អន្តរជាតិ
ការសិក្សានៅអូស្ត្រាលីព្រមាន​ពី​ផល​ប៉ះពាល់​លើ​សុខភាព​ដោយ​សារ​ម៉ាស៊ីន​ត្រជាក់
14, Aug 2023 , 7:39 pm        
រូបភាព
រូបឯកសារ៖ ម៉ាស៊ីនត្រជាក់ត្រូវបានបំពាក់នៅជាប់អគារមួយខ្នងនៅទីក្រុង Rome ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៣។
រូបឯកសារ៖ ម៉ាស៊ីនត្រជាក់ត្រូវបានបំពាក់នៅជាប់អគារមួយខ្នងនៅទីក្រុង Rome ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៣។
ដោយ: VOA
ក្រុង​ Darwin ដែល​ជា​ធានី​នៃ​តំបន់​ Northern Territory របស់​អូស្រ្តាលី អាច​មាន​អាកាសធាតុក្តៅ​និង​សើម​ខ្លាំង។ ពលរដ្ឋ​រស់​នៅ​ក្រុង​នេះ​ប្រមាណ ១៥០.០០០​នាក់ កំពុង​ជ្រកខ្លួន​ពី​ស្ថានភាព​អាកាសធាតុ​ត្រូពិក​ដ៏​ខ្លាំងក្លា​នេះ​នៅ​តាម​ផ្ទះ ការិយាល័យ និង​រថយន្ត ដែល​ប្រើប្រាស់​ម៉ាស៊ីនត្រជាក់។



ប៉ុន្តែ​ការ​ស្រាវជ្រាវ​ដោយ​សាកលវិទ្យាល័យ​ជាតិ​អូស្រ្តាលី (ANU) លើកឡើង​ថា ការ​ប្រើប្រាស់​ម៉ាស៊ីន​ត្រជាក់ ដែល​ជា​រឿយៗ​ត្រូវ​បាន​កម្រិត​នៅ​សីតុណ្ហភាព​ ២១​អង្សារ​សេ កំពុង​ធ្វើ​ឱ្យ​មនុស្ស​ងាយ​រងគ្រោះ​ពី​ការ​ស្លាប់​ពាក់ព័ន្ធ​នឹង​កម្តៅ។
 
រលក​កម្តៅ ​គឺ​ជាកត្តា​បង្ក​ដោយ​ធម្មជាតិ​ដែល​នាំ​ឱ្យ​មាន​ការ​ស្លាប់​ច្រើន​បំផុត​នៅ​អូស្រ្តាលី។ រលក​កម្តៅបាន​សម្លាប់​មនុស្ស​ច្រើន​ជាង​ភ្លើង​ឆេះ​ព្រៃ គ្រោះ​ទឹកជំនន់ និង​ព្យុះ​រួមបញ្ចូល​គ្នា។
សាកលវិទ្យាល័យ​ជាតិ​អូស្រ្តាលី​អះអាង​ថា៖ «ការ​ប្រែប្រួល​អាកាសធាតុ​កំពុង​តែ​បង្កើន​ការ​ស្លាប់​ពាក់ព័ន្ធ​នឹង​រលកកម្តៅ ជា​ពិសេស​នៅ​តំបន់​ដែល​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង​នៅ​លើ​ពិភពលោក»។
 
លោក Simon Quilty ជា​អ្នក​ដឹកនាំ​ការ​ស្រាវជ្រាវ​ប្រចាំ​មជ្ឈមណ្ឌល​ជាតិ​ផ្នែក​រោគរាតត្បាត និង​សុខភាព​ប្រជាជន​នៃ​សាកលវិទ្យាល័យ​ជាតិ​អូស្រ្តាលី។
 
លោក​បាន​ប្រាប់​វីអូអេ​ថា ការព្យាយាម​បញ្ចៀសពី​កម្តៅ​និង​សំណើម​ប្រហែល​រារាំង​មនុស្ស​ពី​ការ​ស៊ាំ​នឹង​ទៅ​នឹង​អាកាសធាតុ។
 
លោក​ថ្លែង​ថា៖ «ការ​ប្រឈម​ជា​ប្រចាំ​នឹង​ស្ថានភាព​អាកាសធាតុនៅ​កន្លែង​ដែល​អ្នក​កំពុង​រស់​នៅ ​នឹង​ធ្វើ​ឱ្យ​រាងកាយ​របស់អ្នក​សម្រប​ខ្លួន​តាម​នោះ។ យើង​ដឹង​ថា ការ​សម្រប​នេះ​ត្រូវការ​ពេលវេលា​ប្រមាណ ១៤​ ថ្ងៃ សម្រាប់​រាងកាយ​មនុស្ស ហើយ​វា​ផ្លាស់ប្តូរ​របៀប​យើង​បញ្ចេញ​ញើស ​របៀប​យើង​ដកដង្ហើម វា​ផ្លាស់ប្តូរ​ដំណើរការក្រលៀន​របស់​យើង ហើយ​វា​ថែម​ទាំង​ផ្លាស់ប្តូរ​ចង្វាក់​បេះដូង​របស់​យើង​ផង​ដែរ។ តែ​អ្វី​ដែល​កំពុង​កើត​ឡើង​នា​ពេល​នេះ​គឺ​ថា ជីវិត​របស់​យើង​ទាំងស្រុង​ត្រូវ​បាន​កម្រិត​នៅ​សីតុណ្ហភាព​ ២១ ​អង្សារសេ ហើយ​សម្រាប់​អ្នក​ដែល​រស់នៅ​តំបន់​ដែល​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង​ដូចជា តំបន់ Northern Territory ការ​មិន​សម្របខ្លួន​នឹង​អាកាសធាតុ​អាច​ប្រហែល​ជំរុញភាព​ងាយ​រងគ្រោះ​នឹង​កម្តៅ»។
 
