ជាតិ
ក្រសួងទេសចរណ៍ បង្កើតកម្មវិធីប្រឡងប្រណាំង “បដិសណ្ឋារកិច្ចល្អ” ឆ្នាំ២០២៣-២០២៤
19, Aug 2023 , 9:09 pm        
រូបភាព
 រូបភាព៖ មន្ទីរទេសចរណ៍ខេត្តកោះកុង
រូបភាព៖ មន្ទីរទេសចរណ៍ខេត្តកោះកុង
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានដាក់ចេញចលនាប្រឡងប្រណាំង «បដិសណ្ឋារកិច្ចល្អ» ក្នុងន័យលើកទឹកចិត្តដល់ប្រតិបត្តិករទេសចរណ៍ឱ្យខិតខំប្រឹងប្រែងអភិវឌ្ឍន៍សម្បទាទេសចរណ៍របស់ខ្លួនប្រកបដោយស្តង់ដា។ ការប្រឡងនេះ តម្រូវឱ្យប្រតិបត្តិករទេសចរណ៍ទាំងអស់ចូលរួម ដើម្បីទទួលបានការវាយតម្លៃដោយផ្អែកលើការពេញចិត្តរបស់ភ្ញៀវជាតិ និងអន្តរជាតិ។



ការប្រកួតប្រជែង«បដិសណ្ឋារកិច្ចល្អ» រៀបចំដោយក្រសួងទេសចរណ៍នេះ គឺចង់បង្ហាញអំពី ការអភិរក្សវប្បធម៌ ប្រពៃណីរបស់ ជនជាតិខ្មែរ លើកកំពស់ធនធានមនុស្សដែលមានជំនាញ គុណភាព ប្រសិទ្ធភាពខ្ពស់សំដៅទាក់ទាញទេសចរ ក៏ដូចជាពន្យារការស្នាក់នៅរបស់ទេសចរ។ ក្នុងនោះក៏មានការចូលរួមបង្កើនដល់ការលើកកម្ពស់ កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ។
 
ចំពោះ ដំណើរការនៃការប្រឡងប្រណាំងនេះ ធ្វើឡើងជារៀងរាល់ឆ្នាំ ដោយចែកចេញជា ៣ដំណាក់កាល រួមមាន ដំណាក់កាលទី១ ចាប់ពីថ្ងៃជូនដំណឹងដល់ខែកញ្ញា ឆ្នាំ២០២៣ មូលដ្ឋានអាជីវកម្មទេសចរណ៍ត្រូវដាក់ពាក្យសុំចូលរួមប្រឡងប្រណាំងតាមរយៈគេហទំព័ www.cambodiabesthospitality.org ដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធនានា។ មូលដ្ឋានអាជីវកម្មទេសចរណ៍ក៏អាចចុះឈ្មោះចូលរួមប្រឡងប្រណាំងដោយគ្រាន់តែបំពេញពាក្យសុំចូលរួមប្រឡងប្រណាំង និងផ្ញើមកអ៊ីម៉ែល   ។
 
សម្រាប់ដំណាក់កាលទី២គឺគិតចាប់ពី ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ២០២៤ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រួមទាំងប្រជាពលរដ្ឋអាចចូលរួមវាយតម្លៃ (Vote) ដោយផ្ទាល់ ឬតាមប្រព័ន្ធវាយតម្លៃអនឡាញ (www.cambodiabesthospitality.org) និងអាចចូលវាយតម្លៃដោយគ្រាន់តែស្គេន QR-Code របស់សេវាណាមួយផងដែរ។ ចំពោះដំណាក់កាលទី៣ គឺនៅក្នុងខែមីនា ឆ្នាំ២០២៣ ក្រសួងទេសចរណ៍ នឹងរៀបចំរបាយការណ៍ចុងក្រោយ និងឈានទៅប្រកាសលទ្ធផលជ័យលាភី “បដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍”។ ចំពោះព័ត៌មានលំអិតទាក់ទងនឹងចលនាប្រឡងប្រណាំង “បដិសណ្ឋារកិច្ចល្អ” សូមទំនាក់ទំនងទូរស័ព្ទលេខ៖ ០៩៩ ២៧២ ៧៧៦, ០៩៦ ៤១០ ៤៦១០ និងអ៊ីម៉ែល ឬគេហទំព័រ www.cambodiabesthospitality.org ៕
 

Tag:
 ThmeyThmey
  ទេសចរណ៍
  បដិសណ្ឋារកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com