ជាតិ
សម្ដេច ឃឹម សន​ សោក​ស្ដាយ​ចំពោះ​ការ​លាចាក​សិក្ខាបទ​របស់​សម្ដេច ឃី សុវណ្ណរតនា
02, Aug 2023 , 8:59 pm        
រូបភាព
(ពាក់អាវស) សម្ដេច​ព្រះ​មហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា លាចាកសិក្ខាបទ ក្រោយបួសអស់៣៣ព្រះវស្សា។រូប​ពីហ្វេសប៊ុក Sokny Sor
(ពាក់អាវស) សម្ដេច​ព្រះ​មហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា លាចាកសិក្ខាបទ ក្រោយបួសអស់៣៣ព្រះវស្សា។រូប​ពីហ្វេសប៊ុក Sokny Sor
ភ្នំពេញ​៖ សម្ដេច​ព្រះ​ពុទ្ធ​ជ័យ​​មុនី ឃឹម សន ព្រះ​ប្រធាន​លេខាធិការ​​ដ្ឋាន ​គណៈ​សង្ឃ​នាយក ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ សោក​ស្ដាយ​ចំពោះ​ការ ​លាចាក​សិក្ខាបទ​របស់​ សម្ដេច​ព្រះ​មហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា ដោយ​សា​រ​ព្រះ​អង្គ​មាន​ចំណេះ​ដឹង​ទាំង​ផ្លូវ​ពុទ្ធ​ចក្រ​ និង​អាណាចក្រ​ខ្ពស់​ ដែល​ជា​ធន​ធាន​​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ រក​បាន​ដោយ​កម្រ​​។



សម្ដេច​ព្រះ​ពុទ្ធ​ជ័យ​​មុនី ឃឹម សន ព្រះ​ប្រធាន​លេខាធិការ​​ដ្ឋាន ​គណៈ​សង្ឃ​នាយក ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ​មាន​ព្រះ​ថេរដីការ​​​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​ថា សម្ដេច​ព្រះ​មហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា មាន​ចំណេះ​ដឹង​ខ្ពស់ ផ្នែក​ភាសា​អង់​គ្លេស ភាសាបារាំង ភាសា​សំស្ក្រឹត​ និង​ភាសា​បាលី​។ សម្ដេច​បន្ថែម​​ថា​ គណសង្ឃ​នាយក មិន​ចង់​ឱ្យ​សម្ដេច សុវណ្ណរតនា សឹក​ឡើយ ប៉ុន្តែ​ពុំ​អាច​ឃាត់​បាន​។
 
«​ស្ដាយ​ត្រង់​ថា​អ្នក​បួសម្ភៃសាម​សិប​ឆ្នាំ ទម្រាំ​បាន​ចំណេះ​ដឹង​ទាំង​ខាង​ព្រះ​ពុទ្ធ​សាសនា និង​ចំណេះ​ដឹង​ផ្សេង​ៗមិន​ងាយ​ទេ​។ លោក​ជា​ធនធានរក​បាន​ដោយ​កម្រ ​ដែល​ជួយ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​។ គណសង្ឃ​សោក​ស្ដាយ​ មិន​ចង់​ឱ្យ​លោក​សឹក​ទេ ប៉ុន្តែ​ធ្វើ​ម៉េច​បើ​លោក​មាន​ថេរដីកាមួយ​ម៉ាត់​ថា លោក​អស់​និស្ស័យ​ខាង​អ្នក​បួស​​។ មិន​ប៉ះ​ពាល់​ដល់​ធនធាន​ពុទ្ធ​សាសនាទេ ប៉ុន្តែ​ធម្មតា​យើង​មាន​តួនាទី​ជា​សម្ដេច​ហើយ ហើយ​នៅ​តែ​មិន​អាច​ទ្រទ្រង់ ​​ក្នុង​សភាព​ជា​អ្នក​បួសបាន​ ដូច្នោះ​ធ្វើ​ឱ្យ​ភិក្ខុ​សាមណេ​រ ដែល​រៀន​ចេះ​ដឹង​ផ្សេង​ៗ​ទៀត មាន​ឋានៈ​ល្មម​ៗ មើល​ឃើញ​អ៊ីចឹង​ទៅ​ ងាយ​នឹង​សឹក​តាម​»។ នេះ​ជា​ការ​ទត​ឃើញ​របស់​ព្រះ​អង្គ​ ឃឹម​ សន​។
 
