ជាតិ
សង្គមជាតិ
អធិការក្រុងកែប៖ រថភ្លើងមួយខ្សែដាច់ចេញពីគ្នា ធ្វើឱ្យធ្លាយប្រេងពីរស៊ីទែន នៅដំណាក់ចង្អើរ រូបភាព៖-Hout Songhak
× ភ្នំពេញ៖ រថភ្លើងមួយខ្សែ បានដាច់ចេញពីគ្នា ហើយធ្លាក់ចេញពីផ្លូវដែកបន្តិច បណ្ដាលឱ្យធ្លាយប្រេងពីរស៊ីទែន កាលពីម៉ោង៥ព្រឹក ថ្ងៃទី១៤ ខែសីហា នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
លោក នូ សាមេត អធិការនគរបាលក្រុងកែប បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ នាល្ងាចនេះថា រថភ្លើងដឹកប្រេងមួយខ្សែ ដែលធ្វើដំណើរចេញពីខេត្តព្រះសីហនុ ទៅភ្នំពេញ បានដាច់ចេញពីគ្នា ត្រង់ចំណុចភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ដែលធ្វើឱ្យធ្លាយប្រេងពីរស៊ីទែន។ មូលហេតុនាំធ្លាយប្រេងចេញពីស៊ីទែន ដោយសារតែការប៉ះទង្គិចផ្នែកខាងក្រោយ និងខាងមុខ នៃរថភ្លើង។ ផ្នែកខាងក្រោយ ដែលបានដាច់នេះ មាន៤៤ស៊ីទែន។
លោក ប្រាប់ដូច្នេះថា៖« រថភ្លើងនេះបានដាច់ចេញពីគ្នា។ នៅពេលនោះ ផ្នែកខាងក្រោយមានល្បឿនលឿន ហើយខាងមុខវិញហាក់យឺតជាង ដូច្នេះ វាបានជ្រុលទៅបុកផ្នែកខាងមុខ បណ្ដាលផ្អៀងចេញពីផ្លូវបន្តិច រីឯ ស៊ីទែនពីរបានធ្លាយប្រេងចេញ»។
ក្នុងហេតុការណ៍នេះ មានពលរដ្ឋជាច្រើនបានសម្រុកប្រេងចេញពីទឹក ក្នុងចូលស្រែជុំវិញនោះ។ ករណីនេះ មិនបង្កគ្រោះថ្នាក់អ្នកបើកបរ និងពលរដ្ឋនោះទេ ប៉ុន្តែ សមត្ថកិច្ចក្រុងកែប បានចុះណែនាំដល់ពលរដ្ឋកុំឱ្យនៅក្បែរស៊ីទែនរថភ្លើង ដើម្បីបញ្ចៀសហានិភ័យផ្ទុះ៕
Tag:
រថភ្លើង
ប្រេង
អធិការក្រុងកែប
© រក្សាសិទ្ធិដោយ thmeythmey.com