កីឡាជាតិ
ជាតិ
ជំនួប ព្រុំ សំណាង-Dave Leduc នឹងធ្វើឱ្យ «គុនខ្មែរ »ល្បីទៅពិភពលោក
16, Aug 2023 , 11:19 am        
រូបភាព
លោក គឹម ស្រ៊ុនកុសល អ្នករៀបចំការប្រកួតគុនខ្មែរនៅសង្វៀនថោន
លោក គឹម ស្រ៊ុនកុសល អ្នករៀបចំការប្រកួតគុនខ្មែរនៅសង្វៀនថោន
ដោយ:
លោក គឹម ស្រ៊ុនកុសល ឬ Tommy Kim អ្នករៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរនៅសង្វៀនថោន បានបញ្ជាក់ថាការរៀបព្រឹត្តិការណ៍កីឡាប្រដាល់គុនខ្មែររវាង ព្រុំ សំណាង ទល់ស្តេចប្រដាល់មីយ៉ាន់ម៉ា Dave Leduc ក្នុងគោលបំណងឱ្យវិស័យគុនខ្មែរកាន់ល្បីរីកសាយទៅកាន់ពិភពលោក។

 
«មិនថាកីឡាករ ព្រុំ សំណាង ចាញ់ឬឈ្នះទេ ការប្រកួតនេះគឺយើងមានគោលដៅតែមួយគត់ចង់ឱ្យពិភពលោកបានស្គាល់ពីកីឡាគុនខ្មែររបស់យើង»។ លោក គឹម ស្រ៊ុនកុសល ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ បន្ទាប់ពីលោកបានរៀបចំផ្គូរផ្គងឱ្យការប្រកួតដ៏ធំមួយនេះកើតឡើងនាចុងឆ្នាំ២០២៣។ យ៉ាងណាអ្នករៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរនៅសង្វៀនថោន មិនទាន់កំណត់ថ្ងៃប្រកួតជាក់លាក់នៅឡើយទេ តែលក្ខខន្តិកៈមួយចំនួនបានកំណត់រួចរាល់ហើយ។

ចំពោះបេក្ខភាពដែលត្រៀមចូលរួមការប្រកួតកីឡាប្រដាល់គុនខ្មែរ កីឡាករប្រដាល់សញ្ជាតិកាណាដា Dave Leduc បានសរសេរសារបង្ហោះនៅផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី១៤ ខែសីហា នេះថារូបគេនឹងមកកាន់ទឹកដីនៃព្រះរាជណាចក្រកម្ពុជា។ «នៅចុងឆ្នាំ២០២៣នេះ ខ្ញុំនឹងទៅលេងប្រទេសកម្ពុជាដ៏ស្រស់ស្អាត ហើយត្រូវប្រកួតកីឡាប្រដាល់គុនខ្មែរ»។ Leduc បន្ថែមថាការប្រកួតរបស់គេ និងកីឡាករគុនខ្មែរ ព្រុំ សំណាង នឹងក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យសម្រាប់កម្ពុជា ក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
 
កីឡាករគុនខ្មែរ ព្រុំ សំណាង(ឆ្វេង) Dave Leduc (ស្តាំ)

ក្រឡេកទៅកាន់បេក្ខភាពរបស់កម្ពុជាយើងវិញ កីឡាករមានរហស្សនាមថា អ្នកលេងជង្គង់ទិព្វ ព្រុំ សំណាង លើកឡើងថារូបគេមិនញញើតឡើយចំពោះការប្រកួតទល់នឹងស្តេចប្រដាល់គុន Lethwie របស់ប្រទេសមីយ៉ាន់ម៉ា Leduc ឡើយ។  ការប្រកួតតាមរបៀបគុនខ្មែរ សំណាង រីករាយស្វាគមន៍ជានិច្ច ហើយរំពឹងថានឹងឈ្នះការប្រកួតដ៏ធំមួយនេះ។
 
«ជួប Dave Leduc ខ្ញុំចង់បានជ័យជម្នះជូនអ្នកគាំទ្រគុនខ្មែរ។ ការប្រកួតបែបគុនខ្មែរខ្ញុំសង្ឃឹមខ្ពស់លើការប្រយុទ្ធ»។ ម្ចាស់មេដាយមាសស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៕
 
 

Tag:
 គុនខ្មែរ
 គឹម ស្រ៊ុនកុសល
© រក្សាសិទ្ធិដោយ thmeythmey.com