កីឡាជាតិ
ជាតិ
មន្ត្រីជាន់ខ្ពស់មហាផ្ទៃ ថា ពិភពលោក នឹងកាន់តែស្គាល់កម្ពុជា ក្រោយឈ្នះ ៧១មេដាយ ពីព្រឹត្តិការណ៍កីឡានគរបាល
10, Aug 2023 , 11:57 am        
រូបភាព
អត្ដពលិកបាល់ទះក្នុងសាលកម្ពុជា រូបពី លោក ងិន មករា
អត្ដពលិកបាល់ទះក្នុងសាលកម្ពុជា រូបពី លោក ងិន មករា
ក្រុមកីឡាក្រសួងមហាផ្ទៃ បានឈ្នះ៧១មេដាយ ពីព្រឹត្តិការណ៍ World Police and Fire Games 2023 នៅទីក្រុង Winnipeg  ប្រទេសកាណាដា ។ លោក សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានសុទិដ្ឋិនិយមថា ជោគជ័យនេះ បានធ្វើឲ្យអន្ដរជាតិស្គាល់កម្ពុជាកាន់តែច្បាស់។



លោក សរ សិទ្ធិ បាននិយាយថា កងនគរបាលជាតិកម្ពុជា បានលើកមុខមាត់ជាតិ តាមរយៈការប្រកួតប្រជែងក្នុងវិស័យកីឡា លើឆាកអន្ដរជាតិ។ «នេះ គឺជាជោគជ័យខ្លាំងណាស់របស់កម្ពុជា លើឆាកអន្ដរជាតិ ធ្វើឲ្យ​ពិភពលោកទាំងមូល កាន់តែស្គាល់ច្បាស់ អំពីសមត្ថភាព របស់កងកម្លាំង នគរបាលជាតិយើង នៅលើឆាកអន្ដរជាតិ មិនត្រឹមតែយើងមានសមត្ថភាពក្នុងការចូលរួម រក្សាសន្ដិសុខ ប្រទេសជាតិ តែយើង ក៏បានចូលរួមបញ្ចេញនៅស្នារដៃ ទេពកោសល្យរបស់យើង សមត្ថភាពរបស់យើង ខាងវិស័យកីឡាលើឆាកអន្ដរជាតិ ដែលធ្វើឲ្យប្រទេសលើពិភពលោកនេះ ស្គាល់យើងកាន់តែច្រើន។»។ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះ បាននិយាយដូច្នេះ។
 
នេះ គឺជាការចូលរួមលើកទី៣របស់កម្ពុជា ក្នុងព្រឹត្តិការណ៍ World Police and Fire Games នៅប្រទេសកាណាដា លើកទី២០ ។ ការប្រកួតនេះ ធ្វើជារៀងរាល់ ២ឆ្នាំម្ដង។ អត្ដពលិកកម្ពុជា បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ លើកទី១ ឆ្នាំ២០១៩ នៅប្រទេសចិន ដោយដណ្ដើមបានមេដាយសរុប ៤៦ ក្នុងនោះមាស១៨ ប្រាក់១៧ និងសំរិទ្ធ១១។ រីឯការចូលរួមលើកទី២ នៅឆ្នាំ២០២២ បន្ទាប់ពីការធូស្បើយនូវវិបត្តិកូវីដ-១៩ ដោយដណ្ដើមបាន ៣៣មេដាយ ក្នុងនោះមាស១៥ ប្រាក់៨ និងសំរិទ្ធ១០។ ចំពោះឆ្នាំ២០២៣នេះ កម្ពុជា ដណ្ដើមបាន ៧១មេដាយ ដែលជាចំនួនច្រើនជាង ២លើកមុន។
 
 

Tag:
 World Police and Fire Games
  សរ សិទ្ធិ
© រក្សាសិទ្ធិដោយ thmeythmey.com