ជាតិ
សមត្ថកិច្ច បង្ក្រាបបានគ្រឿងញៀន ៤៦០គីឡូក្រាម ពីក្រុមឧក្រិដ្ឋជនឆ្លងដែនថៃ ២នាក់
11, Aug 2023 , 4:59 pm        
រូបភាព
រូបពី នគរបាលជាតិ
រូបពី នគរបាលជាតិ
ភ្នំពេញ៖ សមត្ថកិច្ចជំនាញ ប្រើពេលស្រាវជ្រាវជាង២ខែ ទើបអាចបង្ក្រាបក្រុមឧក្រិដ្ឋជន គ្រឿងញៀនជនជាតិថៃ២នាក់ ដែលឆ្លងដែនមកកម្ពុជា។ សមត្ថកិច្ច បង្ក្រាបបានគ្រឿងញៀន ជាង៤០០គីឡូក្រាម។

 
ក្រុមការងារ លោក ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាបបានក្រុមជួញដូរគ្រឿងញៀនឆ្លងដែនតំបន់ត្រីកោណមាស ដែលឆ្លងកាត់ឡាវចូលមកកម្ពុជា។ នេះបើតាមការចេញផ្សារអគ្គស្នងការដ្ឋាននគរបាលជាតិ ហើយបញ្ជាក់ថា សមត្ថកិច្ចបានបានស្រាវជ្រាវបង្ក្រាបបានគោលដៅផ្សេងគ្នាជាបន្តបន្ទាប់។ 
 
រូបពីនគរបាលជាតិ

សមត្ថកិច្ចបានចុះបង្ក្រាប ក្រុមជួញដូរគ្រឿងញៀនឆ្លងដែនខាងលើ ដែលសំងំលាក់ខ្លួន នៅមុខផ្ទះសំណាក់ កណ្តាលស្ទឹងព្រែកជ្រៃ ស្ថិតក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ និងគោលដៅមួយកន្លែងទៀត ក្នុងបុរីជីបម៉ុងលែនសែនសុខ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ សកម្មភាពចេញប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី៨សីហា ដោយបានឃាត់ខ្លួនជនសង្ស័យ២នាក់ ជាជនជាតិថៃ។ 
 
ទន្ទឹមនឹងនេះ សមត្ថកិច្ចចាប់បានវត្ថុតាង សារធាតុញៀនប្រភេទមេតំហ្វេតាមីនចំនួន៤៦៥ដុំ ស្មើនឹងទម្ងន់ ៤៦៥គីឡូក្រាម។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងដែលចាប់បាន ត្រូវកម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
 

Tag:
 សង្គម
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com