កីឡាជាតិ
ជាតិ
កីឡាអេឡិចត្រូនិក៖៣គូនឹងប្រកួតប្រជែងថ្ងៃបើកឆាកពានរង្វាន់ MPL Cambodia រដូវកាលទី៥
12, Aug 2023 , 1:34 pm        
រូបភាព
ការប្រកួតកីឡាអេឡិចត្រូនិកពានរង្វាន់ Mobile Legends Professional League Cambodia Autumn Split (MPL Kh Autumn Split) រដូវកាលទី៥ ចាប់ផ្តើមនាថ្ងៃទី១២ ខែសីហា ដោយ៣គូនឹងប្រកួតប្រជែងក្នុងថ្ងៃបើកឆាកវគ្គសន្សំពិន្ទុ Regular Season។


 
MPL Kh Autumn Split គឺជាការប្រកួតលីគកីឡាអេឡិចត្រូនិកលើប្រភេទវិញ្ញាសា Mobile Legends Bang Bang ក្នុងប្រទេសកម្ពុជា ដែលមានក្រុមចំនួន ៨ បានចូលរួមប្រកួតប្រជែង។ កីឡាអេឡិចត្រូនិក Mobile Legends គឺជាកីឡាមួយដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ស្រទាប់យុវវ័យនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសកម្ពុជា ក៏កំពុងតែមានភាពរីកចំរើននៅលើវិស័យកីឡាអេឡិចត្រូនិក។ កាលពីពេលថ្មីៗនេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកជើងឯកអាស៊ីអាគ្នេយ៍ Mobile Legends ឬ MSC 2023។


 
ក្រុមកីឡាអេឡិចត្រូនិកចំនួន ៨ ដែលនឹងបង្ហាញវត្តមាននៅក្នុងការប្រកួត MPL Kh Autumn Split រួមមានក្រុម See You Soon, Impunity Kh, CFU Gaming, Team MAX, Pro Esports, D-Roar Legends , Team SV និងក្រុមការពារតំណែងជើងឯក Burn X Flash។ ក្រុមទាំង៨ នឹងប្រកួតប្រជែងវគ្គសន្សំពិន្ទុ Regular Season ដើម្បីប្រជែងយកចំណាត់ថ្នាក់ល្អ ឡើងទៅបន្តប្រកួតប្រជែងក្នុងវគ្គជម្រុះ Playoffs ដណ្តើមពានរង្វាន់។
 
ភាពពិសេសនៅក្នុងការប្រកួត MPL Kh Autumn Split រដូវកាលទី៥នេះ ដោយក្រុមចំនួន ៦ ក្នុងចំណោម ៨ក្រុម មានកីឡាករបរទេសចូលរួម ដើម្បីមកពង្រឹងក្រុម សម្រាប់ដណ្តើមពានរង្វាន់។ ការប្រកួត MPL Kh បានឆ្លងកាត់រយៈពេល ៤រដូវកាលរួចមកហើយ ដោយក្រុមជើងឯករួមមាន រដូវកាលទី១ ក្រុម See You Soon, រដូវកាលទី២ ក្រុម Impunity Kh, រដូវកាលទី៣ និងទី៤ ក្រុម Burn X Flash។

រូបដំណាងអំឡុងព្រឹត្តិការណ៍ MSC 2023
 
ខាងក្រោមនេះជាការប្រកួត ៣គូ នៅថ្ងៃបើកឆាក MPL Kh Autumn Split សប្តាហ៍ទីមួយ៖ 
 
ក្រុម Burn X Flash ជួបក្រុម Pro Esports វេលាម៉ោង ១២រសៀល
ក្រុម Team SV ជួបក្រុម D-Roar Legends វេលាម៉ោង ៣រសៀល
ក្រុម See You Soon ជួបក្រុម Team MAX វេលាម៉ោង ៦ល្ងាច
ការប្រកួតសម្រាប់សប្តាហ៍ទីមួយ នៅថ្ងៃទី១៣ ខែសីហា 
ក្រុម Impunity Kh ជួបក្រុម CFU Gaming វេលាម៉ោង ១២រសៀល
ក្រុម Team MAX ជួបក្រុម Team SV វេលាម៉ោង ៣រសៀល
ក្រុម See You Soon ជួបក្រុម D-Roar Legends វេលាម៉ោង ៦ល្ងាច ៕

Tag:
 កីឡាអេឡិចត្រូនិក
  MPL Cambodia
  Mobile Legends
© រក្សាសិទ្ធិដោយ thmeythmey.com