ជាតិ
លោក ចាន់នី ប្ដូរពីការងារសំណង់មកលក់នំប៉័ង អស់១២ឆ្នាំ
19, Aug 2023 , 8:09 pm        
រូបភាព
លោក សុខ ចាន់នី អ្នកលក់នំប៉័ងនៅភ្នំពេញ។
លោក សុខ ចាន់នី អ្នកលក់នំប៉័ងនៅភ្នំពេញ។
ភ្នំពេញ៖ «នំប៉័ង! នំប៉័ង! មាននំប៉័ងសាប នំប៉័ងផ្អែម …»។ សំឡេងពពាយនាយចេញពីឃោសនសព្ទនេះ ជាសំឡេងរបស់លោក សុខ ចាន់នី ជាអ្នកលក់នំប៉័ននៅរាជធានីភ្នំពេញអស់រយៈពេល១២មកហើយ។ ក្នុងរង្វង់គ្រួសារ និងសាច់ញាតិ របស់លោក ចាន់នី ប្រមាណ១០នាក់ សុទ្ធតែជាអ្នកលក់នំប៉័ង។

 
លក់នំប៉័ងចំណេញ ជាងធ្វើកម្មករសំណង
 
ជារាល់ព្រឹកម៉ោង៤ បុរសវ័យ៣៤ តែងងើបទៅយកនំប៉័នពីម្ដុំផ្លូវវេងស្រេង ខណ្ឌពោធិ៍សែនជ័យ ដើម្បីលក់បន្តក្នុងតំបន់នានាក្នុងរាជធានីភ្នំពេញ។ ក្នុងមួយថ្ងៃ លោកចាន់នី អាចលក់នំប៉័ងអស់ប្រមាណ១០០ដើម។ 
 
បុរសចំណាកស្រុកពីខេត្តស្វាយរៀង មកចាប់អាជីពជាអ្នកលក់នំប៉័ងរូបនេះ រៀបរាប់ទាំងញញឹមប្រាប់ពីមូលហេតុដែលបន្តលក់នំអស់១២ឆ្នាំ គឺដោយសារលក់ដាច់និងសល់លុយជាងធ្វើជាកម្មសំណង់។ ជាងនេះទៅទៀត លោកចាន់នី ស្រាលាញ់របរលក់ដូរនេះណាស់ ដោយលើកឡើងបែបនេះ៖ «លក់ចំណេញ! ចំណេញបាន៥ទៅ៦ម៉ឺនក្នុងមួយថ្ងៃ…អារម្មណ៍ខ្ញុំ ចង់ដល់ដូរបែបនេះ វាស្រួលអាចមានពេលវេលាសម្រាកខ្លះបានទៀត»។ ក្រៅពីនេះ លោកចាន់នី បានធៀបការងារថា លក់នំប៉័ង ពុំចំណាយកម្លាំងច្រើនដូច ការងារសំណង់ឡើយ។ 
 
នំប៉័ង
សែស្រឡាយ អ្នកលក់នំប៉័ង 
 
ដើមឡើយ ពូរបស់លោកចាន់នី ជាអ្នកណែនាំមុខរបរនេះ ឱ្យលោក ចាន់នី។ ក្រោយមក ទើបបុរសរូបនេះ ណែនាំឱ្យប្រពន្ធចាប់អាជីពជាអ្នកនំប៉័ងដែរ ដោយលក់នៅខាងមុខរោងចក្រនៅឯខេត្តស្វាយរៀង។ អ្នកនំរូបបញ្ជាក់ថា៖ «សុទ្ធតែបងប្អូនខ្ញុំលក់នំប៉័ងទាំងអស់! ធម្មតាសុទ្ធតែបងប្អូនគេឆ្លាស់គ្នាទៅវិញទៅវិញ…សុទ្ធតែសាច់ញាតិជិត១០នាក់» 
 
ផ្ដើមអាជីពជាអ្នកលក់នំប៉ុងដំបូង បុរសសម្បុរស្រអែម ពាក់អាវឆើតពណ៌ក្រហម រូបនេះថាជិះកង់លក់នំ។ លុះក្រោយទៀត ទើបសន្សំទិញម៉ូត បានជិះលក់នំវិញ។ ជាអ្នកចំណាកស្រុក លោកចាន់នី ជួលបន្ទប់ស្នាក់នៅម្ដុំភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ អស់ប្រមាណ៥០ដុល្លារក្នុងមួយខែ ដើម្បីលក់នំប៉័ង។ ប្រកបរបរនេះ លោកអះអាងថា ប្រឹងលក់ និងប្រឹងសន្សំណាស់ ទើបបានថវិកាផ្ញើទៅអ្នកប្រពន្ធ​និងអ្នកផ្ទះនៅស្រុកស្វាយរៀង។ 
 
ពលរដ្ឋនៅភ្នំពេញនិយមទិញនំប៉័ង
 
លក់នំប៉័ងអស់រយៈពេល១២ឆ្នាំ​ លោក ចាន់នី សង្កេតឃើញ ពលរដ្ឋនៅភ្នំពេញភាគច្រើននិយមទិញនំប៉័ង ជាងនៅតាមខេត្ត។ ដូច្នេះ ទើបលោកសម្រេចចិត្តចំណាកស្រុក មកទីក្រុងភ្នំពេញ។ ជាទូទៅ អ្នកនំម្នាក់នេះ សម្គាល់ឃើញយុវជននិងសិស្សសាលា និយមទិញនំប៉័ងប័រ នំប៉័ងផ្អែម និងនំប៉័ងប៉ាក់យ៉ុងជាដើម។ រីឯ ពលរដ្ឋមានវ័យចំណាស់ លោកចាន់នី សង្កេតឃើញនិយមទិញនំប៉័ងសាប និងនំប៉ុងដាក់ទឹកដោះគោ។  
 
ទោះបីពលរដ្ឋនិយមទិញនំប៉ុងយ៉ាងណា ក៏ថ្ងៃខ្លះ នំរបស់បុរសរូបនៅសល់ដែរ នៅពេលមានភ្លៀងធ្លាក់ខ្លាំង។ ប៉ុន្តែ រាល់ពេលនៅសល់នំ លោក ចាន់នី អះអាងថា លក់តែយកទៅចែកដល់បងប្អូន និងអ្នកស្គាល់គ្នា​ដែលជាអ្នកធ្វើការងារសំណងផងដែរ៕ 
 

Tag:
 សេដ្ឋកិច្ចក្រៅប្រព័ន្ធ
  នំប៉័ង
© រក្សាសិទ្ធិដោយ thmeythmey.com