ជាតិ
កម្ពុជា និងស៊ីមបាវ៉េ នឹងពង្រឹងសហប្រតិបត្តិការលើវិស័យទេសចរណ៍ទៅវិញទៅមក
20, Aug 2023 , 10:09 am        
រូបភាព
រូបភាព៖ ក្រសួងទេសចរណ៍
រូបភាព៖ ក្រសួងទេសចរណ៍
ភ្នំពេញ៖ កម្ពុជា នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយស៊ីមបាវ៉េ ដែលជាប្រទេសមួយនៅភាគខាងត្បូងទ្វីបអាហ្វ្រិក និងមានភាពល្បីល្បាញផ្នែកទេសចរណ៍ធម្មជាតិ ដើម្បីជំរុញទាក់ទាញទេសចរ ទៅវិញទៅមក និងប្រទេសទី៣។ ជាមួយគ្នានេះ ស៊ីមបាវ៉េ ក៏សម្លឹងឃើញសក្ដានុពលទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍របស់កម្ពុជាផងដែរ។



ក្នុងជំនួបរវាងកម្ពុជា និងស៊ីមបាវ៉េ នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងពីស្ថានភាពទេសចរណ៍កម្ពុជា ដែលជាគោលដៅទេសចរណ៍វប្បធម៌ និងទេសចរណ៍ធម្មជាតិ។ វិស័យទេសចរណ៍នៅកម្ពុជា ត្រូវបានយកចិត្តទុកដាក់ និងលើកស្ទួយឡើងវិញបន្ទាប់ពីរងនូវវិបត្តិជំងឺកូវីដ១៩។
 
អ្នកស្រី ខន់ ស្តេនចេមវ៉ាយី ឯកអគ្គរដ្ឋទូចស៊ីមបាវ៉េប្រចាំកម្ពុជា បាលើកឡើងថា កម្ពុជា និងស៊ីមបាវ៉េ អាចសហការគ្នាដើម្បីជំរុញទេសចរទៅវិញទៅមក និងទាក់ទាញភ្ញៀវទេសចរទី៣ តាមរយៈការអភិវឌ្ឍទេសចរណ៍វប្បធម៌។ ទន្ទឹមនឹងកម្ពុជាជាគោលដៅទេសចរណ៍វប្បធម៌ និងមានគោលនយោបាយអភិវឌ្ឍន៍ទេសចរណ៍ ពិសេសនៅតាមគោលដៅបេតិកភណ្ឌវប្បធម៌ជាច្រើន។ 
  
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។ រូបភាព៖ ក្រសួងទេសចរណ៍

ឯកអគ្គរដ្ឋទូចស៊ីមបាវ៉េប្រចាំកម្ពុជារូបនេះបន្តថា  ស៊ីមបាវ៉េគឺចង់ជំរុញទេសចរណ៍វប្បធម៌ឱ្យកាន់តែខ្លាំងថែមទៀត ដើម្បីជំរុញកំណើនទេសចរនៅក្នុងប្រទេសខ្លួនឱ្យកាន់តែច្រើន ក្រោយពេលវិបត្តិកូវីដ១៩។ ក្នុងនោះ ស៊ីបាវ៉េ ក៏មានធនធានធម្មជាតិច្រើន រួមទាំងសត្វព្រៃជាច្រើនប្រភេទ ដែលជាគោលដៅសំខាន់ជាប់ទឹកធ្លាក់វិចតូរីយ៉ា ជាគោលដៅទាក់ទាញខ្លាំងមួយ។ 
 
សូមជម្រាបថា ភាគីទាំងពីរក៏បានពិភាក្សាលើការបណ្ដុះបណ្ដាលធនធានមនុស្ស ដោយភាគីស៊ីមបាវ៉េ បានមើលឃើញចំណុចសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស ដោយសារកម្ពុជាមានភាពលេចធ្លោលើការបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ស្របតាមស្ដង់ដាអាស៊ាន។ ដូច្នេះប្រទេសទាំងពីរអាច នឹងមានការផ្លាស់ប្ដូរធនធានមនុស្សក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់អាស៊ានផងដែរ៕
 
អ្នកស្រី ខន់ ស្តេនចេមវ៉ាយី ឯកអគ្គរដ្ឋទូចស៊ីមបាវ៉េប្រចាំកម្ពុជា។ រូបភាព៖​ក្រសួងទេសចរណ៍


Tag:
 ThmeyThmey
  ស៊ីមបាវ៉េ
  កម្ពុជា
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com