អន្តរជាតិ
ចិន ធ្វើសមយុទ្ធក្បែរតៃវ៉ាន់ ឆ្លើយតបការឈប់សំចតនៅអាម៉េរិករបស់អនុប្រធានាធិបតីតៃវ៉ាន់
× យោធាចិន ប្រកាសធ្វើសមយុទ្ធនៅជុំវិញកោះតៃវ៉ាន់នៅថ្ងៃទី១៩ ខែសីហា ដើម្បីឆ្លើយតបនឹងការឈប់សំចតរបស់មេដឹកនាំតៃវ៉ាន់អាម៉េរិក។
ដូចអ្វីដែលគេរំពឹងទុក ចិនពិតជារៀបចំសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់មែនក្រោយការឈប់សំចតរបស់អនុប្រធានាធិបតីតៃវ៉ាន់ William Lai នៅអាម៉េរិកក្នុងដំណើរទស្សនកិច្ចនៅប៉ារ៉ាហ្កាយ។ បើតាមការប្រកាសរបស់ទីបញ្ជាការដ្ឋានភូមិភាគខាងកើតរបស់យោធាចិន សមយុទ្ធលើកនេះមានការល្បាតផ្លូវអាកាស និងផ្លូវទឹកជុំវិញកោះតៃវ៉ាន់។
«នេះជាការព្រមានម៉ឺងម៉ាត់ចំពោះកម្លាំងផ្ដាច់ខ្លួនតៃវ៉ាន់ដែលចូលដៃចូលជើងជាមួយកម្លាំងខាងក្រៅ។» សេចក្ដីប្រកាសដដែលបន្តបែបនេះ។
មុនការប្រកាសនេះ ក្រសួងការបរទេសចិននាថ្ងៃទី១៨ ខែសីហាក៏ព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី បន្ទាប់ពីលោក Lai ធ្វើដំណើរតាមជើងយន្តហោះឆ្លងកាត់ និងឈប់នៅទីក្រុងញូវយ៉ក និងសាន់ហ្វ្រាន់ស៊ីស្កូ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃបានសង្កត់ធ្ងន់ថា ក្រុងប៉េកាំងថ្កោលទោសយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់អាម៉េរិកក្នុងការរៀបចំការឈប់សំចតសម្រាប់លោក Lai។ ក្រុងប៉េកាំងមើលឃើញថា នេះជាការបញ្ជូនសញ្ញាដែលខុសឆ្គងយ៉ាងធ្ងន់ធ្ងរដែលមានបំណងបញ្ជាក់ពីឯករាជ្យភាពតៃវ៉ាន់។
លោក Wang ក៏រំលឹក ឡើងវិញពីគោលការណ៍ចិនតែមួយដែលជាបទដ្ឋានមូលដ្ឋានទទួលស្គាល់ដោយសហគមន៍អន្តរជាតិ និងជាមូលដ្ឋានគ្រឹះសម្រាប់ការបង្កើត និងការអភិវឌ្ឍទំនាក់ទំនងចិន-អាម៉េរិក៕
© រក្សាសិទ្ធិដោយ thmeythmey.com