កីឡាជាតិ
ជាតិ
សាលី អ៊ូមើត នឹងបង្កើនធនធានកីឡាករម៉ូតូទឹកឱ្យសមនឹងទីលានហ្វឹកហាត់តម្លៃជាង១លានដុល្លារ
09, Aug 2023 , 6:59 pm        
រូបភាព
កីឡាករ សាលី អ៊ូមើត ប្រកួតម៉ូតូទឹក រូបពីហ្វេសប៊ុក Saly Oumoeut
កីឡាករ សាលី អ៊ូមើត ប្រកួតម៉ូតូទឹក រូបពីហ្វេសប៊ុក Saly Oumoeut
សាលី អ៊ូមើត ម្ចាស់មេដាយមាសកីឡាម៉ូតូទឹកស៊ីហ្គេម លើកទី៣២ នឹងពង្រឹងធនធានកីឡាករ និងចែករំលែកបទពិសោធន៍ បច្ចេកទេសប្រកួតកីឡាម៉ូតូទឹក ដល់អ្នកបន្ដវេនជំនាន់ក្រោយរបស់កម្ពុជា ឲ្យមានសមត្ថភាពខ្លាំង ដូចខ្លួន។ អ៊ូមើត កំពុងសាងសងទីលានហ្វឹកហាត់ម៉ូតូទឹក លើផ្ទៃដីជាង ១០ហិតា នៅភូមិក្រញ៉ូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដោយចំណាយលុយ ជាង ១លានដុល្លា។ ការសាងសង់ទីលានហ្វឹកហាត់ដ៏ធំនេះ ក្នុងគោលបំណងពង្រឹងកីឡាម៉ូតូទឹកកម្ពុជាឲ្យខ្លាំង មានសមត្ថភាពអាចដណ្ដើមជ័យលាភី គ្រប់ព្រឹត្តិការណ៍។



យោងលើបទសម្ភាសរបស់លោក សាលី អ៊ូមើត ជាមួយក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ម្ចាស់មេដាយមាសស៊ីហ្គេមលើកទី៣២ លើកីឡាម៉ូតូទឹក បានបញ្ជាក់ប្រាប់ថា រូបលោក កំពុងសាងសង់ទីលានម៉ូតូទឹក មួយកន្លែងក្នុងខេត្តក្រចេះ ដែលមានផ្ទៃដីជាង ១០ហិតា ជាមួយថវិការជាង ១លានដុល្លា។ កីឡាករជាអ្នកស្រុកមេមត់រូបនេះ បញ្ចាក់ទៀតថា កញ្ចប់ថវិការសាងសង់នេះ គឺជាលុយ ដែលបានសន្សំពីការប្រកួត និងជ័យលាភីអន្ដរជាតិនានា ក្នុងនោះមានទាំងថវិការជ័យលាភីមេដាយមាស ក្នុងព្រឹត្តិការណ៍ Asian Games 2018 ផងដែរ។
 
សាលី អ៊ូមើត បានប្រាប់ពីគោលបំណងក្នុងការសាងសងនេះ​ថា រូបលោក ចង់ផ្ដល់ឱកាសឲ្យយុវជនកម្ពុជាគ្រប់រូប បានចូលហ្វឹកហាត់កីឡាមួយប្រភេទនេះ ម្យ៉ាងវិញទៀត ក៏ដើម្បីបន្ដវេន ពីរូបលោកផងដែរ។ អ្នកប្រណាំងម៉ូតូលើផ្ទៃទឹករូបនេះ​ បន្ថែមទៀតថា ប្រសិនជាទីតាំងនេះ រួចរាល់យុវជនទាំងអស់ អាចចូលហ្វឹកហាត់ ដោយមិនគិតថ្លៃអ្វីឡើយ។ ម្ចាស់មេដាយមាសរូបនេះ មានឆន្ទៈ ចង់ឲ្យអ្នកជំនាន់ក្រោយកម្ពុជា មានសមត្ថភាពអាចប្រជែងយកជ័យលាភីនានា លើឆាកអន្ដរជាតិ តាមរយៈវិស័យកីឡាមួយនេះ។ 
 
«ខ្ញុំ ចង់ បញ្ចេញស្នារដៃ របស់ខ្ញុំ និយាយរួមទៅ បច្ចេកទេសខ្ញុំ មាន គឺខ្ញុំ ចង់បង្រៀនពួកគាត់ ដើម្បីឲ្យពួកគាត់ យកបច្ចេកទេសទាំងនេះ ទៅប្រកួតលើឆាកអន្ដរជាតិ។ ខ្ញុំ ខ្លាំង អ្នកបន្ដវេន ពីខ្ញុំ ត្រូវតែខ្លាំងដែរ។»។ កីឡាករ សាលី អ៊ូមើត បាននិយាយដូច្នេះ។ 
 
