កីឡាជាតិ
ជាតិ
ព្រះខ័នរាជ ស្វាយរៀង ស្វាគមន៍ ភ្នំពេញក្រោន ក្នុងជំនួបលីគសប្តាហ៍ទី២​
11, Aug 2023 , 7:59 am        
រូបភាព
ព្រះខ័នរាជ ស្វាយរៀង ហ្វូតបល ក្លិប ឯ.ក ត្រូវប្រកួតជាមួយ ភ្នំពេញក្រោន ក្នុងជំនួបលីគកំពូលកម្ពុជា (CPL) រដូវកាល ២០២៣-២៤ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។ ការប្រកួត សប្ដាហ៍ទី២រវាងក្រុមទាំងពីរ ត្រូវធ្វើឡើងនៅកីឡដ្ឋានខេត្តស្វាយរៀង នៅម៉ោង ៦ល្ងាច។



ម្ចាស់ផ្ទះខេត្តស្វាយរៀង និងត្រូវស្វាគមន៍ ក្រុមភ្ញៀវភ្នំពេញក្រោន ក្នុងការប្រពានរង្វាន់ Cambodian Premier League នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។
 
យោងទៅលើការផ្សាយរបស់ក្លិបព្រះខ័នរាជ ស្វាយរៀង ហ្វូតបលក្លិប ឯ.ក លោក Pep Muñoz គ្រូបង្វឹកក្រុមបាល់ទាត់នេះ បានបញ្ជាក់ថា ការប្រកួតជាមួយម្ចាស់ជើងឯក គឺជារឿងល្អបំផុតសម្រាប់ក្រុម។ គ្រូបង្វឹករូបនេះ ក៏បានសរសើរផងដែរថា ភ្នំពេញក្រោន គឺជាក្រុមល្អបំផុត ក្នុងលីគកំពូល។ ដូច្នេះ ក្រុមមានទីតាំងនៅខេត្តស្វាយរៀងនេះ ប្ដេជ្ញាថាព្យាយាមយកជ័យជម្នះក្នុងប្រកួតនេះ ដើម្បីឲ្យអ្ន​កគាំទ្រ ពេញចិត្តនៅអ្វី ដែលពួកគេ បានមកផ្ដល់ជាកម្លាំងផ្ទាល់នៅទីលាន។ 
  


«វា នឹងក្លាយជារឿង ល្អមែនទែន សម្រាប់គ្រប់គ្នា ហើយប្រហែលជាយើង ត្រូវលេងជាមួយ និងក្រុមដែលល្អជាងគេ ក្នុងលីគ។ ហើយពិនណាស់ វាជាកម្លាំង លើកទឹកចិត្តយើង។ យើង នឹងព្យាយាមធ្វើអ្វី ដែលយើងអាចធ្វើបាន។ យើង នឹងធ្វើឲ្យបានល្អ ដូចអ្វីដែលយើងបានធ្វើសម្រាប់ការប្រកួតលើកដំបូង។ ហើយយើង គឺព្យាយាម ដើម្បីយកជ័យជម្នះផងដែរ។ ពិតណាស់នេះ គឺជាកម្លាំងលើកទឹកចិត្ត ដ៏ធំទៅកាន់អ្នកគាំទ្ររបស់យើង ប្រសិនជាយើងលេងបានល្អ និងឈ្នះ ការប្រកួត។»។ គ្រូបង្វឹក ក្លិបព្រះខ័នរាជ ស្វាយរៀង បាននិយាយប្រាប់ក្នុងវីឌីអូសម្ភាសដូច្នេះ។
 
ដោយឡែក ភ្នំពេញក្រោន ដូចជាត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ការប្រកួតនៅក្រៅទឹកដីរបស់ខ្លួន។ យោងទៅលើការបង្ហោះរូប នៃការហ្វឹកហាត់ជាច្រើន នៅលើហ្វេសប៊ុក លោក Oleg Starynskyi គ្រូបង្វឹកក្លិបម្ចាស់ជើងឯកនេះ ហាក់ដូចជាមិនមើលស្រាលគូប្រកួតទេ ហើយបានត្រៀមលក្ខណៈបានយ៉ាងល្អ។ ទោះជាយ៉ាងនេះក៏ដោយ គ្រូបង្វឹករូបនេះ មិនទាន់បានប្រាប់ពីការត្រៀមខ្លួន សម្រាប់ជួប ក្រុមម្ចាស់ផ្ទះនៅឡើយទេ។
 
ក្នុងសប្ដាហ៍ទី១ ក្លិបព្រះខ័នរាជ ស្វាយរៀង ហ្វូតបល ឯ.ក បានយកឈ្នះ លើកងយោធពលខេមរភូមិន្ទ ក្នុងលទ្ធផល ២-០ កាលពីថ្ងៃទី៥ ខែសីហា នៅកីឡដ្ឋានស្ដាតចាស់ ចំណែកឯ ភ្នំពេញក្រោន បានយកឈ្នះ បឹងកេត ក្នុងកីឡដ្ឋាន Smart RSN ក្នុងលទ្ធផល ២-១។ 
 
គួរបញ្ជាក់ផងដែរថា គិតត្រឹមសប្ដាហ៍ទី១ ព្រះខ័នរាជ ស្វាយរៀង, វិសាខា, ណាហ្គាវើលដ៍, ភ្នំពេញក្រោន និង អាយ អេស អាយដង្កោសែនជ័យ សុទ្ធតែមាន ៣ពិន្ទុ ស្មើគ្នា។ ចំណែក ព្រៃវែង, បឹងកេត, អង្គរថាយហ្គឺរ, កងយោធពលខេមរភូមិន្ទ និងគិរីវង់សុខសែនជ័យ មិនទាន់មានពិន្ទុទេ។ 
 
សម្រាប់សប្ដាហ៍ទី២ ដដែរនេះ ណាហ្គាវើលដ៍ ត្រូវស្វាគមន៍ វិសាខា នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ វេលាម៉ោង ៦:០០ ល្ងាច ស្របពេលដែរ អាយ អេស អាយ ដង្កោរសែនជ័យ ម្ចាស់កីឡដ្ឋាន AIA KMH ត្រូវទទួលមិត្តចាស់ ព្រៃវែង ម្ដងទៀត បន្ទាប់ពីចប់ភារៈកិច្ចក្នុងលីគ២។ លុះចូលដល់ថ្ងៃទី១៣ គិរីវង់សុខសែនជ័យ ប៉ះ កងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋានគិរីវង់សុខសែនជ័យ វេលាម៉ោង ៣:៤៥ រសៀល និងក្នុងថ្ងៃដដែរ វេលាម៉ោង ៦:០០ល្ងាច បឹងកេត ប្រកួតជាមួយ អង្គរថាយហ្គឺរ នៅពហុកីឡដ្ឋានអូឡាំពិក៕
 

Tag:
 បាល់ទាត់
  Cambodian Premier League
© រក្សាសិទ្ធិដោយ thmeythmey.com