អន្តរជាតិ
អាល្លឺម៉ង់​ចាប់ខ្លួន​ជនជាតិ​ស៊ីរី​ម្នាក់ ក្រោម​បទ​ចោទឧក្រិដ្ឋកម្ម​សង្គ្រាម
05, Aug 2023 , 7:39 pm        
រូបភាព
រូបឯកសារ៖ ជនភៀសខ្លួនិងជនអន្តោប្រវេសន៍ដែលភាគច្រើនមកពីប្រទេសស៊ីរី ធ្វើដំណើរតាមរថភ្លើងមកដល់ព្រំដែនភាគខាងត្បូងនៃប្រទេសអាល្លឺម៉ង់ជាប់ក្រុង Passau កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០១៥។
រូបឯកសារ៖ ជនភៀសខ្លួនិងជនអន្តោប្រវេសន៍ដែលភាគច្រើនមកពីប្រទេសស៊ីរី ធ្វើដំណើរតាមរថភ្លើងមកដល់ព្រំដែនភាគខាងត្បូងនៃប្រទេសអាល្លឺម៉ង់ជាប់ក្រុង Passau កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០១៥។
ដោយ: VOA
រដ្ឋអាជ្ញា​បាន​និយាយ​កាល​ពីថ្ងៃទី៣ សីហា ​ថា ប៉ូលិស​អាល្លឺម៉ង់​បាន​ចាប់​ខ្លួន​បុរស​ជនជាតិ​ស៊ីរី​ម្នាក់​ពី​បទឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ រួមទាំង​ការ​បង្ខាំង​មនុស្ស ចំពោះ​ការ​ចោទ​ប្រកាន់​ថា​ បុរស​នេះ​បាន​ចូលរួម​ក្នុង​ការ​បង្រ្កាប​ដ៏​ឃោរឃៅ​លើ​ក្រុមប្រឆាំង​រដ្ឋាភិបាល។ នេះបើយោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP។

ការិយាល័យ​រដ្ឋអាជ្ញា​សហព័ន្ធ​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ​ជនសង្ស័យ​រូប​នេះ​ដែល​ត្រូវ​បាន​បង្ហាញ​ឈ្មោះ​ត្រឹម​ថា Ahmad H ស្រប​តាម​បទដ្ឋាន​ច្បាប់​អាល្លឺម៉ង់ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​ ២៦​ ខែ​កក្កដា នៅ​ទីក្រុង Bremen ភាគ​ខាង​ជើង។ បុរស​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ថ្ងៃ​ទី៣ សីហា តែម្ដង។
បុរស​នេះ​ត្រូវ​បាន​ចោទ​ថា​បាន​ធ្វើ​ជាមេដឹកនាំ​ក្រុមជីវពល shabiha គាំទ្រ​រដ្ឋាភិបាល​ក្នុង​អំឡុង​សង្គ្រាម​ស៊ីវិល​នៅ​ស៊ីរី​ពី​ឆ្នាំ ២០១២​ ដល់​ ២០១៥។ ក្រុម​នេះ​ស្ថិត​នៅ​ក្រុងដាម៉ាស ដោយ​មាន​ភារកិច្ច​ជួយ​កម្ទេច​ពួកប្រឆាំង។
 
ក្រុមជីវពល​នេះ បាន​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ «ដោយ​ចាប់​មនុស្ស​តាមទំនើង​ចិត្ត​ដើម្បី​ជំរិត​ទារ​ប្រាក់​ពី​ពួកគេ​ឬ​សមាជិក​គ្រួសារ​ពួកគេ និង​ប្រព្រឹត្ត​អំពើ​បង្ខំ​ឲ្យ​ធ្វើការ ឬ​ធ្វើ​ទារុណកម្ម»។ នេះ​បើ​តាម​រដ្ឋអាជ្ញា។
 
ក្រុមរដ្ឋអាជ្ញា​បន្ថែម​ថា​ ពួកអ្នក​ប្រយុទ្ធ​នេះ​ក៏​បាន​ប្លន់​ផ្ទះ​របស់​អ្នក​ប្រឆាំង​រដ្ឋាភិបាល លក់​របស់​របរ​ដែល​ប្លន់​បាន​នោះ ហើយទុក​លុយ​ខ្លួនឯង។​
 
បុរសឈ្មោះ​ Ahmad H ដែល​ប្រភព​សន្តិសុខ​និយាយ​ថា​ មាន​អាយុ​ ៤៦ ​ឆ្នាំ ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​ចូលរួម​ «ដោយផ្ទាល់​ក្នុង​ការ​រំលោភបំពាន​ជនស៊ីវិល»។ ប្រភព​និយាយ​ថា ​ក្នុង​ហេតុការណ៍​មួយ​នៅ​ឆ្នាំ​ ២០១៣ បុរស​រូប​នេះ​បាន​បញ្ជា​ឲ្យ​មនុស្ស​របស់​ខ្លួន​ «ធ្វើ​បាប​បុរសម្នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​រាប់ម៉ោង​ដោយប្រើ​បំពង់​ជ័រ»។
 
ចន្លោះ​ខែ​ធ្នូ​ ឆ្នាំ​ ២០១២ ​និង​ដើម​ឆ្នាំ ​២០១៥ បុរសនេះ​ត្រូវ​បានចោទប្រកាន់​ថា​បាន​ចាប់​ខ្លួន​ក្រុម​មនុស្ស​ពី​ ២៥ ​ទៅ​ ៣០ ​នាក់​ចំនួន​ពីរ​ដង ហើយ​បង្ខំ​ពួកគេ​ឲ្យ​លី​បាវ​ខ្សាច់​ទៅ​កន្លែង​ប្រយុទ្ធ​គ្នា​ដែល​នៅ​ក្បែរ​នោះ ដោយ​មនុស្ស​ទាំង​នោះ​ប្រឈម​នឹង​ការ​បាញ់គ្នា​ទៅវិញ​ទៅមក ហើយ​ត្រូវ​គេបង្អត់​អាហារ​និង​ទឹក​ ខណៈ​ទទួលរង​ការវាយដំ​ផងដែរ។
 
គេ​មិន​ទាន់​ច្បាស់​ទេ​ថា តើ​បុរស​ឈ្មោះ Ahmad H នេះ ចូល​ក្នុង​ប្រទេស​អាល្លឺម៉ង់​ពេល​ណា ឬ​ថាតើ​សាក្សីណា​បាន​រាយការណ៍​អំពី​បុរស​នេះ​ប្រាប់​ទៅ​អាជ្ញាធរ និង​មាន​ភស្តុតាង​អ្វី​ប្រឆាំង​បុរស​រូប​នេះ។ អ្នកនាំពាក្យ​ការិយាល័យ​រដ្ឋអាជ្ញា​សហព័ន្ធ​បដិសេធ​មិន​ផ្តល់​សេចក្តី​លម្អិត​បន្ថែម​ទៀត​ទេ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com