សាលី អ៊ូមើត អះអាងថា ទាំងនេះ គឺជាថវិការផ្ទាល់ខ្លួន។ ហើយមានការជួយពី ម្ចាស់ក្លិបកីឡាម៉ូតូទឹក Flamengo ដោយអ៊ូមើត បានស្នើម្ចាស់ក្លិប ជាមួយប្រាក់ខែរបស់ខ្លួន ក្នុងក្លិប ដើម្បីគួបផ្សំគ្នា បង្កើតជាក្លិបមួយ ដោយជីកដី ធ្វើជាស្រះ។ មកទល់ពេលនេះ ទីលានម៉ូតូទឹក សម្រេចបាន ៣០ភាគរយ ហើយ។ កីឡាកររូបនេះ ចង់ពន្លឿនការធ្វើទីលាននេះ ឲ្យចប់មុនពេលការប្រកួតស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ ព្រោះចង់ពង្រឹងសមត្ថអត្ដពលិក មុនចេញទៅប្រកួត។
 
អ្នកខេត្តត្បូងឃ្មុំរូបនេះ ក៏តូចចិត្តខ្លះដែរ ចំពោះការទៅហ្វឹកហាត់នៅក្រៅប្រទេស ដូច្នេះហើយបានជា រូបលោក ព្យាយាមសន្សំថវិកា ធ្វើទីលានមួយសម្រាប់កីឡាករកម្ពុជា មានកន្លែងហ្វឹកហាត់ក្នុងប្រទេស។ «ខ្ញុំ ចង់ពង្រឹងកីឡាករប្រទេសរបស់យើង ព្រោះរាល់ថ្ងៃនេះ ខ្ញុំ ហ្វឹកហាត់នៅប្រទេសថៃ គឺមានពាក្យចចាមរាម ដែលយើងទៅហ្វឹកហាត់នៅស្រុកគេ គេនិយាយដឿមដាម។ យើង ជាខ្មែរ ពេលគេនិយាយដៀមដាមដល់យើង យើង មានកូនចិត្តមួយខឹង ប៉ុន្ដែ យើងត្រូវតាំងចិត្ត ដោយសារ សម្ដេច បាននិយាយថា ធ្វើជាកីឡាករ យើងត្រូវមានចិត្ត​អត់ធ្មត់ កុំប្រើអំពើហឹង្សា ចិត្តក្ដៅ ធ្វើឲ្យខូចការធំ។»។ ម្ចាស់មេដាយមាសរូបនេះ​ បានប្រាប់ពីការអាក់អន់ចិត្តបែបនេះ។
 
សាលា អ៊ូមើត ជឿថា ក្រោយទទួលបានទីលានស្ដង់ដា វិស័យកីឡាម៉ូតូទឹកកម្ពុជា អាចនឹងរីកចម្រើនខ្លាំង ព្រោះមានកន្លែងហ្វឹកហាត់ក្នុងស្រុក។ កីឡាកររូបនេះ ចង់ឲ្យយុវជនជំនាន់ក្រោយកម្ពុជា មានសមត្ថភាព លើវិស័យកីឡាមួយប្រភេទនេះ មុនពេលរូបគេ ចូលនិវត្ត។ សាលី អ៊ូមើត មានមោទកភាពណាស់ ដែលកើតជាកូនខ្មែរ។
 
កីឡាករម៉ូតូទឹកកម្ពុជារូបនេះ បាននិយាយដូច្នេះថា៖«ប្រសិនជាខ្ញុំ អភិវឌ្ឍទីលានរបស់ខ្ញុំឲ្យជោគជ័យ ដូចអ្វីខ្ញុំ រំពឹងទុក ខ្ញុំ នឹងបណ្ដុះបណ្ដាល ក្មេងជំនាន់ក្រោយ ឲ្យដណ្ដើមមេដាយ គ្រប់ការប្រកួតមិនថាព្រឹត្តិការណ៍អ្វីក៏ដោយ។ ខ្ញុំ មានចិត្តស្រឡាញ់ប្រទេសខ្មែរ។ ខ្ញុំ​មានជាតិសាសន៍ ជាខ្មែរ ខ្ញុំ ត្រូវតែជួយប្រទេសកម្ពុជា។»៕
 

Tag:
 ម៉ូតូទឹក
  សាលី អ៊ូមើត
© រក្សាសិទ្ធិដោយ thmeythmey.com