អន្តរជាតិ
មេដឹកនាំយោធានីហ្សេបង្កើតរដ្ឋាភិបាលថ្មី ខណៈតំបន់អាហ្វ្រិកប្រជុំដោះស្រាយវិបត្តិ
11, Aug 2023 , 7:39 pm        
រូបភាព
រូបឯកសារ៖ លោក Mohamed Toumba មេដឹកនាំយោធារដ្ឋប្រហារម្នាក់ ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រ នៅក្រុង Niamey ប្រទេសនីហ្សេ កាលពីថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៣។
រូបឯកសារ៖ លោក Mohamed Toumba មេដឹកនាំយោធារដ្ឋប្រហារម្នាក់ ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រ នៅក្រុង Niamey ប្រទេសនីហ្សេ កាលពីថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៣។
ដោយ: VOA
ក្រុមមេដឹកនាំ​យោធា​នីហ្សេ​បាន​តែងតាំង​រដ្ឋាភិបាល​ថ្មី នៅពេល​ដែល​មេដឹកនាំ​សហគមន៍​សេដ្ឋកិច្ច​រដ្ឋ​អាហ្វ្រិក​ខាង​លិច ​ឬ ECOWAS បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា ​ដែល​ជា​ប្រទេស​ជិត​ខាង​នៅ​ក្នុង​សន្និសីទ​កំពូល​គ្រា​អាសន្ន។



តាម​ក្រឹត្យមួយដែល​បាន​អាន​នៅ​លើ​ទូរទស្សន៍​រដ្ឋ ពួក​យោធា​បាន​តែងតាំង​រដ្ឋមន្ត្រី​ ២១ នាក់។ ក្រុមមេដឹកនាំ​រដ្ឋប្រហារ​ត្រូវ​បាន​តែងតាំង​ជារដ្ឋមន្ត្រី​ការពារ​ជាតិ​ មហាផ្ទៃ​និង​កីឡា។ មិន​មាន​គម្រោង​បន្ថែម​ទៀត​ត្រូវ​បាន​គេ​ផ្តល់​ឱ្យ​នៅ​ក្នុង​ការប្រកាស​នោះ​ទេ។
 
ការតែងតាំង​រដ្ឋាភិបាល​ថ្មី​នេះ​ជា​ការមើលងាយ​នៅពេល​ថ្មីៗបំផុត​នេះ​ដល់​ពួក​មេដឹកនាំ​តំបន់​ ហើយ​នឹង​បន្ទាប់ពី​ការបំពាន​របស់​ពួក​យោធា​ដល់​ពេល​កំណត់​កាលពី​ថ្ងៃ​អាទិត្យ​ ដើម្បី​ដាក់​លោក​ប្រធានាធិបតី​ Mohamed Bazoum ឡើង​កាន់​អំណាច​វិញ។
 
មេដឹកនាំ ECOWAS បាន​ទៅដល់​រដ្ឋធានី Abuja នៃ​ប្រទេស​នីហ្សេរីយ៉ា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ពិភាក្សា​វិបត្តិ​នីហ្សេ ហើយ​ព្រមព្រៀង​គ្នា​លើ​ផែនការ​សកម្មភាព​មួយ។ ប្លុក​តំបន់​នោះបាន​និយាយ​ថា​ ខ្លួន​អាច​ប្រើ​កម្លាំង ប្រសិន​បើចាំបាច់​ដើម្បី​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​នីហ្សេ​ឡើង​វិញ។
 
មេដឹកនាំ​នីហ្សេ​ដែល​បណ្តេញចេញ​ពី​តំណែង​បាន​ស្ថិត​នៅ​ក្នុង​ការឃុំឃាំង​នៅឯ​គេហដ្ឋាន​របស់​លោក ​ចាប់តាំង​ពី​សមាជិក​នៃ​ឆ្មាំ​ការពារ​ប្រធានាធិបតី​បាន​កាន់​អំណាច​កាលពី​ថ្ងៃ​ទី ២៦ ខែ​កក្កដា​មក។
 
គណបក្ស​របស់​លោក Bazoum បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា​ លោក​និង​ក្រុម​គ្រួសារ​របស់​លោក​កំពុង​អស់​ម្ហូប​អាហារ​ ហើយ​នឹង​កំពុង​រស់​នៅ​ដោយ​គ្មាន​ភ្លើង​អគ្គីសនី​និង​ទឹក​ប្រើប្រាស់​មួយ​សប្តាហ៍​មក​ហើយ។ ទីប្រឹក្សា​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AP ថា​ ក្រុម​គ្រួសារ​នោះ​មាន​តែ​អង្ករ​និង​ម្ហូប​អាហារ​កំប៉ុង​សម្រាប់​ទទួលទាន​តែ​ប៉ុណ្ណោះ។
 
កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ អតីត​មេដឹកនាំយោធា​ម្នាក់​និង​អ្នក​នយោបាយ​ម្នាក់​បាន​ចាប់ផ្តើម​ចលនា​មួយ​ដើម្បី​ប្រឆាំង​នឹង​ពួក​យោធា​ដែល​បាន​រឹបអូស​អំណាច​កាលពី​ពីរ​សប្តាហ៍​មុន​ ដែល​ជា​សញ្ញា​លើក​ទី ១ ​នៃ​ការតស៊ូ​ដែល​ត្រូវ​បាន​រៀបចំ​ឡើងដើម្បី​ប្រឆាំង​នឹង​ការដឹកនាំ​របស់​ពួក​យោធា​នៅ​ក្នុង​ប្រទេស​នៅ​តំបន់​អាហ្វ្រិក​ខាង​លិច​នេះ។
 
នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ ​លោក Rhissa Ag Boula ​បាន​និយាយ​ថា​ក្រុម​របស់​លោក​ដែល​មាន​ឈ្មោះ​ថា​ក្រុមប្រឹក្សា​តស៊ូ​ដើម្បី​សាធារណរដ្ឋ​មាន​គោលបំណង​ដាក់​លោក​ប្រធានាធិបតី Bazoum ឱ្យកាន់​អំណាច​ឡើង​វិញ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com