អន្តរជាតិ
រុស្ស៊ី​ថា​ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន​អ៊ុយក្រែន២គ្រឿង​ដែល​មាន​គោលដៅ​វាយ​ប្រហារ​រដ្ឋធានី​មូស្គូ
10, Aug 2023 , 7:39 pm        
រូបភាព
លោក Mykhailo Fedorov រដ្ឋមន្ត្រី​ក្រសួង​កំណែប្រែ​ឌីជីថល ឈរ​នៅ​ក្បែរ​ដ្រូន​ដែល​ត្រូវ​បញ្ជូន​ទៅ​សមរភូមិ​ខាង​មុខ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០២៣ នៅ​ក្រុង​កៀវ។
លោក Mykhailo Fedorov រដ្ឋមន្ត្រី​ក្រសួង​កំណែប្រែ​ឌីជីថល ឈរ​នៅ​ក្បែរ​ដ្រូន​ដែល​ត្រូវ​បញ្ជូន​ទៅ​សមរភូមិ​ខាង​មុខ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០២៣ នៅ​ក្រុង​កៀវ។
ដោយ: VOA
​អាជ្ញាធរ​រុស្ស៊ី​និយាយ​ថា​ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន​២​គ្រឿង​របស់​អ៊ុយក្រែនដែល​តម្រង់​មក​កាន់​រដ្ឋធានី​មូស្គូ​នៅ​ថ្ងៃ​ពុធ​នេះ។



អភិបាល​ក្រុង​មូស្គូ​លោក Sergie Sobyaninបាន​និយាយ​ថា​ដ្រូន​មួយ​គ្រឿង​ត្រូវ​បាន​បាញ់​ទម្លាក់​នៅ​ក្នុង​តំបន់Domodedovo ភាគ​ខាង​ត្បូង​រដ្ឋធានី​ដែល​ជា​ចំណត​អាកាស​យានដ្ឋាន​អន្តរជាតិ​ដ៏​មមាញឹក​មួយ​របស់​រដ្ឋធានី​មូស្គូ ខណៈដែល​ដ្រូន​១គ្រឿងទៀត​ត្រូវ​បាន​បាញ់​ទម្លាក់​នៅ​ជិត​ផ្លូវ Highway Minsk ភាគ​ខាង​លិច​ទីក្រុង​នោះ។
 
លោក​ Sobyaninនិយាយ​ទៀត​ថា​មិន​មាន​មនុស្ស​របួស​ឬ​ការខូចខាត​ពី​ឧបទ្ទវហេតុ​នេះ​ដែល​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​ពណ៌នា​ថា​ជា​ការប៉ុនប៉ង«វាយ​ប្រហារ​ភេរវកម្ម»។
 
ទីក្រុង​មូស្គូ​បាន​ក្លាយ​ជា​ទីដៅ​នៃ​ការវាយ​ប្រហារ​ដែល​គេ​សង្ស័យ​ជា​ដ្រូន​របស់​អ៊ុយក្រែន​ចាប់តាំង​ពី​ខែ​ឧសភា​មក នៅពេល​ដែល​ដ្រូន​មួយ​គ្រឿងត្រូវ​បាន​កម្ទេច​នៅ​ពេល​ហោះ​លើ​វិមាន​ក្រឹមឡាំង។ រដ្ឋាភិបាល​ក្រុង​មូស្គូ​ក៏​បាន​ស្តីបន្ទោស​រដ្ឋាភិបាល​ក្រុង​កៀវ​ចំពោះ​ការវាយ​ប្រហារ​របស់​ដ្រូន​នាវា​ជា​បន្ត​បន្ទាប់​លើ​ទីដៅ​ជន​ស៊ីវិល​និង​យោធា​រុស្ស៊ី​នៅ​ក្នុង​សមុទ្រ​ខ្មៅ។
 
អ៊ុយក្រែន​ជា​និច្ចកាល​មិន​បាន​បញ្ជាក់​ឬ​បដិសេធ​ការវាយ​ប្រហារ​បែប​នោះ​ទេ។
 
ការសង្ស័យ​នៃ​ការវាយ​ប្រហារ​ថ្ងៃ​ពុធ​នេះ​កើត​មាន​ឡើង២ថ្ងៃ​បន្ទាប់ពី​មនុស្ស​យ៉ាង​តិច​ណាស់​ក៏៩នាក់​ដែរ​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ការវាយ​ប្រហារ​ដោយ​មីស៊ីល២គ្រាប់​ ជាប់ៗ គ្នា​នៅ​ទីក្រុង Pokrovskភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន។ ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyyបាន​និយាយ​ថា​មនុស្ស​៨២​នាក់​បាន​រងរបួស​ រួមទាំង​កូនក្មេង​២​នាក់​ផង។
 
ទីក្រុងPokrovskស្ថិត​នៅ​ក្នុង​តំបន់ Donetskដែល​បាន​កា្លយ​ជា​ទីកន្លែង​មួយ​នៃ​ការប្រយុទ្ធ​ដ៏​តានតឹង​បំផុត​ចាប់តាំង​ពី​រុស្ស៊ី​បាន​ចាប់ផ្តើម​ការឈ្លានពាន​របស់​ខ្លួន​កាលពី​ខែ​កុម្ភៈ ឆ្នាំ២០២២មក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com