កីឡាជាតិ
ជាតិ
កីឡាករបរទេស​រកបាន​១៤គ្រាប់ក្នុងចំណោម​១៧គ្រាប់នាសប្តាហ៍បើកឆាក CPL 2023
09, Aug 2023 , 10:48 am        
រូបភាព
ពានរង្វាន់លីគកំពូលកម្ពុជា (CPL) ឆ្នាំ២០២៣ បើកការប្រកួត​សប្តាហ៍​ដំបូង​របស់ខ្លួន ដោយ​មាន​ការស៊ុត​បាល់​បញ្ចូលទី​សរុប​​១៧គ្រាប់​ក្នុងចំណោម​៥ប្រកួត។ កីឡាករបរទេសពីអាម៉េរិកឡាទីន, អាម៉េរិកខាងជើង, អាហ្វ្រិក, អឺរ៉ុប, អាស៊ី និងអាស៊ាន ផ្ទាល់ ​ជា​ម៉ាស៊ីន​រកគ្រាប់បាល់នាំមុខ តាមរយៈការសម្រេចបាន​រហូត​ដល់​ទៅ​១៤គ្រាប់ ខណៈ​កីឡាករ​ក្នុងស្រុក​រកបាន​៤គ្រាប់។

 
៩គ្រាប់​ជំនួប​បើកឆាក​រវាងណាហ្គាវើលដ៍ និង​ព្រៃវែង

កាលពី​រដូវកាលមុន ព្រៃ​វែង​បាន​បញ្ចប់​ចំណាត់ថ្នាក់​លេខ​៥​នៅ​លីគ២ ប៉ុន្តែ​ពួក​គេ​មានឱកាស​វិល​ត្រឡប់មកកាន់​ក្របខណ្ឌកំពូល​វិញ ដោយសារតែ​៣ក្រុម​ផ្សេងទៀត មិន​មាន​លក្ខខណ្ឌគ្រប់គ្រាន់​ក្នុងការទទួល​បានអាជ្ញាបណ្ណសម្រាប់វត្តមាន​នៅ​លីគ​កំពូល។
 
ជា​ការចាប់ផ្តើមមិន​សូវ​ល្អនោះឡើយ សម្រាប់ក្រុម​ដែល​ដឹកនាំ​ដោយ​លោក ឡុង ឫទ្ធា នៅកីឡដ្ឋាន​ខេត្ត​ព្រៃវែង​របស់ខ្លួន ដោយ​ត្រឹម​១៩នាទី​ប៉ុណ្ណោះ ក្រុម​ភ្ញៀវ​ណាហ្គាវើលដ៍ រក​បាន​៣គ្រាប់ជាបន្ត​បន្ទាប់។ គ្រាប់​បើក​ឆាក​ប្រចាំ​រដូវកាល សម្រេច​បាន​ដោយ​ខ្សែប្រយុទ្ធ​ប្រេស៊ីល Cristian នៅនាទី ទី​៥ ហើយ​មួយនាទីក្រោយមក Marques Marcio បន្ថែម​បាន​១គ្រាប់ មុនពេល​ដែល​ខ្សែប្រយុទ្ធ​ប្រេស៊ីល​ដដែល​រូបនេះ រកបានគ្រាប់ទីពីរ​របស់ខ្លួននៅនាទី​១៩។
 


នៅនាទី​២៦ ខ្សែប្រយុទ្ធមីយ៉ាន់ម៉ា Thiha Zaw វាយ​បក​បាន១គ្រាប់វិញ​សម្រាប់ម្ចាស់ផ្ទះ​ព្រៃវែង តែមិន​បាន​ដល់​៣នាទី​ស្រួល​បួល​ផង Marques Marcio រកបាន​គ្រាប់ទី​៣​របស់ខ្លួន (Hat-trick) ​ក្នុងការ​ប្រកួត។
 
