ជាតិ
សមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុ ឆ្លើយតបការចោទប្រកាន់លើការដាក់សម្ពាធជ្រុលហួសហេតុ ពីមន្រ្តីឥណទាន នៅក្នុងខេត្តរតនគិរី
09, Aug 2023 , 3:39 pm        
រូបភាព
សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ឆ្លើយតបការចោទប្រកាន់ទាក់ទងនឹងការដាក់សម្ពាធជ្រុលហួសហេតុពីមន្រ្តីឥណទាន នៅក្នុងខេត្តរតនគិរី។



សមាគមទាំងពីរ បានអះអាងពីការយកចិត្តទុកដាក់ទៅលើការចោទប្រកាន់ជុំវិញការធ្វើអត្តឃាត និងការប៉ុនប៉ងធ្វើអត្តឃាត ដោយសារការបង្ខំលើការប្រមូលបំណុល ពីមន្រ្តីឥណទាននៃគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅក្នុងខេត្តរតនគិរី។ ជុំវិញការចោទប្រកាន់នេះ សមាគមទាំងពីរ បានស្នើឲ្យគ្រឹះស្ថាននីមួយៗ ដែលមានឈ្មោះនៅក្នុងរបាយការណ៍នោះ ត្រូវត្រួតពិនិត្យឲ្យបានហ្មត់ចត់ទៅលើករណីចោទប្រកាន់ទាំងអស់នោះ។
 
«ដើម្បីធានាបាននូវភាពត្រឹមត្រូវ និង ភាពមិនលម្អៀងលើលទ្ធផលនៃការរកឃើញចំពោះបញ្ហានេះ សមាគមយល់ឃើញថា ចាំបាច់នឹងមានការស៊ើបអង្កេត ឯករាជ្យមួយផ្សេងទៀត។

ប្រសិនបើពិតជាមានការប្រព្រឹត្តិខុសពីសំណាក់គ្រឹះស្ថានហិរញ្ញវត្ថុជាសមាជិកមែននោះ សមាគមទាំងពីរ នឹងគាំទ្រយ៉ាងខ្លាំងក្លាចំពោះចំណាត់ការវិន័យលើគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុឬបុគ្គលពាក់ព័ន្ធ។ វិធានការដ៏ម៉ឺងម៉ាត់នេះគឺជាការចាំបាច់ដើម្បីរក្សាកេរ្តិ៍ឈ្មោះនិងទំនុកចិត្តសាធារណជនមកលើប្រព័ន្ធធនាគាររបស់យើង»។ នេះបើតាមសមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលបានបន្ថែមថា សមាគមកំពុងធ្វើការយ៉ាងសស្រាក់សស្រាំ លើរបៀបវារៈនៃការផ្តល់កម្ចីប្រកបដោយការទទួលខុសត្រូវ និងការដាក់ចេញនូវគោលការណ៍ការពារ​ អ្នកប្រើប្រាស់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។
 
សមាគមទាំងពីរ ក៏អរគុណអង្គការមិនមែនរដ្ឋាភិបាល ដែលបានយកចិត្តទុកលើបញ្ហានេះ។ សមាគមទាំងពីរ បង្ហាញក្តីសង្ឃឹមដូច្នេះ៖«នៅពេលអនាគត យើង(សមាគមធនាគារ សមាគមមីក្រូហិរញ្ញវត្ថុ និងអង្គការមិនមែនរដ្ឋាភិបាល) នឹងអាចធ្វើការជាមួយគ្នាប្រកបដោយប្រសិទ្ធភាព ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់»។
 
បន្ថែមពីនេះ សមាគមទាំងពីរ អះអាងថា នឹងបន្តចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ ទាំងរបៀបវារៈចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងលទ្ធភាពទទួលបានហិរញ្ញវត្ថុ ដោយធានាថា សមាជិកទាំងអស់របស់សមាគមប្រកាន់ខ្ជាប់នូវគោលការណ៍នៃការផ្តល់កម្ចីប្រកបដោយការទទួលខុសត្រូវ និងការអនុវត្តឱ្យបានហ្មត់ចត់​ នូវក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
 
សមាគមទាំងពីរ នឹងបន្តពិនិត្យមើលលើគោលនយោបាយនៃការវាយតម្លៃឥណទានរបស់គ្រឹះស្ថានហិរញ្ញវត្ថុនីមួយៗ និងគោលនយោបាយប្រមូលបំណុល រួមបញ្ចូលទាំងការកែលម្អចាំបាច់ ដើម្បីធានាបាននូវដំណោះស្រាយត្រឹមត្រូវនិងសមស្រប ដែលអាចទទួលយកបាន សម្រាប់ផលប្រយោជន៍របស់អតិថិជន និងធនាគារ ក៏ដូចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៕
 

Tag:
 ហិរញ្ញវត្ថុ
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com