កីឡាជាតិ
ជាតិ
AFC Cup៖ លោក Oleg សរសើរ Young Elephant ខ្លាំង តែភ្នំពេញក្រោនត្រូវការឈ្នះ
16, Aug 2023 , 9:29 am        
រូបភាព
សន្និសីទមុនប្រកួតរវាងក្រុមទាំង ២ រូបពី Cambodian Premier League
សន្និសីទមុនប្រកួតរវាងក្រុមទាំង ២ រូបពី Cambodian Premier League
លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន លើកសរសើរក្រុមភ្ញៀវ Young Elephant FC ជាក្រុមខ្លាំង និងមានរបៀបលេងសដៀងភ្នំពេញក្រោន។ ទោះក្រុមឡាវល្អក្តី ប៉ុន្តែគ្រូអ៊ុយក្រែនដាក់គោលដៅធ្វើយ៉ាងណានាំភ្នំពេញក្រោនឡើងទៅវគ្គបន្ត។ Oleg Starynskyi អះអាងដូច្នេះ ក្នុងសន្និសីទសារព័ត៌មាន មុនការជួបគ្នារវាងភ្នំពេញក្រោន ទល់ Young Elephant FC ក្នុងការប្រកួត វគ្គជម្រុះបឋម AFC Cup នៅកីឡដ្ឋាន Smart RSN នាថ្ងៃទី១៦ ខែសីហា វេលាម៉ោង៦ល្ងាច។

 
លោក Oleg Starynskyi បាននិយាយក្នុងសន្និសីទសារព័ត៌មានមុនប្រកួត ដូច្នេះថា រូបលោក រួមទាំងក្លិបភ្នំពេញក្រោន រង់ចាំការប្រកួតក្នុងព្រឹត្តិការណ៍ AFC Cup នេះ អស់រយៈពេល ១ឆ្នាំហើយ។ ចំពោះការប្រកួតនេះ គ្រូបង្វឹកភ្នំពេញក្រោន បានដាក់គោលដៅ មិនត្រឹមតែឈ្នះការប្រកួតនេះទេ ប៉ុន្ដែត្រូវឡើងទៅវគ្គជម្រុះ ក្នុងពូលបន្ដទៀត។
 
យោងតាមហ្វេសប៊ុកក្លិបភ្នំពេញក្រោន លោក Oleg Starynskyi បាននិយាយដូច្នេះថា៖«យើងរង់ចាំការប្រកួតនេះរយៈពេល ១ឆ្នាំ នេះគឺជាការប្រកួតដែលយើងចង់លេង គោលដៅរបស់យើងគឺឡើងទៅលេងវគ្គបន្ត ដូច្នេះខ្ញុំគិតថានឹងក្លាយជាការប្រកួតដ៏ជក់ចិត្ត ។»។
  
លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន ក្នុងសន្និសីទសារព័ត៌មានមុនប្រកួត រូបពី CPL

ដោយឡែក ក្រុម Young Elephant FC ធ្លាប់ចាញ់ ភ្នំពេញក្រោន ក្នុងលទ្ធផល ៤-២ កាលពីខែមិថុនា ឆ្នាំ២០២២ នៅកីឡដ្ឋាន Thong Nhat ប្រទេសវៀតណាម ក្នុងការប្រកួតពានរង្វាន់ AFC Cup វគ្គជម្រុះក្នុងពូល G។
 
បើទោះជាធ្លាប់ឈ្នះក្រុមនេះក៏ដោយ គ្រូបង្វឹកភ្នំពេញក្រោនរូបនេះ មិនបានធ្វេសប្រហែសទេ ដោយសម្លឹងឃើញថា ក្រុម Young Elephant មានប្រព័ន្ធ និងទម្រង់លេងដូច ក្រុមរបស់លោកដែរ ដោយក្នុងនោះ បូករួមជាមួយការនាំយក កីឡាករ ដែលមានសមត្ថភាពផងដែរ។
 
«សម្រាប់ក្រុមរបស់ពួកគេគឺមានកីឡាករចាកចេញមួយចំនួន និងនាំចូលមួយចំនួនដូចគ្នា ប៉ុន្តែប្រព័ន្ធលេងរបស់គេគឺរក្សាដដែល ។ ពួកគេគឺជាក្រុមដែលចូលចិត្តគ្រប់គ្រងបាល់ច្រើន ក៏ដូចជាគ្រប់គ្រងការប្រកួតផងដែរ ដូច្នេះគឺស្រដៀងនឹងការលេងរបស់យើងដែរ។»។ នេះ បើយោងតាមហ្វេសប៊ុកក្លិបភ្នំពេញក្រោន លោក Oleg Starynskyi បាននិយាយដូច្នេះ។
 
គួរបញ្ជាក់ផងដែរថា ភ្នំពេញក្រោន ត្រូវស្វាគមន៍ Young Elephant FC វេលាម៉ោង ៦:០០ ល្ងាច នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ វគ្គជម្រុះបឋម (AFC Cup Preliminary Stage) នៅកីឡដ្ឋាន Smart RSN។ ប្រសិនជាឈ្នះ Young Elephant FC ភ្នំពេញក្រោន នឹងត្រូវប្រកួតជាមួយ Tampines Rover FC របស់ប្រទេសសិង្ហបុរី ដើម្បីដណ្ដើមកៅអីទៅវគ្គ ជម្រុះក្នុងពូល៕
 

Tag:
 បាល់ទាត់
  AFC Cup
  Oleg Starynskyi
© រក្សាសិទ្ធិដោយ thmeythmey.com