ក្រោយ​សម្រាកតង់ ណាហ្គាវើល​ដ៍ បង្កើន​លទ្ធផល​នាំមុខ ៥-១ ដែលជាការ​សម្រេច​ទី​របស់​ ដាវ នីម ក្នុងនាមជាកីឡាករ​ក្នុងស្រុក​ទី១ ដែល​រក​គ្រាប់បាល់បញ្ចូលទី។ ជាមួយ​នឹងការ​ព្យាយាម មិន​បោះបង់ ព្រៃវែង បាន​ដាក់សម្ពាធយ៉ាងខ្លាំងទៅ​លើ​ណាហ្គា ហើយ​វាយ​បក​រហូត​ដល់​ទៅ​៣គ្រាប់​វិញ ជាបន្តបន្ទាប់ ពីសំណាក់ខ្សែការពារ ឌី ផារ៉ាន់ នៅនាទី​៦៦, ខ្សែបម្រើ ថា គ្រីយ៉ា នៅនាទី៨៦ និង​ប្រធានក្រុមជប៉ុន So Omae នៅ៦នាទី​ចុងក្រោយនៃ​ម៉ោង​បន្ថែម។

ខ្សែប្រយុទ្ធ​ឥណ្ឌូណេស៊ី Rafli Mursalim បង្ហាញវត្តមានជាលើកដំបូង​សម្រាប់ណាហ្គា​ចាប់ពីនាទី​៥៥ ដោយចូល​ជំនួស​ដាវ នីម ប៉ុន្តែ​៩នាទីក្រោយមក គេ​បានទទួល​កាតលឿងពី​លោកអាជ្ញាកណ្តាល ឃួន វីរៈ ដែល​ជាការ​ពិន័យ​កាតលើកដំបូង​ប្រចាំរដូវកាល។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុម​ដែលដឹកនាំដោយគ្រូបង្វឹក​ប្រេស៊ីល Borges Jose Alves ទទួលបាន​៣ពិន្ទុ​បើកឆាក ក្រោយជ័យជម្នះ​ប្រផិយ​ប្រផើយ​លើ​ម្ចាស់ផ្ទះ ព្រៃវែង។
 
៣គ្រាប់តែម្នាក់ឯង​សម្រាប់​ការ​ប្រកួត​ដំបូង កាលពី​ថ្ងៃទី​៥ ខែសីហា នាំឱ្យ​ខ្សែប្រយុទ្ធ​ប្រេស៊ីល Marques Marcio ជាប់​រង្វាន់​ជាកីឡាករ​ឆ្នើម​ប្រចាំការប្រកួត​ផងដែរ។
 

 
ម្ចាស់ផ្ទះ​វិសាខា រកបាន​២គ្រាប់​លើគិរីវង់ ដោយគ្មាន​ការតបត

នៅ​ថ្ងៃសៅរ៍ដដែល គ្រូបង្វឹកសញ្ជាតិស្កុតឡេន លោក Simon McMenemy ដែលមាន​ប្រវត្តិ​ដឹកនាំ​ក្រុមជម្រើសជាតិ​ហ្វីលីពីន និង​ឥណ្ឌូណេស៊ី រីករាយ​ជាមួយ​នឹង​៣ពិន្ទុ​បើកឆាក ក្នុងនាមជាគ្រូបង្វឹក​ក្លិប​វិសាខា។ ម្ចាស់ទឹកដីកីឡដ្ឋាន​ព្រីនស៍ បានយក​ឈ្នះ​គិរីវង់​សុខសែនជ័យក្រោម​ការ​ដឹកនាំ​របស់​លោក សាប៊ូន វិនតា ២-០។
 
ដូចជំនួប​ណាហ្គា និង​ព្រៃវែងផងដែរ គឺកីឡាករ​ប្រេស៊ីល​ទៀត​ហើយ ដែលបាន​ស៊ុត​បាល់បញ្ចូលទីដំបូង​ក្នុងការ​ប្រកួត។ នៅនាទី ទី​៣៥ ខ្សែប្រយុទ្ធ Jonata ដែលផ្ទេរមកពីក្លិបព័រទុយហ្គាល់ Oliveirense ស៊ុត​បាល់ប៉េណាល់ទីបាន​សម្រេច ក្រោយពេល​ដែលខ្សែការពារគិរីវង់ បង្កើតកំហុសដោយ​យកដៃប៉ះបាល់នៅតំបន់គ្រោះថ្នាក់ និង១គ្រាប់ទៀត រកបានដោយ ស៊ិន សុផាណាត់ នៅនាទី៧១។ ក្នុងជំនួបនេះ ម្ចាស់​ពាន Man of The Match គឺបានទៅ​លើខ្សែការពារវិសាខា អ៊ុក សុវណ្ណ។
 


