ជាតិ
CMAC សម្រេចបិទសាលា កុសមៈ ខេត្តក្រចេះបណ្ដោះអាសន្នក្រោយរកឃើញគ្រាប់មិនទាន់ផ្ទុះជាង២ពាន់ គ្រាប់មិនទាន់ផ្ទុះជាង២ពាន់គ្រាប់ ដែលរកឃើញនៅក្នុងបរិវេណវិទ្យាល័យព្រះមហាក្សត្រយានី កុសមៈ ខេត្តក្រចេះ។ រូបពី CMAC
× ភ្នំពេញ៖ រយៈពេល ៣ថ្ងៃនេះ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) រុករកឃើញគ្រាប់មីនមិនទាន់ផ្ទុះ២១១៦គ្រាប់ ក្នុងបរិវេណសាលាវិទ្យាល័យ ព្រះមហាក្សត្រយានី កុសមៈ ខេត្តក្រចេះ។
លោក ប៉ិន រដ្ឋា ប្រធានក្រុមបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាសំណល់សង្គ្រាម រួមជាមួយក្រុមកងឯកភាពកំចាត់មីនទី៥ នៅខេត្តក្រចេះ បានរកឃើញគ្រាប់មិនទាន់ផ្ទុះ
ប្រភេទ M79 ចំនួន២០៣៣គ្រាប់, DK75ចំនួន៦៣គ្រាប់, FuzeM48ចំនួន១៨គ្រាប់ , B40 និងH107 ចំនួន១គ្រាប់។ ការរុករកនេះ ប្រើពេលត្រឹមតែរយៈពេល៣ថ្ងៃហើយ គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា។
ជាមួយគ្នាដែរ CMAC បានវាយតម្លៃថា គ្រាប់ក្នុងបរិវេណសាលាវិទ្យាល័យ អាចនឹងមានចំនួនច្រើនទៀត។ ក្រុមជំនាញប្រចាំការរុករក បានសម្រេចបិទសាលារៀនជាបណ្តោះអាសន្ន ដើម្បីអនុញ្ញាតផ្តល់លទ្ធភាពឱ្យកម្លាំងស៊ីម៉ាក់ បោសសម្អាត ហើយធានាសុវត្តិភាពដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋក្នុងតំបន់នោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com