កីឡាជាតិ
ជាតិ
ការមើលស្រាលគ្រប់រូបភាពមិនអាចបង្អាក់ ប្លុង ពេជ្រអក្ខរ៉ា ក្លាយជាអាជ្ញាកណ្តាលស្ត្រីកម្រិត FIFA ឡើយ
10, Aug 2023 , 8:39 am        
រូបភាព
កញ្ញា ប្លុង ពេជ្រអក្ខរ៉ា​ នៅកណ្ដាល រូបពី ប្លុង ពេជ្រអក្ខរ៉ា
កញ្ញា ប្លុង ពេជ្រអក្ខរ៉ា​ នៅកណ្ដាល រូបពី ប្លុង ពេជ្រអក្ខរ៉ា
ព្រោះតែជម្នះពាក្យមើលស្រាលលើស្ដ្រី និងមហិច្ឆតាចង់ក្លាយជាអាជ្ញាកណ្ដាលបាល់ទាត់ស្ដ្រីអន្ដរជាតិទីមួយក្នុងប្រទេសកម្ពុជា កញ្ញា ប្លុង ពេជ្រអក្ខរ៉ា បានប្រឹងប្រែងរហូតសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ទទួលស្គាល់នៅចុងឆ្នាំ២០២២។ ជាប់ជាអាជ្ញាកណ្ដាល FIFA អក្ខរ៉ាមើលឃើញថា បានផ្លាស់ប្ដូទស្សនៈអវិជ្ជមានមួយចំនួន ហើយយល់ថាស្ដ្រី ក៏អាចបំពេញតួនាទីនេះ បានយ៉ាងល្អ ដូចជាបុរស។  អាជ្ញាកណ្តាលវ័យ២៨ឆ្នាំ ថារាល់ពាក្យរិះគន់ ឬការបង្អាក់ដំណើរផ្សេងៗរបស់អ្នកដទៃ មិនអាចបញ្ឈប់ការអភិវឌ្ឍរបស់ខ្លួន បានទេ។



កញ្ញា ប្លុង ពេជ្រអក្ខរ៉ា គឺជាកូនទី១ នៃគ្រួសាររបស់លោក ប្លុង ព្រីសេដ្ឋ ជាឪពុក និងលោកស្រី ហាស់ បូភ័ស្ដ ជាម្ដាយ។ នារីវ័យ ២៨ឆ្នាំនេះ មានប្អូនប្រុស២នាក់។ ដោយសារតែជីវភាពបរិបូណ៍ ព្រោះលោកឪពុក ជានគរបាល រួមទាំងម្ដាយ មានអាជីវកម្មលក់ជី និងថ្នាំកសិកម្មផង កញ្ញា អក្ខរ៉ា មានពេលគ្រប់គ្រាន់ក្នុងការសិក្សា និងការចូលរួមក្នុងសកម្មភាពកីឡា។
 
កញ្ញា អក្ខរ៉ា បានចូលប្រឡូងក្នុងវិស័យអាជ្ញាកណ្ដាល តាំងពីឆ្នាំ២០១៤ ដែលពេលនោះ កញ្ញា គ្រាន់តែជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យហ៊ុន សែន សេរីភាព ក្នុងក្រុងតាខ្មៅ។ ចំពោះអាណាព្យាបាលរបស់ អក្ខរ៉ា មិនបានហាមឃាត់កូនទេ ផ្ទុយទៅវិញបានលើកទឹកចិត្តកញ្ញា ឲ្យបន្ដនូវអ្វីជាក្ដីសង្ឃឹមរបស់កូនស្រីរូបនេះ បន្ថែមទៀត។ នៅឆ្នាំ២០១៥ ក្រោយប្រឡងជាប់បាក់ឌុប កូនស្រីច្បងរូបនេះ ​បានចូលទៅសិក្សានៅវិទ្យាស្ថានជាតិអប់រំកាយ រហូតបានបញ្ចប់នៅឆ្នាំ២០១៧។ នៅឆ្នាំ ដដែរនោះក្រោយបញ្ចប់ការសិក្សា កញ្ញា អក្ខរ៉ា បានទៅបង្រៀននៅវិទ្យាល័យហ៊ុន សែន សៀមរាប ដែលស្ថិតនៅខេត្តសៀមរាប។ 
 
អំឡុងពេលចេញបង្រៀនពោល គឺចាប់ពី២០១៤ រហូត ដល់ឆ្នាំ២០២២ កញ្ញា អក្ខរ៉ា​ បានរៀនវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ហើយក៏បានអនុវត្តផ្ទាល់នៅលើទីលានផង។ អ្វី ដែលទាញយកចំណាប់អារម្មណ៍របស់ស្ដ្រីកម្ពុជារូបនេះ កាន់តែខ្លាំងនោះ គឺឆន្ទៈចង់ក្លាយជាអាជ្ញាកណ្ដាលស្ដ្រីកម្ពុជាដំបូងគេ ទទួលស្គាល់ដោយ FIFA ព្រោះមិនមានអាជ្ញាកណ្ដាលស្រីកម្ពុជាណា ពីមុនមក ត្រូវបានស្ថាប័នបាល់ទាត់អន្ដរជាតិនេះ ទទួលស្គាល់នៅឡើយទេ។
 
