កីឡាជាតិ
ជាតិ
ធារី ចន្ថាប៊ិន៖ កីឡាករបាល់ទាត់ ចង់បន្ដអាជីពបានច្រើនឆ្នាំ ត្រូវគោរពវិន័យ និងគោរពខ្លួនឯង
13, Aug 2023 , 9:59 am        
រូបភាព
ធារី ចន្ថាប៊ិន ហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ រូបពី Cambodian Premier League
ធារី ចន្ថាប៊ិន ហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ រូបពី Cambodian Premier League
កីឡាករបាល់ទាត់ ធារី ចន្ថាប៊ិន (Thierry Chantha Bin) ខ្សែការពារកណ្ដាលក្លិបព្រះខ័នរាជ ស្វាយរៀង ហ្វូតបល ក្លិប ឯ.ក បានប្រាប់ថា ដើម្បីបន្ដអាជីពក្នុងវិស័យកីឡាបាល់ទាត់ បានយូឆ្នាំ កីឡាករ ត្រូវគោរពវិន័យ និងគោរពខ្លួន។ របបអាហារត្រឹមត្រូវ ពេលវេលាសម្រាកគ្រប់គ្រាន់ បូករួមជាមួយការគោរពវិន័យ ហ្វឹកហាត់ ជាអ្វី ដែលខ្សែការពារវ័យ៣២ឆ្នាំ បានអនុវត្តប្រចាំថៃ។


 
កីឡាករ ធារី ចន្ថាប៊ិន បានផ្ដល់បទសម្ភាសមកកាន់សារព័ត៌មានថ្មីៗថា ចង់បន្ដអាជីពក្នុងវិស័យបាល់ទាត់ឲ្យបានយូឆ្នាំទៅមុខទៀត។ ខ្សែការពារអន្តរជាតិកម្ពុជា មិនទាន់គិតពីអាយុត្រូវចូលនិវត្តទេ ប៉ុន្ដែ គ្រាន់តែបញ្ជាក់ថា នឹងប្រឹងប្រែងអនុវត្តទម្លាប់ល្អៗ បូករួមជាមួយការគោរពវិន័យហ្វឹកហាត់ ដើម្បីកុំឲ្យធ្លាក់ចុះកម្លាំង និងបច្ចេកទេសរបស់ខ្លួន តែប៉ុណ្ណោះ។
 
កីឡាករវ័យ ៣២ឆ្នាំរូបនេះ បាននិយាយដូច្នេះថា៖«យើង ត្រូវការរក្សាកម្លាំង យើងត្រូវយល់ពីខ្លួនឯង ដូចជាយើងត្រូវការហូបម្ហូបអ្វីមួយ ត្រូវការសម្រាកគ្រប់គ្រាន់ កុំផឹកស្រាច្រើន កុំជក់បារី ឬសារធាតុញៀនផ្សេងៗ។ ខ្ញុំ ឃើញ កីឡាករ អាជីព ពីស្រុកអឺរ៉ុប គេពន្យល់ពីរឿងនេះច្រើន។ យើងខ្លួនឯង ត្រូវប្រឹងដោយខ្លួនឯង។ សម្រាប់ខ្ញុំ ខ្ញុំ ត្រូវការហាត់ប្រាណ ឧទាហរណ៍ថា យើង រៀងតែសម្រាកបន្ដិច យើងនឹងធ្លាក់កម្លាំង។ មានចំណុចជាច្រើន ដែលជួយឲ្យយើងបន្ដអាជីព បានយូរឆ្នាំ។»។

ធារី ចន្ថាប៊ិន ផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗ
 
ជាក់ស្ដែង កីឡាករកម្ពុជា ភាគច្រើន បានចូលនិវត្ត មុនអាយុ ៤០ឆ្នាំ ដោយសារកត្ដាផ្សេងៗ ដូចជា៖ របួសញឹកញាប់ បញ្ហាផ្ទាល់ខ្លួន និងបញ្ហាសុខភាពជាដើម...។ បច្ចុប្បន្ន កីឡាករ ដែលមានវ័យច្រើនជាងគេ គឺកីឡាករ គួច សុកុម្ភៈ ខ្សែបម្រើកណ្ដាលក្លិបណាហ្គាវើលដ៍ ដែលសព្វថ្ងៃមានវ័យ ៣៦ឆ្នាំ។ 
 
ក្នុងបទសម្ភាសដដែរនេះ ធារី ចន្ថាប៊ិន បានសរសើរ គួច សុកុម្ភៈ ថាជាកីឡាករ មានវិន័យល្អ។ «គួច សុកុម្ភៈ គាត់មានវិន័យល្អមែនទែន អ៊ីចឹងហើយ បានគាត់លេងដល់អាយុ ៣៦ឆ្នាំ គាត់ធ្លាប់មានរបួសធ្ងន់មែន ប៉ុន្ដែ គាត់ត្រឡប់មកទីលានបាន ហើយគាត់មានកម្លាំងគ្រប់ ហើយបានជាប់ជម្រើសជាតិ និងជម្រើសដំបូងរបស់ក្លិបរហូត។ គាត់មានការរក្សាខ្លួនល្អ។»។ ខ្សែការពាររូបនេះ បាននិយាយដូច្នេះ។
 
ប្រឡូកក្នុងវិស័យបាល់ទាត់កម្ពុជា អស់រយៈពេលជាង ៧ឆ្នាំ កីឡាករខ្មែរ-បារាំង ចន្ថាប៊ិន យល់ថាពីមួយឆ្នាំ ទៅមួយឆ្នាំកីឡានេះ រីកចម្រើនជាបន្ដបន្ទាប់។ ខ្សែការពារ ដែលធ្លាប់ប្រកបអាជីពលីគក្រៅប្រទេស បញ្ជាក់ថា Cambodian Premier League កាន់តែមានការប្រកួតប្រជែង ដោយក្លិបនីមួយៗ មានកីឡាករជាតិ និងអន្ដរជាតិ សុទ្ធតែមានសមត្ថភាព និងកម្រិតខ្ពស់។
 
«ក្លិបជាច្រើន មានតារាងរបស់គេ ស្ដាតជារបស់គេ ជាពិសេស គេមានកន្លែងសម្រាប់កីឡាករហាត់ប្រាណរបស់គេ មានកន្លែងស្នាក់នៅ មានកន្លែងហូបចុកត្រឹមត្រូវ។ ក្លិបនៅកម្ពុជា បានចាយលុយច្រើន ដើម្បីឲ្យវិស័យបាល់ទាត់កម្ពុជា បានដើរទៅមុខ។ ខ្ញុំ ឃើញវិស័យបាល់ទាត់កម្ពុជា ប្រសើរច្រើនណាស់។ ក្រោយផ្លាស់ឈ្មោះទៅជា Cambodian Premier League គេធ្វើបានល្អ បើទោះជាមិនទាន់បាន ១០០ភាគរយ នៅមានខ្វះខាត់តិចតួច ហើយនេះ វាធ្វើឲ្យបាល់ទាត់កម្ពុជា រីកចម្រើន ទៅមុខ។»។ ធារី ចន្ថាប៊ិន បានប្រាប់បែបនេះ៕
 

Tag:
 Thierry Chantha Bin
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com