កីឡាជាតិ
ជាតិ
គុនខ្មែរ៖ ខាំឈីត ល្វៃ និងសំណាង ប្តេជ្ញាប្រឹងប្រែងយកជ័យជម្នះជូនកម្ពុជា
12, Aug 2023 , 9:39 pm        
រូបភាព
កីឡាករគុនខ្មែរ អេវីរ៉ខាំឈីត ភូថង(ខោក្រហម)ប្រកួតនាពេលកន្លងមក
កីឡាករគុនខ្មែរ អេវីរ៉ខាំឈីត ភូថង(ខោក្រហម)ប្រកួតនាពេលកន្លងមក
ដោយ:
កីឡាករគុនខ្មែរជួរមុខបីរូប ប្តេជ្ញានឹងធ្វើឱ្យបានល្អជូនប្រជាជនកម្ពុជា ក្នុងការបង្ហាញខ្លួន សាជាថ្មី នៅលើសង្វៀនថោន ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ក្នុងជំនួបមិត្តភាពអន្តរជាតិ។ ព្រុំ សំណាង ឈឿង ល្វៃ និងអេវីរៈខាំឈីតភូថង បញ្ជាក់ថា ខ្លួនហ្វឹកហាត់បានគ្រប់គ្រាន់ និងត្រៀមបញ្ចេញស្នៀតឱ្យអស់ មិនលាក់ទុកឡើយ។

 
កីឡាករ ព្រុំ សំណាង  បានបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ តាមសារអេឡិចត្រូនិក  នៅថ្ងៃទី១១ខែសីហាថា ខ្លួនបានត្រៀមរួចរាល់ហើយក្នុងការទទួលកីឡាករ Mohammad Kia មកពីប្រទេសអ៊ីរ៉ង់ នាជំនួបមិត្តភាពអន្តរជាតិនេះ។ កីឡាករគុនខ្មែរមានដើមកំណើត មកពីខេត្តកំពង់ស្ពឺរូបនេះ  ជឿថារូបគេ នឹងធ្វើបានល្អជូនប្រជាជនកម្ពុជា។
 
«គ្រប់ការប្រកួតតែងតែរំពឹងចង់បានជ័យជម្នះ ជូន គុនខ្មែរយើង និងប្រជាពលរដ្ឋកម្ពុជាយើង ដែលគាំទ្រទស្សនាហ្នឹង!»។ កីឡាករ ព្រុំ សំណាង និយាយដូច្នេះ មុននឹងបន្តថា រូបគេក៏មិនហ៊ានជឿជាក់ហួសព្រំដែនដែរគឺរង់ចាំការកាត់សេចក្តីនៅលើសង្វៀន។
 
មិនខុសអ្វីពីកីឡាករ ព្រុំ សំណាង ឡើយអ្នកលេងជើងរន្ទះដំរីជាន់ខ្លា ឈឿង ល្វៃ ក៏បង្ហាញ ពីការត្រៀមខ្លួនបានរួចរាល់ និងត្រៀមការប្រកួតឱ្យអស់ពីសមត្ថភាព នៅលើសង្វៀន ដូចគ្នាដែរ។ កីឡាករមានដើមកំណើតមកពីខេត្តកំពង់ធំ លើកឡើងថា៖ «សម្រាប់ខ្ញុំ គឺបានសម្រុកហាត់ត្រៀមខ្លួនរួចរាល់ហើយ។ សម្រាប់ការប្រកួតនេះ ខ្ញុំមិនខ្វល់កីឡាករមកពីណា ទេ ដឹងតែវាយឱ្យអស់ពីសមត្ថភាព»។

កីឡាករ ឈឿង ល្វៃ បន្ថែមថាការប្រកួតនេះ ក៏ សង្ឃឹមមានអ្នកគាំទ្រ និងផ្តល់កម្លាំងចិត្ត ដល់រូបគេ។

កីឡាករ ព្រុំ សំណាង(អាវខ្មៅ) និងឈឿង ល្វៃ (អាវក្រហម)
 
ក្រៅពី សំណាង និងល្វៃ កូនប្រុសស្តេចប្រដាល់កែងឆេះជង្គង់ហោះ អេវីរៈខាំឈីត ភូថង បង្ហាញពីមហិច្ឆតាដែលខ្លួននឹងប្រឹងប្រែងធ្វើយ៉ាងណា នាំជ័យជម្នះជូនប្រជាជនអ្នកគាំទ្រ គុនខ្មែរឱ្យបានដែរ។ «ខ្ញុំនឹងធ្វើឱ្យអស់ពីសមត្ថភាពរបស់ខ្ញុំ ដើម្បីនាំជ័យជម្នះជូនអ្នកគាំទ្រ កម្ពុជា។ សម្រាប់ការហ្វឹកហាត់របស់ខ្ញុំ គឺគ្រប់គ្រាន់ល្អហើយ ទាំងការទាត់ស៊ីប ចូលឡាំគូ និងរត់រៀងរាល់សប្តាហ៍»។ អេវីរៈខាំឈីត ភូថង តាំងចិត្តដូច្នេះ។
 
គួបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាប្រដាល់គុនខ្មែរមិត្តភាពអន្តរជាតិ នឹងប្រព្រឹត្តទៅ នៅ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នាសង្វៀនថោន ដោយមានកីឡាករគុនខ្មែរជួរមុខដូចជា៖
ជើងកន្រ្តៃមាសជង្គង់ទិព្វ ព្រុំ សំណាង ត្រូវជួបជាមួយអ្នកលេងឆ្លងដែនមកពីអ៊ីរ៉ង់ Mohammad Kia វាយលើប្រភេទទម្ងន់ ៨០គីឡូក្រាម មុនអ្នកលេងជើងរន្ទះដំរីជាន់ខ្លា ឈឿង ល្វៃ ស្វាគមន៍កីឡាករថៃ Petchmai Chor វាយលើប្រភេទទម្ងន់ ៧២គីឡូក្រាម។
 
ចំណែកអេវីរៈខាំឈីត ភូថង ទទួលភ្ញវមកពីអ៊ីរ៉ង់ You Sefi វាយលើប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម ក្រោយកីឡាករគុនខ្មែរ មឿន សុខហ៊ុច ចរចាកណ្តាប់ដៃជាមួយមិត្តជាប់របងមកពីប្រទេសថៃ Wan Songkran វាយលើប្រភេទទម្ងន់ ៦៥គីឡូក្រាម។ គូចុងក្រោយគឺកីឡាករ Alexsandro ជួបកីឡាករកម្ពុជា ចក់ សាវិន វាយលើប្រភេទទម្ងន់ ៦០គីឡូក្រាម៕
 

Tag:
 កីឡាប្រដាល់គុនខ្មែរ
 ព្រុំ សំណាង
© រក្សាសិទ្ធិដោយ thmeythmey.com