អន្តរជាតិ
សហរដ្ឋ​អាមេរិក និង​ចិន​ឯកភាព​បង្កើន​ជើង​ហោះហើរ​ទ្វេដង ក្នុង​មួយ​សប្ដាហ៍​ រវាង​ប្រទេស​ទាំងពីរ
15, Aug 2023 , 7:39 pm        
រូបភាព
រូបឯកសារ៖ យន្តហោះ Air China ចត​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ Los Angeles ក្នុង​ទីក្រុង Los Angeles រដ្ឋ California កាលពី​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩។
រូបឯកសារ៖ យន្តហោះ Air China ចត​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ Los Angeles ក្នុង​ទីក្រុង Los Angeles រដ្ឋ California កាលពី​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩។
ដោយ: VOA
រដ្ឋបាល​លោក​ប្រធានាធិបតី Joe Biden បាន​ថ្លែង​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា សហរដ្ឋ​អាមេរិក​និងចិននឹង​ព្រមព្រៀង​គ្នា​បង្កើន​ជើង​ហោះហើរ​ដឹក​អ្នក​ដំណើរ​ឲ្យ​បាន​ទ្វេដង​រវាង​ប្រទេស​ទាំង​ពីរ។ នេះ​ជា​សញ្ញា​នៃ​កិច្ច​សហប្រតិបត្តិការ​មួយ​ដែល​កម្រ​នឹង​កើត​មាន​រវាង​ប្រទេស​ទាំង​ពីរ​ដែល​មាន​សេដ្ឋកិច្ច​ធំជាង​គេ​នៅ​លើ​ពិភពលោក។

 
ក្រសួង​ដឹកជញ្ជូន​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា កិច្ចព្រមព្រៀង​នេះ​នឹង​បង្កើន​ជើងហោះ​ហើរ​ដឹកអ្នកដំណើរ​ចិន​ដែល​អនុញ្ញាត​ឲ្យ​ចូល​និង​ចេញ​ពី​សហរដ្ឋ​អាមេរិក​កើន​ពី​ចំនួន​បច្ចុប្បន្ន១២ជើងក្នុង​មួយ​សប្ដាហ៍​ទៅ១៨ជើង​ ចាប់​ពី​ថ្ងៃទី១ ខែ​កញ្ញា ហើយ​នឹង​បន្ត​កើន​ដល់​ទៅ២៤ជើង​ក្នុង​មួយសប្ដាហ៍​ ចាប់​ពី​ថ្ងៃ​ទី២៩ ខែ​តុលា​ខាង​មុខ​នេះ។
 
ក្រសួង​ដឹកជញ្ជូនអាមេរិក​បាន​បញ្ជាក់​ទៀត​ថា រដ្ឋាភិបាល​ចិន​ក៏​នឹង​យល់​ព្រម​លើ​ការបង្កើន​ចំនួន​ជើង​ហោះហើរ​សម្រាប់​ក្រុមហ៊ុន​ហោះហើរ​អាមេរិកាំង​ផងដែរ គឺដូច​ទៅ​នឹង​អ្វី​ដែល​ទីភ្នាក់ងារ​ព័ត៌មាន Reuters ធ្លាប់​បាន​រាយការណ៍​ កាលពីពេល​មុន។
 
កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​ដែល​តែងតែ​ឈ្លោះប្រកែក​គ្នា​លើ​បញ្ហា​ជាច្រើន​កើត​មាន​ឡើង​ បន្ទាប់​ពី​ចិន​បាន​លុបចោលការរឹត​បន្តឹង​ក្នុង​សម័យ​ជំងឺ​កូវីដ​លើ​ក្រុម​ទេសចរ​មក​ពី​ប្រទេស​ផ្សេងៗ ដែល​រួមមាន​ទាំង​ប្រទេស​ជា​ទីផ្សារ​ទេសចរណ៍​សំខាន់ៗ​ដូចជា ​សហរដ្ឋ​អាមេរិក ជប៉ុន កូរ៉េ​ខាងត្បូង ​និង​អូស្ត្រាលី។
 
ក្រសួង​ដឹកជញ្ជូន​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា ​ផ្នែក​ទី១នៃ​ការ​ហោះហើរត្រូវ​បាន​អនុម័ត​យល់ព្រម​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃទី១ ខែ​កញ្ញា«ដើម្បី​ឆ្លើយ​តបទៅ​នឹង​កំណើន​តម្រូវការ​ធ្វើដំណើរ​នៅ​ពេល​ចាប់ផ្ដើម​ឆ្នាំ​សិក្សា​ថ្មី»។
 
ប្រភព​នានា​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ហោះហើរ​អាមេរិកាំងមិន​រំពឹង​ថា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ភ្លាមៗ​ពី​ការ​បង្កើន​ជើង​ហោះហើរ​ដល់១៨លើក​នេះ​ក្នុង​មួយ​សប្ដាហ៍​នេះ​ទេ។
 
ស្ថានទូត​ចិន​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​បង្វែរ​សំណួរ​ទាក់​ទិន​នឹង​ព័ត៌មាន​លម្អិតទៅ​កាន់​អាជ្ញាធរ​ចិន ប៉ុន្តែ​បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា «ការហោះហើរ​ផ្ទាល់​មាន​សារៈ​សំខាន់​ក្នុង​ការបង្កើន​ការ​ធ្វើដំណើរ​ទៅវិញ​ទៅមក​រវាង​ពលរដ្ឋ​ចិននិង​ពលរដ្ឋអាមេរិកាំង។ យើងសង្ឃឹម​ថា ការស្ដារឡើង​វិញឲ្យ​មាន​ការ​ហោះហើរ​បន្ថែម​ទៀត​នេះ នឹង​នាំ​មក​នូវ​ផល​ល្អសម្រាប់​លំហូរ​ពលរដ្ឋ ​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ»។
 
ការហោះហើរ​ទៅវិញ​ទៅ​មក​ចំនួន២៤ជើង​ក្នុង​មួយ​សប្ដាហ៍​នៅ​តែ​ជាចំនួន​ទាប​នៅ​ឡើយ បើ​ប្រៀបធៀប​ទៅ​នឹង​ការហោះហើរ​ទៅមក​ចំនួន១៥០ជើង​ដែល​ភាគី​ទាំងពីរ​បាន​អនុញ្ញាត​មុន​ពេល​មានការ​រឹតបន្តឹង​នៅ​ដើមឆ្នាំ២០២០ ដោយ​សារ​តែការ​រីករាលដាល​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩៕
 

© រក្សាសិទ្ធិដោយ thmeythmey.com