«អ្វី ធ្វើឲ្យចាប់អារម្មណ៍ ពេលចូលដល់វគ្គអាជ្ញាកណ្ដាលកម្រិតដំបូង គ្រូបង្វឹក បង្ហាញថា ក្នុងប្រទេសកម្ពុជា ពុំទាន់មានអាជ្ញាកណ្ដាលជាស្ដ្រី បានជាប់ជាអាជ្ញាកណ្ដាលអន្ដរជាតិនៅឡើងទេ។ នៅពេលបានលឺក្នុងចិត្ត មានមហិច្ឆិតា ចង់ឲ្យរូបខ្លួនខ្លាចជាស្ដ្រីខ្មែរដំបូងគេ ជាប់ជាអាជ្ញាកណ្ដាលស្ដ្រីកម្រិត FIFA។» កញ្ញា ប្លុង ពេជ្រអក្ខរ៉ា បាននិយាយដូច្នេះ។ 
 
អាជ្ញាកណ្ដាល វ័យ២៨ឆ្នាំនេះ បានផ្លាស់ប្ដូទស្សនៈសង្គមមួយចំនួន ដែលធ្លាប់យល់ថាស្ដ្រីមិនអាចបំពេញតួនាទីជាអាជ្ញាកណ្ដាល បានយ៉ាងល្អទេ តែប្រែទៅជាយល់ថាស្ដ្រីក៏មានសមត្ថភាពគ្រប់គ្រាន់អាចបំពេញតួនាទីនេះបានដែរ។ ដោយឡែកមុន FIFA និងសង្គមទទួលស្គាល់ កញ្ញា អក្ខរ៉ា បានបញ្ជាក់ថា ខ្លួនត្រូវបានមនុស្សមួយចំនួន មិនឲ្យតម្លៃ និងប្រើពាក្យបង្អាក់ដំណើរ ដោយថាស្ដ្រីមិនអាចបំពេញតួនាទីនេះបាន ហើយថែងទាំងមិនឲ្យតម្លៃសម្រាប់ការកាត់សេចក្ដីក្នុងទីលានផងដែរ។ ប៉ុន្ដែដើម្បីជម្នះឧបសគ្គក្នុងអាជីពនេះ  កញ្ញា អក្ខរ៉ា បានបន្ដថាត្រូវប្រឹងប្រែងហាត់ទាំងកម្លាំងកាយ បច្ចេកទេស បូករួមជាមួយ ការប្រឹងភាសាបរទេសផងដែរ។
 
ស្ដ្រីកម្ពុជារូបនេះ បាននិយាយបែបនេះថា៖«ខ្ញុំ សប្បាយចិត្តទៅវិញព្រោះពាក្យសម្ដីរបស់ពួកគាត់ គឺជាការសម្រេចជោគជ័យរបស់ខ្ញុំមួយ ដ៏ធំ។ ខ្ញុំពិតជាអរគុណពួកគាត់។ ខ្ញុំ សូមផ្ដាំទៅស្ដ្រី យើងទាំងអស់ រាល់ពាក្យសម្ដីបង្អាក់ដំណើររបស់អ្នកដទៃ កុំខឹងគេ ប៉ុន្ដែ វាជាចំណុចមួយ ធ្វើឲ្យយើងជោគជ័យ។ យើងត្រូវ ខំប្រឹងធ្វើអ្វីមួយ ឲ្យគេមើលឃើញថា ពាក្យសម្ដីរបស់គេ មិនមែនសម្រេចជោគវាសនាយើងទេ។»។
 
កញ្ញា អក្ខរ៉ា ក៏បានបង្ហើបពីអារម្មណ៍សប្បាយចិត្តរបស់ខ្លួន នៅពេលដែល បានបង្ហាញនៅបរទេសថា កម្ពុចា ក៏មានអាជ្ញាកណ្ដាលជាស្ដ្រី អាចដឹកនាំការប្រកួតអន្ដរជាតិផងដែរ។ «គ្រាន់តែខ្ញុំទៅ ដឹកនាំការប្រកួតនៅក្រៅ​ប្រទេសភ្លាម ជាមួយជំនួយការខ្ញុំ គេសួរខ្ញុំថាមកពីប្រទេសកម្ពុជា អាជ្ញាកណ្ដាលក្រៅប្រទេសផ្សេងៗ នាំគ្នាភ្ញាក់ផ្អើល ព្រោះប្រទេសកម្ពុជា មិនដែលមានអាជ្ញាកណ្ដាលស្ដ្រីពីមុនមក។ ពួក ខ្ញុំ បានបង្ហាញពីសមត្ថភាពទៅ ទាំងអាជ្ញាកណ្ដាលបរទេស និងគ្រូអាជ្ញាកណ្ដាលសុទ្ធតែសរសើរពីសមត្ថភាពរបស់ពួកខ្ញុំ។» កញ្ញា អក្ខរ៉ា បាននិយាយបែបនេះ។
 
គួរបញ្ជាក់ផងដែរថា កញ្ញា ប្លុង ពេជ្រអក្ខរា នៅអំឡុងឆ្នាំ២០២២ មកដល់ពេលនេះ បានដឹកនាំការប្រកួតអន្ដរជាតិនៅក្រៅប្រទេសជាច្រើនលើក នៅក្នុងនោះ មានការប្រកួតនៅប្រទេសហ្វីលីពីន និងប្រទេសឥណ្ឌូណេស៊ី ក្នុងវគ្គផ្ដាច់ព្រ័ត្រ ព្រឹត្តិការណ៍ AFF Women’s Championship​ ផងដែរ៕
 

Tag:
 បាល់ទាត់
  ប្លុង ពេជ្រអក្ខរ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com