អន្តរជាតិ
ក្រុម​ស្ត្រី​កាមេរូន​​ដើរក្បួន​ប្រឆាំងតវ៉ា​នឹង​​សង្គ្រាម​បំបែក​ទឹកដី​និង​ទំនិញ​ឡើង​ថ្លៃ​​ក្នុង​​ទិវា​ស្ត្រី​អាហ្វ្រិក
04, Aug 2023 , 7:39 pm        
រូបភាព
ដោយ: VOA
ស្រ្តី​ជា​ច្រើន​រយនាក់ស្ថិតក្នុងបរិវេណ​ភូមិ​ Tsinga​ ដោយ​ស្តាប់​ឬ​ច្រៀង​តាមបទ​ចម្រៀង​«ស្រឡាញ់​គ្រួសារ Family Love» ដោយ​អ្នក​ចម្រៀង​ Kareyce Fotso។



ចម្រៀង​នេះ​ជំរុញ​ដល់ក្រុមគ្រួសារ​ឱ្យ​ចេះ​ស្រឡាញ់​គ្នានិង​រួបរួម​គ្នា​ ជម្នះការ​លំបាក​ផ្សេងៗ​ ដែល​កើត​ឡើង​ដោយសារវិបត្តិ​នានាក្នុង​ប្រទេស​កាមេរូន។​
អ្នក​ស្រី​ Anne Anaba ​ជា​អ្នក​សម្រប​សម្រួល​ម្នាក់​ក្នុងការ​ដើរក្បួនកាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ ​និយាយ​ថា​ ស្ត្រីមក​ជួប​ជុំ​គ្នានៅ​ទី​ធ្លានេះ​ ​ក្រោយ​ពីការ​ទាមទារឱ្យ​បញ្ចប់​សង្គ្រាមប្រឆាំង​ក្រុម​បំបែក​ខ្លួននៅ​តំបន់​និរតី​និង​ពាយ័ព្យនៃ​ប្រទេស​កាមេរូន​រួច​មក។
 
សង្គ្រាម​នេះ​បាន​សម្លាប់​មនុស្ស ៦.០០០នាក់​ និង​ធ្វើ​ឱ្យមនុស្ស ៧.០០.០០០​នាក់​ផ្សេងទៀតគ្មាន​ទី​ជម្រក។​
 
ការ​ដើរ​ដង្ហែ​ក្បួន​ ក៏​ជា​ផ្នែក​មួយ​នៃសកម្មភាពប្រារព្ធ​ទិវា​ស្ត្រី​អាហ្វ្រិក​ប្រចាំ​ឆ្នាំ​ផង​ដែរ។ ថ្ងៃ​ឈប់​សម្រាក​នេះ​ ត្រូវ​បាន​ប្រកាស​ដោយ​សហភាព​អាហ្វ្រិក​ ដែល​ប្រារព្ធ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា។​
 
អ្នក​ស្រី​ថ្លែង​ដូច​នេះ​ថា៖ ​«ភាព​ក្រីក្រ​និង​ការលំបាក​ដោយ​ជម្លោះ​ប្រដាប់​អាវុធ​និង​តម្លៃ​ទំនិញ​ឡើង​ខ្ពស់​ បានធ្វើ​ឱ្យប៉ះ​ពាល់​ដល់​គ្រួសារ​ មិន​ឱ្យ​បង្កើត​មូលដ្ឋាន​គ្រឹះសម្រាប់​សង្គម​អាហ្វ្រិក​ដ៏​រឹងមាំ។​ ជម្លោះ​បាន​សម្លាប់​បុរស​ឬ​ធ្វើ​ឱ្យ​ពួក​គេត្រូវ​ចាក​ចេញ​ពី​សហគមន៍ ហើយ​ស្ត្រី​រវល់​តែរត់​រក​កន្លែង​សវុត្ថិភាពមិន​បាន​បង្រៀន​កូន​ចៅ​ ឱ្យ​រស់​នៅ​ជុំ​គ្នាដោយ​ក្តី​ស្រឡាញ់​ក្នុង​សន្តិភាព និង​អភិវឌ្ឍ​តំបន់​សហគមន៍​របស់​គេ​ឡើយ»។
 
