អន្តរជាតិ
កូរ៉េខាងជើង រិះគន់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខដែលបើកកិច្ចប្រជុំស្ដីស្ថានភាពសិទ្ធិមនុស្សរបស់ខ្លួន
× កូរ៉េខាងជើងបានរិះគន់កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើប្រធានបទកំណត់ត្រាសិទ្ធិមនុស្សរបស់រដ្ឋកុម្មុយនីស្តមួយនេះ។ ទីក្រុងព្យុងយ៉ាងអះអាងថា អាម៉េរិកបានប្រើប្រាស់អង្គការអន្តរជាតិមួយនេះសម្រាប់ការប្រឆាំងខ្លួន។
បណ្ដាប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខ UN បានពិភាក្សាអំពីបញ្ហាបំពានសិទ្ធិមនុស្សនៅ កូរ៉េខាងជើងនាថ្ងៃទី១៧ ខែសីហា ហើយបានរិះគន់របបដឹកនាំរបស់លោក គីម ជុងអ៊ុន ចំពោះការប្រើការគាបសង្កត់ និងភាពឃោរឃៅដើម្បីអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលជាជាងយកចិត្តទុកដាក់លើជីវភាពខ្លួន។
ចិនដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់កូរ៉េខាងជើង បានប្រឆាំងនឹងកិច្ចប្រជុំនេះ។
«យើងនឹងមិនអត់ឱនឱ្យអាម៉េរិក និងអ្នកដើរតាមដែលប្រឆាំងកូរ៉េខាងជើងដែលប្រើគម្រោងបង្កាច់បង្ខូចសិទ្ធិមនុស្ស ហើយនឹងការពារអធិបតេយ្យភាពរបស់រដ្ឋ ប្រព័ន្ធសង្គមនិយម និងផលប្រយោជន៍សន្តិសុខ»។ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់សម្តីអ្នកនាំពាក្យស្ថាប័នសិទ្ធិមនុស្សបែបនេះ។
នៅស្របពេលនេះ ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន មេដឹកនាំកូរ៉េខាងត្បូង និងជប៉ុនបានព្រមព្រៀងគ្នា នៅឯកិច្ចប្រជុំ Camp David នាថ្ងៃទី ១៨ ខែសីហាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធា និង សេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅខណៈប្រឈមមុខការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ មេដឹកនាំទាំង៣ បានយល់ព្រមធ្វើសមយុទ្ធហ្វឹកហ្វឺនយោធាជារៀងរាល់ឆ្នាំ និងចែករំលែកព័ត៌មានជាក់ស្តែងអំពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនៅចុងឆ្នាំនេះផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com