ជាតិ
អាជ្ញាធរផ្អាកដំណើរការរោងចក្រធ្លាយទឹកកខ្វក់ចូលស្ទឹងសង្កែបណ្ដោះអាសន្ន
07, Aug 2023 , 8:31 pm        
រូបភាព
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម សម្រេចផ្អាកដំណើការរោងចក្រ «ហ្វីនិក អ៊ិនដាស្រ្ទៀល» បណ្ដោះអាសន្ន បន្ទាប់ធ្វើឱ្យលេចធ្លាយទឹកកខ្វក់ ដែលមានជាតិពុលធ្វើឱ្យត្រីងាប់ចូលទៅក្នុងស្ទឹងសង្កែ កាលពីប៉ុន្មានថ្ងៃមុន។ នេះជាលើកទី៣ហើយ ដែលរោងចក្រមួយនេះបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន។

 
យោងតាមសេចក្ដីសម្រេច របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី៨ខែសីហា ក្រុមហ៊ុន «ហ្វីនីក អ៊ិនដាស្ទៀល» បានធ្វើឱ្យលេចធ្លាយទឹកកខ្វក់ ចូលក្នុងស្ទឹងសង្កែ បណ្តាលឱ្យទឹកប្រែជាពណ៌ខ្មៅខុសប្រក្រតី។ ទឹកកខ្វក់នោះ មានសារធាតុបំពុលធ្វើឱ្យត្រីងាប់មួយចំនួន។

ហ្វីនិក អ៊ិនដាស្រ្ទៀល គឺជារោងចក្រផលិតម្សៅដំឡូងមី, សំបកគ្រាប់ថ្នាំ, អេតាណុល, ជីគីមី និងសារធាតុបន្ថែមអាហារ ជាដើម។ នេះជាលើកទី៣ហើយ ដែលក្រុមហ៊ុនបង្ករឱ្យមានផលប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរ។

ករណីនេះ ក្រសួងឧស្សាហកម្ម តម្រូវឱ្យក្រុមហ៊ុនផ្អាកដំណើរការទាំងស្រុងរាល់សកម្មភាពផលិតកម្មក្នុងរយៈពេលពីរសប្តាហ៍ ដោយរក្សាបៀវត្សរ៍បុគ្គលិក កម្មករ ជាធម្មតា គិតចាប់ពីថ្ងៃទី៤ ដល់១៨ ខែសីហា ដើម្បីធ្វើការកែសម្រួលឡើងវិញនូវរាល់កំហុសឆ្គង ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងរវាងគណៈកម្មការចម្រុះខេត្ត និងក្រុមហ៊ុន ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣។

ក្រសួង ព្រមានថា ក្រុមហ៊ុននឹងត្រូវប្រឈមមុខក្នុងការផ្អាកជាបន្តទៀត ប្រសិនបើ ពុំបានអនុវត្តត្រឹមត្រូវ និងទាន់ពេលវេលា តាមលក្ខខណ្ឌ៕
 

Tag:
 បាត់ដំបង
  ស្ទឹងសង្កែ
  ទឹកកខ្វក់
© រក្សាសិទ្ធិដោយ thmeythmey.com