ជាតិ
ប៉ូលិស ចាប់បានជនល្មើស ចំនួន៧នាក់ ដែលពាក់ព័ន្ធករណីរំដោះអ្នកទោសមេក្លោងគ្រឿងញៀន
19, Aug 2023 , 12:16 pm        
រូបភាព
លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ។
លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ។
ភ្នំពេញ៖ ក្រោយប្រើពេលអស់ជាង ៤០ ម៉ោង អគ្គស្នងការនគរបាលជាតិ បង្រ្កាប់បានជនល្មើសដែលពាក់ព័ន្ធករណីរំដោះអ្នកទោសមេក្លោងគ្រឿងញៀនបានចំនួន៧នាក់។ ក្នុងនោះ មានជនជាតិខ្មែរសញ្ជាតិអាម៉េរិក ចំនួន៧នាក់ និងជនជាតិចិនសញ្ជាតិអាម៉េរិកម្នាក់។ 



ក្នុងសន្និសីទសារព័ត៌មានរបស់អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី ១៩ ខែសីហានេះ លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានឱ្យដឹងថា ក្រោយពេលបង្រ្កាប់បានជនសង្ស័យមួយចំនួនហើយ កម្លាំងនគរបាលនៅតែបន្តប្រតិបត្តិការរបស់ខ្លួនឱ្យកាន់តែតឹងរ៉ឹង ដើម្បីចាប់បានអ្នកទោសគ្រឿងញៀនជនជាតិចិនមកវិញ និងឈានទៅការបិទសំណុំរឿងនេះបានយ៉ាងឆាប់រហ័ស។  
 
លោក ម៉ក់ ជីតូ  បានអះអាងបែបនេះ «យើង[ស្នងការនគរបាលជាតិ] បានសហការណ៍ជាមួយបណ្តាប្រទេសជិតខាង អង្គភាពពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវរកទណ្ឌិតនេះឱ្យឃើញ។ យើងបានដឹងហើយថា អ្នកណាខ្លះ ហើយមានអត្តសញ្ញាតយ៉ាងម៉េច។ យើងជឿជាក់ថានឹងបង្ក្រាប់បាន»។ 
 
គួរជម្រាបថា កាលពីថ្ងៃទី១៧ ខែសីហា មានខ្មាន់កាំភ្លើងបិទមុខដោយមានប្រដាប់អាវុធ បានរំដោះអ្នកទោសគ្រឿងញៀនជនជាតិចិន នៅក្នុងពេទ្យធ្មេញមួយ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ នាភូមិតាភុល សង្កាត់ស្វាយដង្គំ។ ក្រោយមករថយន្តដែលរំដោះនោះ ត្រូវបានសមត្ថកិច្ចប្រទះឃើញទុកចោល លើដីទំនេរមួយនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ និងមានវត្ថុតាងមួយចំនួន ដូចជាអាវុធ ខោអាវ និងរបាំងមុខ ជាដើម។ អ្នកទោសជនជាតិចិនដែលបានរត់គេចនោះ កំពុងអនុវត្តន៍ទោសចំនួន៥២ឆ្នាំ ពីបទជួញដូរគ្រឿងញៀន និងត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាននៅថ្ងៃទី១១ សីហា ឆ្នាំ២០០៩៕

© រក្សាសិទ្ធិដោយ thmeythmey.com