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​អង្គ​ធ្លាប់​បាន​ប្រាប់​​ព្រះ​សង្ឃ​អង្គ​ផ្សេង​ៗ​ទៀត​ កាល​ពី​ពេល​កន្លង​ទៅថា​ ដើម្បី​​​ជួយព្រះ​​ពុទ្ធសាសនា ​​ក្នុង​ប្រទេស​កម្ពុជា​​ឱ្យ​បាន​រឹង​មាំ គឺ​ព្រះ​សង្ឃ​គ្រប់​ព្រះ​អង្គ​ដែល​បាន​បួស ត្រូវ​មាន​ចំណេះ​ដឹង​ខាង​ព្រះ​ពុទ្ធ​សាសនា​ និង​ខាង​ផ្លូវ​លោក​ឱ្យ​បាន​ខ្ពង់​ខ្ពស់​។ ព្រះ​អង្គ​សង្កត់​ធ្ងន់​ថា ព្រះ​សង្ឃ​ដែល​មាន​​​ព្រះ​ជន្ម​ចាស់​វស្សា មាន​គុណ​វុឌ្ឍន៍ជួយព្រះ​​ពុទ្ធ​សាសនា ឱ្យ​បាន​រឹង​មាំនិង​រីក​ចម្រើន​ច្រើន​​។ 
 
ព្រះ​អង្គ​បន្ថែម​៖«​លោក​មាន​ចំណេះ​ដឹង​ខ្ពស់ លោក​ទៅ​រៀន​យក​បណ្ឌិត​នៅ​ឥណ្ឌា។ ហើយ​លោក​ធ្លាប់​ទៅ​ស្រីលង្កាក៏​ច្រើន​ឆ្នាំ អ៊ីចឹង​​​ភាសា​អង់​គ្លេស ភាសា​បារាំង ហើយ​ខាង​ធម៌​សំស្ត្រឹត​ បាលី​ ក៏​លោក​បាន​សិក្សា​បាន​ខ្ពស់​។ ដូច្នេះ​លោក​អាច​ទំនាក់​ទំនង​ធ្វើ​ការ​ជា​មួយ​សង្គម​ ឬ​ក្នុង​ជួរ​រាជ​រដ្ឋា​ភិបាលបាន​។​ ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ក៏​ដូច​ជា​ប្រទេស​ជិត​ខាង​យើង​ដូច​ជា​ថៃ​អី​ជា​ដើម​ គេ​មិន​ប្រកាន់​ទេ អ្នក​ដែល​សឹក​ទៅ គេ​នៅ​តែ​គោរព​រាប់​អាន​ គេ​នៅ​តែ​ឱ្យ​តម្លៃ​​»។  
 
ក្នុង​​លិខិត​​ក្រាប​បង្គំ​ទូល​ថ្វាយ​ សម្ដេច​ព្រះ​មហា​សុមេធា​ធិបតី កិត្តិ​ឧទ្ទេស​​បណ្ឌិត​ នន្ទ ង៉ែត សម្ដេច​ព្រះ​សង្ឃ​នាយក​​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា សុំ​ព្រះ​បរម​រាជានុញ្ញាត​លាលែង​ពី​ព្រះ​គោរម​ងារ “​សម្ដេច​ព្រះ​មហា​អរិយវង្ស” សម្ដេច  ឃី សុវណ្ណរតនា បាន​​បញ្ជាក់​ថា ព្រះ​អង្គ​បាន​សាង​ព្រះ​ផ្នួស​បួស​ជា​​បព្វ​ជិត ​អស់​​រយៈ​ពេល៣៣​វស្សា។ ព្រះ​អង្គ​​បាន​រួម​ចំណែក​ កសាង​និង​អភិវឌ្ឍ​វិស្ស័យ​ព្រះ​ពុទ្ធ​សាសនា​ តាម​រយៈ​ស្ថាប័ន​សម្ដេច​ព្រះ​សង្ឃរាជ គណៈ​សង្ឃនាយក និង​វិស័យ​ពុទ្ធិកសិក្សា នៃ​ព្រះ​រាជា​ណចក្រ​កម្ពុជា ព្រម​ទាំង​ចូល​​រួម​ជួយ​កិច្ច​ការ​សង្គម​ តាំង​ពី​ឆ្នាំ​២០០២ រហូត​ដល់​បច្ចុប្បន្ន​។ គិត​មក​ដល់​ពេល​នេះ ​​មាន​រយៈ​ពេល​២១​ឆ្នាំ បន្ទាប់​ពី​បាន​បញ្ចប់​ការ​សិក្សា​​ថ្នាក់​បរិញ្ញាបត្រ​ អនុបណ្ឌិត និង​បណ្ឌិត នៅ​ប្រទេស​ស្រី​លង្កា និង​ប្រទេស​ឥណ្ឌា​។ 
 
ក្នុង​លិខិត​ដដែល​​បាន​បញ្ជាក់​ថា ​នា​ពេល​បច្ចុប្បន្ន​ព្រះ​អង្គ ឃី សុវណ្ណរតនា​ មាន​ភាព​នឿយ​ណាយ​ និងអស់​និស្ស័យ​ក្នុង​ព្រះ​ផ្នួស ហើយ​មាន​បំណង​ចូល​រួម​ចំណែក​បម្រើ​សង្គម​ជាតិ​ ក្នុង​ភាព​ជា​ឃរាវាស​​៕ 
 

Tag:
 ព្រះ​ពុទ្ធ​សាសនា
  ព្រះ​សង្ឃ
 
© រក្សាសិទ្ធិដោយ thmeythmey.com