោងនេះ គឺផ្ដោតលើទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន ការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ ការចូលរួមអភិវឌ្ឍនិងបង្កើតផែនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕ 
 

Tag:
 ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com