ភ្នំពេញក្រោនឈ្នះបឹងកេត ២-១ ក្នុងជំនួបដែលមានអ្នកទស្សនាផ្ទាល់ជាង​៥០០០នាក់
 
ជំនួបដែល​ត្រូវបាន​ចាត់ទុក​ដូចជា El Clasico  រវាង Barcelona និង Real Madrid នេះ ទាក់ទាញអ្នកទស្សនាផ្ទាល់​​ជាង​៥០០០នាក់ នៅ​កីឡដ្ឋានស្មាត អអេសអិន កាលពីល្ងាច​ថ្ងៃអាទិត្យ។ លទ្ធផលស្មើ ១-១ នៅ​៤៥នាទី​ដំបូង ដោយ​ខ្សែប្រយុទ្ធស៊ែប៊ី Stefan Golubovic រកបានគ្រាប់នាំមុខ​សម្រាប់បឹងកេតនៅនាទី១៣ ហើយខ្សែបម្រើជប៉ុន Yudai Ogawa វាយ​បក​តាម​ស្មើវិញ​នៅនាទី​៣៧ ដោយ​បាល់ប៉េណាល់ទី។

មួយនាទី​ដំបូង ក្រោយ​សម្រាក​តង់ ខ្សែប្រយុទ្ធជប៉ុន Shimzu Shintaro ជួយ​ឱ្យ​ម្ចាស់ផ្ទះ​ភ្នំពេញក្រោន នាំមុខ ២-១ ហើយ​លទ្ធផលនេះ ត្រូវ​រក្សា​រហូត​ដល់បញ្ចប់​ការ​ប្រកួត។ ម្ចាស់​ការពារ​តំណែងជើងឯក ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​អ៊ុយក្រែន Oleg Starynskyi បើកឆាកជាមួយ៣ពិន្ទុ ខណៈ​ភ្ញៀវបឹងកេតរបស់គ្រូបង្វឹក​សិង្ហបុរី Clement Teo រងនូវការ​ខកចិត្ត បើទោះបីជាខ្សែប្រយុទ្ធ​ឆ្នើម ចាន់ វឌ្ឍនាកា ព្យាយាម​កែប្រែស្ថានភាព​ចាប់ពីនាទី ទី​៦៥ ក៏ដោយ។
 
លេង​ពេញ​តង់ ជាមួយនឹង​សមត្ថភាព​ដ៏អស្ចារ្យសម្រាប់ភ្នំពេញ​ក្រោន​ នាំឱ្យខ្សែបម្រើ Yudai Ogawa ជាប់ជា Man of the Match។
 


ពីរគ្រាប់​របស់ Marcus Haber សម្រាប់ភ្ញៀវព្រះខ័នរាជ លើទឹក​ដីកងយោធពលខេមរភូមិន្ទ
 
នៅ​ស្តាតចាស់ឯណោះវិញ ម្ចាស់ផ្ទះកងយោធពល​ខេមរភូមិន្ទ រង​នូវការ​ខក​ចិត្ត ដោយ Marcus Haber បន្តបង្ហាញភាពមុត​ស្រួចនៅមុខ​ទីសម្រាប់ព្រះខ័នរាជស្វាយរៀង។ ម្ចាស់ស្បែក​ជើងមាស​រដូវកាលមុន ដែលមាន​ដើម​កំណើត​កាណាដា​រូបនេះ បាន​ស៊ុត​បាល់​បញ្ចូលទី​២គ្រាប់តែម្នាក់ឯងនៅ​ដើម​តង់ទីមួយ ក្នុងនាទី​៦ និងនាទី​១៣។

