ជាតិ
ក្រសួងបរិស្ថាន ពិន័យរោងចក្រដែលបំពុលទឹកស្ទឹងសង្កែជាង៥៤ម៉ឺនដុល្លារ និងឱ្យដូរទីតាំងទៅឆ្ងាយពីស្ទឹង
12, Aug 2023 , 5:49 pm        
រូបភាព
ទឹកស្ទឹងសង្កែ ត្រូវបានបំពុលដោយទឹកកខ្វក់ចេញបីរោងចក្រ ហ្វីនិក អ៊ិនដាស្រ្ទៀល នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ រូបភាព៖ Sothea Seng
ទឹកស្ទឹងសង្កែ ត្រូវបានបំពុលដោយទឹកកខ្វក់ចេញបីរោងចក្រ ហ្វីនិក អ៊ិនដាស្រ្ទៀល នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ រូបភាព៖ Sothea Seng
ភ្នំពេញ៖ ក្រសួងបរិស្ថាន សម្រេចពិន័យក្រុមហ៊ុន ហ្វីនិក អ៊ិនដាស្រ្ទៀល ប្រមាណ៥៤ម៉ឺនដុល្លារ និងតម្រូវឱ្យប្ដូរទីតាំងចេញឆ្ងាយពីស្ទឹងសង្កែ។ ការពិន័យបែបនេះកើតឡើងបន្ទាប់ពីក្រុមហ៊ុន ធ្វើឱ្យលេចធ្លាយទឹកខ្មៅកខ្វក់ ដែលជាតិពុលចូលទៅស្ទឹងសង្កែ បណ្ដាលឱ្យត្រីងាប់។


 
ក្រសួងបរិស្ថាន នៅថ្ងៃទី១០ ខែសីហា បានបញ្ជាក់ថា ក្រុមហ៊ុន ហ្វីនិក អ៊ិនដាស្រ្ទៀល (Phoenix Industrial) ស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានបង្ក ឱ្យមានការបំពុលទឹកស្ទឹងសង្កែ ធនធានជីវៈចម្រុះក្នុងទឹក និងការរស់នៅរបស់ពលរដ្ឋ។
 
តាមរយៈសេចក្ដីជូនដំណឹងរបស់ខ្លួន ក្រសួងបរិស្ថាន តម្រូវឱ្យក្រុមហ៊ុនផ្ដល់សំណងប៉ះ ពាល់បរិស្ថាន ដោយផ្ទាល់ដូចជា ការនេសាទ ផលនេសាទ និងការផ្គត់ផ្គង់ទឹកស្អាតចំនួន ៩៣.៥៦០ដុល្លារ។ ក្រុមហ៊ុន ត្រូវបង់ប្រាក់សំណងចំនួន ៣៧៥.០០០ ដុល្លារផ្សេងទៀត ចំ ពោះការធ្វើឱ្យមានផលប៉ះពាល់ដោយប្រយោល មានដូចជាការបំពុលទឹកស្ទឹងសង្កែ និង សុខភាពសាធារណៈ។ ប្រាក់សំណងត្រូវបង់ មុនថ្ងៃទី២០ខែតុលា ឆ្នាំ២០២៣ជាកំហិត ទៅកាន់គណនេយ្យ ធនាគាររបស់គណៈកម្មាធិការ មូលនិធិបរិស្ថាននិងសង្គម។
 
លើសពីនេះ ក្រសួងបរិស្ថានក៏ពិន័យប្រាក់សរុប ៣០០លានរៀល លើបទល្មើស៥ករណីបន្ថែមចំពោះក្រុមហ៊ុនដដែលនេះ។ ករណីទាំងនោះមាន ការពិន័យអន្តរការណ៍ករណីមិនរាងចាល ចំនួន១៥០លានរៀល។ ពិន័យ លើបទល្មើសបំពុលទឹកស្ទឹង និងត្រីពុលងាប់ចំនួន៣០លានរៀល។ ករណីមិនបានអនុវត្ត តាមលិខិតបញ្ជាកែប្រែរបស់ក្រសួងបរិស្ថាន ៣០លានរៀល ។ ករណីមានចេតនាធ្វើឱ្យ លេច ធ្លាយ ឬមានចេតនាបញ្ចេញសំណល់រាវ ដោយមិនឆ្លងកាត់ការសម្អាតបង្កឱ្យមានការបំពុល ៣០ លានរៀល។ ករណីមិនបានបូម សំណល់ រាវពីស្រះស្តុក ទៅធ្វើការសម្អាតឱ្យអស់តាមការតម្រូវរបស់ក្រសួងបរិស្ថាន បង្កឱ្យ មានការលេចធ្លាយសំណល់រាវ នេះចូលស្ទឹងសង្កែ ៣០លានរៀល និងករណីដំណើការ អាជីវកម្មដោយពុំទាន់មានការឯកភាពលើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ចំននួន៣០លានរៀល។
 
ការបង់ប្រាក់ពិន័យ៣០០លានរៀលនេះ ត្រូវធ្វើនៅច្រកចេញ-ចូលតែមួយ នៃក្រសួង បរិស្ថាន មុនថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ជាកំហិត។
ក្រៅពីការពីន័យជាទឹកប្រាក់ ក្រសួងបរិស្ថាន ក៏តម្រូវឱ្យក្រុមហ៊ុនផលិតសំបកថ្នាំពេទ្យ និង អេតាណុលមួយនេះ ប្តូរទីតាំងរោងចក្រទៅតំបន់ផ្សេង ដែលនៅឆ្ងាយពីប្រភពទឹកស្ទឹង សង្កែ  យ៉ាងតិច១០គីឡូម៉ែត្រ។ 
 
ជាមួយគ្នានេះ ក្រសួង តម្រូវឱ្យ ក្រុមហ៊ុន ហ្វីនិក អ៊ិនដាស្រ្ទៀល ស្ដារបរិស្ថានឡើងវិញ ទាំងក្នុង និងជុំវិញទីតាំងរោងចក្រឱ្យបានរួចរាល់ មុនថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាកំហិត។ ក្នុងករណីក្រុមហ៊ុន មិនអនុវត្តតាមចំណុចណាមួយ ក្រសួងបរិស្ថាននឹងចាត់ វិធានការតាមផ្លូវតុលាការ និងច្បាប់ជាធរមាន។
 
គួរបញ្ជាក់ថា ហ្វីនិក អ៊ិនដាស្រ្ទៀល គឺជារោងចក្រផលិតម្សៅដំឡូងមី, សំបកគ្រាប់ថ្នាំ, អេតាណុល, ជីគីមី និងសារធាតុបន្ថែមអាហារជាដើម។ នេះជាលើកទី៣ហើយ ដែល ក្រុមហ៊ុន បង្កឱ្យមានផលប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរ៕
 
 

Tag:
 បរិស្ថាន
  ស្ទឹងសង្កែ
  ទឹកកខ្វក់
© រក្សាសិទ្ធិដោយ thmeythmey.com