អ្នក​ស្រី​បន្ថែម​ទៀត​ថា​ ស្ត្រី​ជាអ្នក​ទទួល​រង​ប៉ះពាល់ខ្លាំង​បំផុត​ ដោយ​សារ​វិបត្តិក្រុមអ្នក​បំបែក​ទឹក​ដី។
ស្រី្តនិង​កុមារ​ ក៏​ទទួល​រង​ការ​ប៉ះពាល់​ខ្លាំង​ផង​ដែរ​ ដោយ​បញ្ហា​អសន្តិសុខ​ស្បៀង​អាហារ នៅ​តាម​ព្រំដែន​ភាគខាងជើងជា​មួយ​ប្រទេស​ឆាដ​ និង​ប្រទេស​នីហ្សេរីយ៉ា​ ដែលជា​កន្លែង​ដែល​មាន​ការ​បះបោរដោយ​ក្រុម​អ្នក​កាន់​សាសនា​ឥស្លាម​ ​និង​ធ្វើ​ឱ្យ​មនុស្ស​ប្រមាណ​ជាង​ ៣៦.០០០​នាក់​បាន​ស្លាប់​ ហើយ​មនុស្សប្រមាណ​ ៣លាន​នាក់​ ​គ្មាន​ទី​ជម្រក។​ ​
 
ក្រុម​ស្ត្រី​កាមេរូន​ថ្លែង​ថា​ ក្រៅ​ពី​ជម្លោះ​ប្រដាប់​អាវុធ ពួក​គេ​ក៏កំពុង​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ​ខ្លាំង​ផង​ដែរ​ ទៅ​លើ​ការ​ឡើង​ថ្លៃ​ទំនិញ​សព្វសារពើរ​ ដែល​គេស្តី​បន្ទោស​ទៅ​លើ​រុស្ស៊ី ដែល​បាន​ចូល​ឈ្លានពាន​ក្នុង​ប្រទេស​អ៊ុយក្រែន។
 
រដ្ឋាភិបាលកាមេរូន​និយាយ​ថា​ ចាប់​តាំង​ពី​សង្គ្រាម​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែន​ ចាប់​ផ្តើម​ឡើងកាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​ ២០២២ ​មក​ តម្លៃស្រូវ​អង្ករ​ ស្រូវ​សាឡី​ ប្រេងឥន្ធនៈ​ និង​ជី​កសិកម្ម​ បាន​ឡើង​ថ្លៃ​ពី​រវាង​ប្រមាណ​ ៤០​ទៅ​៦០ភាគរយ។​
 
​អ្នក​ស្រី ​Kiven Juliet ​ប្រធានអង្គការកសិករ​ស្រូវ​សាឡី ក្នុង​តំបន់​កណ្តាលប្រទេស​កាមេរូន​ បាន​និយាយ​ថា​ អ្នក​ស្រី​បាន​តាម​ដានពី​កិច្ចប្រជុំ​កំពូលរុស្ស៊ី​អាហ្វ្រិក​ កាល​ពី​ថ្ងៃ​ទី​ ២៧ ​ខែ​កក្កដា​កន្លង​ទៅ​ ដែល​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នោះ​ ប្រធានាធិបតី​រុស្ស៊ីលោក​ Vladimir Putin​ ​បាន​គូស​បញ្ជាក់​ថា​ ​រដ្ឋាភិបាល​ក្រុង​មូស្គូ​ នឹង​ចាប់​ផ្តើមផ្តល់គ្រាប់ធញ្ញជាតិដោយមិន​គិតថ្លៃ​ប្រមាណ​ពី​ ២៥.០០០តោន​ ទៅ​ ៥០.០០០​តោន​ ដល់​ប្រទេស​អាហ្វ្រិក​មួយ​ចំនួន​។
 
ប៉ុន្តែ​អ្នក​ស្រី Kiven និយាយ​ថា​ ប្រទេស​កាមេរូន​អាច​ធានា​ការ​ដាំដុះដើម្បី​ផ្គត់ផ្គង់​ស្បៀង​អាហារ​ដោយ​ខ្លួន​ឯង​បាន។​
 
អ្នកស្រី​ថ្លែង​ដូច​នេះ​ថា៖ «ខ្ញុំ​បាន​ឮនៅ​ក្នុង​អំឡុង​ពេលនៃ​កិច្ចប្រជុំ​កំពូល​រុស្ស៊ី​អាហ្វ្រិក​ថា រុស្ស៊ីនឹងផ្តល់​ស្រូវ​សាឡី​ ដល់​ប្រទេស​អាហ្វ្រិក​ដោយ​មិន​គិត​ថ្លៃ​ ប៉ុន្តែនេះ​មិន​មែន​ជា​អ្វី​ដែល​យើង​ចង់​បាន​នោះ​ទេ។​ ​រដ្ឋាភិបាល​របស់​យើង​ គួរ​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់ក្រុម​កសិករ​ដើម្បី​ទិញ​ជីនិង​ដាំដុះ​ស្រូវសាឡី​ដោយ​ខ្លួន​ឯង»។
 
