ជាតិ
TAFTAC ពិនិត្យលទ្ធភាពផ្ដត់ផ្គង់ក្រណាត់ ពីប៉ាគីស្ថាន
15, Aug 2023 , 3:59 pm        
រូបភាព
ក្រុមធុរកិច្ចកម្ពុជា និងបណ្ដាប្រទេសក្នុងអាស៊ាន នៅក្នុងសន្នុិសីទប្រទសប៉ាគីស្ថាន។ រូបពី TAFTAC
ក្រុមធុរកិច្ចកម្ពុជា និងបណ្ដាប្រទេសក្នុងអាស៊ាន នៅក្នុងសន្នុិសីទប្រទសប៉ាគីស្ថាន។ រូបពី TAFTAC
ភ្នំពេញ៖ ​សមា​​គម​វាយ​ន​ភណ្ឌ​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ​នៅ​កម្ពុជា (TAFTA) បានទៅសិក្សាស្វែងយល់ ពីសក្តានុពលពាណិជ្ជកម្ម ពិសេសការផ្ដត់ផ្គង់ក្រណាត់ នៅប៉ាគីស្ថាន។

 
TAFTAC និងសមាគមក្រុមហ៊ុន៤ទៀត បានចូលរួម សន្និសីទឱកាសធុរកិច្ចអាស៊ាន-ប៉ាគីស្ថាន នៅទីក្រុង Lahore និងទីក្រុង Karachi កាលពីថ្ងៃទី១១សីហា។ ភាគីប៉ាគីស្ថានជាអ្នករៀបចំសន្និសីទនេះ ដើម្បីជំរុញពាណិជ្ជកម្មនិងការវិនិយោគក្នុងតំបន់អាស៊ាន។ 
 
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃ TAFTAC ដែលបានចូលរួមសន្និសីទនៅប៉ាគីស្ថាន បានប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធតេឡេក្រាមថ្ងៃទី១៤ សីហា ថា ប្រទេសប៉ាគីស្ថានសម្បូរវត្ថុធាតុដើម ក្នុងវិស័យកាត់ដេរ ប៉ុន្តែខ្វះព័ត៌មាន និងទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជា។ ដូច្នេះ លោកមើលឃើញថា ការចូលរួមសន្និសីទដោយផ្ទាល់ គឺកត្តាសំខាន់ ក្នុងការមើលពីស្ថានភាពជាក់ស្ដែងនៃដំណើរការពាណិជ្ជកម្ម ,ទស្សនៈនយោបាយ ,សង្គម និងវប្បធម៌ ជាជាងព័ត៌មានដែលទទួលបានតាមប្រព័ន្ធផ្សព្វផ្សាយ ព្រោះករណីខ្លះ មិនឆ្លុះបញ្ចាំងពីការពិតឡើយ។ 
 
«យើងបានចូលរួមសន្និសីទឱកាសធុរកិច្ចអាស៊ាន-ប៉ាគីស្ថាន ដើម្បីស្វែងយល់បន្ថែមអំពីសក្ដានុពលពាណិជ្ជកម្ម ជាពិសេសក្នុងការផ្គត់ផ្គង់ក្រណាត់កប្បាស ព្រោះយើងគិតថាប្រទេសនេះ ជាតួអង្គមួយសំខាន់ ក្នុងចំណោមតួអង្គប្រកួតប្រជែង ផ្នែកផលិតកម្មវាយនភណ្ឌនិងសម្លៀកបំពាក់ក្នុងតំបន់។ លោក កាំង ម៉ូនីកា លើកឡើងបែបនេះ។ 
 
ក្នុងសន្និសីទខាងលើ ភាគីប្រទេសប៉ាគីស្ថាន បានធ្វើបទបង្ហាញអំពីស្ថានភាពពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងព័ត៌មានវិទ្យា(IT) ដល់ក្រុមធុរកិច្ច ដែលមានសមាគមនិងក្រុមហ៊ុនចំនួន៥០ មកពីបណ្តាប្រទេសអាស៊ាន។ ក្រុមធុរកិច្ចទាំងនេះ បានជួបជាមួយក្រុមហ៊ុនប្រមាណ២០០ស្ថាប័ន នៅក្នុងប្រទេសប៉ាគីស្ថាន ដែលបានចូលរួមស្វែងរកឱកាសពាណិជ្ជកម្ម និងការវិនិយោគ។ ដំណើរទស្សនកិច្ចពាណិជ្ជកម្មនេះ ក្រុមវិស័យវាយនភណ្ឌ បានទៅទីក្រុង Faisalabad ប្រទេសប៉ាគីស្ថាន ដែលបានរៀបចំកិច្ចជួបជុំធុរកិច្ចនៅសភាពាណិជ្ជកម្ម Faisalabad និងទស្សនកិច្ចទៅរោងចក្រផងដែរ។ នេះបើតាមការចេញផ្សាយរបស់ TAFTAC ។
 
TAFTAC បានឱ្យដឹងថា ការផ្គត់ផ្គង់វាយនភណ្ឌរបស់ប៉ាគីស្ថានមកប្រទេសកម្ពុជា មានចំនួនតិចតួចនៅឡើយ។ ដូច្នេះ TAFTAC បានចាត់ទុកសន្និសីទខាងលើ ជាឱកាសដ៏ធំ ក្នុងការពង្រីកពាណិជ្ជកម្មបន្ថែមរវាងប្រទេសទាំងពីរ។
 
គិតត្រឹមដើមខែសីហានេះ វិស័យកាត់ដេរដែលបម្រើឱ្យការនាំចេញរបស់កម្ពុជា មានរោងចក្រសរុប ១ ០៧៧ រោងចក្រ។ ក្នុងចំណោមរោងចក្រទាំងនេះ គឺមានរោងចក្រផលិតសម្លៀកបំពាក់ចំនួន៨០២, រោងចក្រផលិតស្បែកជើងមាន១៤០ និងរោងចក្រផលិតកាបូបមាន១៣៤។
 
 

Tag:
 វាយនភណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com