លោក Quilty និយាយ​ថា ការ​ស្រាវជ្រាវ​ក៏​រក​ឃើញ​ថា សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​អូស្ត្រាលី​ឬ​ហៅ​ថា First Nations នៅ​តំបន់​ Northern Territory មាន​ភាព​ងាយ​រងគ្រោះ​នឹង​កម្តៅ​តិច​ជាង ពីព្រោះ​ពួកគេ​មិន​មាន​ទំនោរ ឬ​មិន​មាន​លទ្ធភាពប្រើប្រាស់​ម៉ាស៊ីន​ត្រជាក់។
 
លោក​បញ្ជាក់​ថា៖ «វា​ពិត​ជា​មិន​ស្រណុក​នោះ​ទេ ​ពេល​ស្ថិត​ក្នុង​អាកាសធាតុ​ក្តៅ​នៅ​ក្រុង Darwin និង​កន្លែង​ដទៃ​ទៀត​នៅ​តំបន់​ត្រូពិក​នៅ​ជុំវិញ​ពិភពលោក។ ប៉ុន្តែ​យើង​គ្រប់គ្នា​មិន​ត្រូវ​ការ​រស់​នៅ​ក្នុង​សីតុណ្ហភាព ២១ អង្សារសេ​នោះ​ទេ។ ហើយ​ពិត​ណាស់ បទ​ពិសោធន៍​របស់​ខ្ញុំ​ជាមួយ​នឹង​ជនជាតិ​ដើម​ គឺ​ថា ពួកគេ​ពិត​ជា​មិន​ចូលចិត្ត​បរិស្ថាន​ដែល​មាន​ការ​ប្រើប្រាស់​ម៉ាស៊ីន​ត្រជាក់​ច្រើនជ្រុល​នោះ​ទេ។ ពួកគេ​មាន​អារម្មណ៍​មិន​សុខ​ស្រួលនៅ​កន្លែង​ទាំង​នោះ​ទេ»។
 
ការសិក្សា​ដោយ​សាកលវិទ្យាល័យ​ជាតិ​អូស្រ្តាលី​ជឿ​ថា៖ «សហគមន៍​នៅ​តំបន់​មាន​អាកាសធាតុ​ក្តៅ​ត្រូវចាប់ផ្តើម​គិត​គូរ​ពី​មធ្យោបាយ​ផ្នែក​សង្គម​វប្បធម៌​នៃ​ការ​សម្រប​ទៅ​នឹង​អាកាសធាតុ​ក្តៅ​ជាង​នេះ។
 
ជនជាតិ​ដើម​អូស្រ្តាលី​តែងតែ​ជៀសវាង​កម្តៅ​ក្តៅ​ខ្លាំងពេល​ថ្ងៃ​រសៀល ហើយ​កាត់បន្ថយ​ការ​ប្រើ​កម្លាំង​ពលកម្ម​នៅ​ពេល​ដែល​មាន​កម្តៅ​ខ្លាំង​ពេល​ថ្ងៃ។ ការ​ស្រាវជ្រាវ​ណែនាំ​ថា ការ​សាងសង់​គេហដ្ឋាន​នៅ​ក្នុងតំបន់​មាន​អាកាសធាតុ​ក្តៅ​គួរ​តែ​រចនា​ឡើង​ ដើម្បី​ធានា​ការ​រក្សា​ភាព​ត្រជាក់ ​ដោយ​មិន​ប្រើប្រាស់​អគ្គិសនី​ ដើម្បី​កាត់បន្ថយ​តម្លៃ​ថាមពល។
 
ការ​ស្រាវជ្រាវ​នៅ​អូស្រ្តាលីអះអាង​ថា ការ​ទទួល​ទាន​ដំណេក​ពេលរសៀល អំឡុង​ពេល​សីតុណ្ហភាព​ក្តៅ​បំផុត​ក៏​អាច​ជួយ​ឱ្យ​រាងកាយ​សម្រប​ទៅ​នឹង​កម្តៅផងដែរ។
ការសិក្សា​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​របាយការណ៍​ស្រាវជ្រាវ Lancet Planetary Health៕
 

© រក្សាសិទ្ធិដោយ thmeythmey.com