​អ្នក​ស្រី Marie Therese Abena Ondoa រដ្ឋមន្ត្រី​ក្រសួង​ផ្តល់​ភាព​អង់អាច​ដល់ស្ត្រី​នៃ​ប្រទេស​កាមេរូន​ ថ្លែង​ថា​ ក្នុង​ឆ្នាំ​២០២២​ ប្រធានាធិបតី​កាមេរូន​ លោក​ Paul Biya បាន​បញ្ជាឱ្យ​បញ្ចេញ​ទឹកប្រាក់​ប្រមាណ​ជាង​ ១៥​លាន​ដុល្លារ​អាមេរិក​ ដើម្បី​ដាំ​ស្រូវសាឡី​ នៅ​ក្នុង​ប្រទេស​អាហ្រ្វិក​កណ្តាល​មួយ​នេះ។​ ​អ្នក​ស្រី​បន្ថែម​ទៀត​ថា​ ​ស្ត្រីដែល​ដាក់​ពាក្យ​សុំ នឹង​ទទួល​បាន​ថវិកា ​សម្រាប់​យក​ទៅ​ទិញ​ជី​ ​ស្រូ​សាឡី​ និងពូជ​ស្រូវសម្រាប់​ដាំដុះ​ផង​ដែរ។
 
អ្នក​ស្រី​ថ្លែង​ដូច្នេះ​ថា៖ ​«ស្ត្រី​តំណាងកម្លាំង​កសិកម្ម​ដ៏​សំខាន់​មួយ​ ហើយ​មិន​អាច​ប្រកែក​បាន​ ពួក​គេ​ជា​អ្នក​ប្រយុទ្ធ​ប្រឆាំងនឹង​ភាពអត់​ឃ្លាន​និង​ភាព​ក្រីក្រ​ផង​ដែរ។​ ​ស្រ្តី​ជា​អ្នក​រួម​ចំណែក​ដ៏​សំខាន់​ដើម្បី​ធ្វើឱ្យជីវភាព​គ្រួសារ​មាន​លំនឹង​នៅ​តាម​តំបន់​ជនបទ​ និង​ជួយ​កាត់​បន្ថយ​ការធ្វើ​ចំណាក​ស្រុក​ពី​តំបន់​ជនបទ។​ ស្ត្រី​ជា​អ្នក​មើល​ថែ​ទាំ​កូន​ចៅ​ ជា​អ្នក​ចូលរួមក្នុង​ការងារ​កសិកម្ម​និង​ការ​ងារ​ផ្ទះ​ ដើម្បី​ធានា​ឱ្យ​មានស្បៀង​អាហារ​និង​អាហារូបត្ថម្ភ​ សម្រាប់ក្រុមគ្រួសារ​និង​សហគមន៍។ ពួក​គេ​ក៏ត្រូវ​បាន​ស្គាល់​ផង​ដែរ​ថា​ ជាអ្នក​គាំទ្រ​ដល់​ចលនា​សម្រាប់​លទ្ធិប្រជាធិបតេយ្យ​ សិទ្ធិមនុស្ស​ និង​សន្តិភាព»។
 
ប្រធានាធិបតី​កាមេរូន ​លោក​ Biya ស្ថិត​ក្នុង​ចំណោមមេដឹកនាំ​អាហ្រ្វិក​នានា​ ដែល​បាន​ចូល​រួមក្នុង​កិច្ចប្រជុំ​កំពូលនៅ​ក្នុងទី​ក្រុង St. Petersburg ប្រទេស​រុស្ស៊ី​។​ លោក​បាន​ស្នើ​សុំ​ដល់ប្រធានាធិបតី​រុស្ស៊ី​លោក​ Putin ឱ្យ​ជួយ​ដល់ប្រទេស​អាហ្វ្រិក​ ដោយ​បង្កើន​ការ​វិនិយោគ​ និង​លុបចោល​បំណុល​ ដែល​កើត​ឡើង​ពីប្រាក់​កម្ចី​៕​
 

Tag:
 រូបឯកសារ៖ ស្ត្រីម្នាក់ទិញទំនិញនៅផ្សារ Mvog Ada ក្នុងទីក្រុង Yaounde នៃប្រទេសកាមេរូន កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២២។
© រក្សាសិទ្ធិដោយ thmeythmey.com