ជាតិ
ក្រសួងកសិកម្ម អំពាវនាវឱ្យត្រៀមទប់ស្កាត់ជំងឺឆ្លងលើសត្វ នារដូវវស្សា
18, Aug 2023 , 6:59 pm        
រូបភាព
រូបភាព៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ
រូបភាព៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ
ភ្នំពេញ៖ ជំងឺឆ្លងលើសត្វពាហនៈ អាចផ្ទុះឡើងនៅរដូវវស្សានេះ ខណៈក្រសួងកសិកម្ម បានអំពាវនាវឱ្យកសិករត្រៀមទប់ស្កាត់ និងសង្រ្គោះទាន់ពេលវេលា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅថ្ងៃទី១៧ ខែសីហា។



អគ្គនាយកដ្ឋានសុខភាពសត្វ បញ្ជាក់ថា នៅរដូវវស្សានេះ ទឹកជំនន់អាចកើតឡើងនៅតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា ជាពិសេស តំបន់ជាប់មាត់ទន្លេ បឹង ស្ទឹង និងព្រែកជាដើម។ ការណ៍នេះ អាចបណ្ដាលឱ្យជំងឺឆ្លងសត្វផ្ទុះឡើងផងដែរ។ 
 
ជុំវិញបញ្ហានេះ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានអំពាវនាវឱ្យកសិករដែលចិញ្ចឹមសត្វ ត្រៀមលក្ខណៈសង្គ្រោះ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វផ្សេងៗ។ ក្រសួង ស្នើឱ្យកសិករ រៀបចំទីទួលសុវត្ថិភាពដែលនៅជិតបំផុត, ត្រៀមចំណី-ទឹកឱ្យបានគ្រប់គ្រាន់ និងធ្វើអនាម័យសត្វឱ្យបានល្អ។
 
បន្ថែមពីលើនេះ ត្រៀមធ្នើរសម្រាប់ដាក់សត្វ, មធ្យោបាយសង្គ្រោះផ្សេងៗ និងតាមដានសុខភាពសត្វ។ ក្នុងករណីមានសត្វឈឺ ត្រូវបំបែកចេញពីសត្វជា និងរាយការណ៍ ជាបន្ទាន់ទៅភ្នាក់ងារសុខភាពសត្វភូមិ ឬអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ដើម្បីអន្តរាគមន៍ព្យាបាលបានទាន់ពេលវេលា៕ 
 
 

Tag:
 កសិកម្ម
  ជំងឺឆ្លងសត្វ
  ក្រសួងកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com