ជាការ​ចាប់ផ្តើម​មិន​ល្អ​សម្រាប់​លោក ភា សុភ័ក្ត្រា ក្នុងការ​ដឹកនាំ​ក្រុម​កងយោធពលខេមរភូមិន្ទ​ដំបូង តែជាលទ្ធផលដ៏វិជ្ជមាន​របស់​គ្រូបង្វឹក​អេស្ប៉ាញ Pep Munoz លើ​ការ​ដឹកនាំ​ក្រុមភ្ញៀវ​ព្រះខ័នរាជ​ស្វាយ​រៀង ក្នុងសប្តាហ៍ទី១។ រីឯម្ចាស់ពាន Man of the Match គ្មានអ្នកណាក្រៅពី Marcus Haber នោះឡើយ។
 

 
អាយ អេស អាយ បង្ហាញវត្តមានដំបូងជាមួយនឹងជ័យជម្នះ
 
អាយ អេស អាយ ដង្កោសែនជ័យ ដែល​ទើបតែឡើងពីលីគ២ បើកឆាកជាមួយនឹងជ័យជម្នះ​សម្រាប់វត្តមាន​លើកដំបូង​ក្នុង​ក្របខណ្ឌកំពូល។ អរគុណប្រធាន​ក្រុមសញ្ជាតិកូតឌីវ័រ Abdel Kader Coulibaly សម្រាប់៣ពិន្ទុ​បើកឆាក។
 
ជ័យ​ជម្នះ ១-០ នេះ កើត​ឡើង​នៅនាទី​៥២ នៅកីឡដ្ឋាន អេ អាយ អេ, ខេ អឹម អេច ផាក របស់ក្រុមចំណូល​ថ្មី អាយ អេស អាយ ដែលមាន​លោក John Botioba សញ្ជាតិហ្គាណា ជាគ្រូបង្វឹក ខណៈអង្គរថាយហ្គឺររបស់គ្រូបង្វឹកអង់គ្លេស Alistair Heath ចាប់ផ្តើមមិនល្អនៅក្រៅដី។
 
Coulibaly ដែលលេង​ដំណែងជាខ្សែប្រយុទ្ធ ជាប់​ជាកីឡាករឆ្នើម​ប្រចាំ​ការប្រកួត ក្រោយ​ជ័យ​ជម្នះ​បើកឆាក​ដ៏មានន័យ​របស់​ម្ចាស់ផ្ទះ អាយ អេស អាយ។


 
ការទស្សនាទាំង ៥ ទីតាំងក្នុងស​ប្ដាហ៍ទី១នេះ មានចំនួនសរុប ១០៦១២នាក់ ក្នុងនោះកីឡដ្ឋាន ខេត្តព្រៃវែង ចំនួន ១០២៦នាក់, កីឡដ្ឋានព្រីនស៍ ១៩៥៣នាក់, កីឡដ្ឋានស្ដាតចាស់ ៩៣១នាក់, កីឡដ្ឋាន Smart RSN ៥០៧៨ នាក់ និង អាយ អេស អាយ ដង្កោសែនជ័យ ១៦២៤នាក់។
 
សម្រាប់សប្តាហ៍ទីពីរ  ព្រះខ័នរាជ​ស្វាយ​រៀង​ស្វាគមន៍ភ្នំពេញក្រោន នាល្ងាច​ថ្ងៃសុក្រទី១១ ខែសីហា។ មុន​ពេល​ណាហ្គាវើលស៍ ទទួលភ្នំពេញក្រោន រីឯព្រៃវែងទៅកាន់ទឹកដី អាយអេសអាយ ដង្កោសែនជ័យ នា​ល្ងាចថ្ងៃសៅរ៍។ ឈាន​ដល់ថ្ងៃអាទិត្យ គិរីវង់សុខសែនជ័យ ប៉ះភ្ញៀវ​ភ្ញៀវ​ខេមរភូមិន្ទ មុនបឹងកេតតទល់ជាមួយ​អង្គរ​ថាយហ្គឺរ៕
 
ប្រភពរូបថតទាំងអស់៖ ទំព័រហ្វេសប៊ុក Cambodian Premier League
 

© រក្សាសិទ្ធិដោយ thmeythmey.com