ជាតិ
តៃវ៉ាន់ ចាប់សញ្ញាយន្តហោះចម្បាំងចិន៤២គ្រឿងក្នុងសមយុទ្ធយោធានៅច្រកសមុទ្រតៃវ៉ាន់
20, Aug 2023 , 2:39 pm        
រូបភាព
យន្តហោះចម្បាំងចិនជាង៤២គ្រឿងបានហោះពីលើតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់នៅថ្ងៃទី១៩ ខែសីហា ដែលជាផ្នែកមួយនៃសមយុទ្ធយោធាដែលឆ្លើយតបនឹងការឈប់សំចតរបស់មេដឹកនាំតៃវ៉ាន់នៅអាម៉េរិក។ តៃវ៉ាន់ហៅសមយុទ្ធនេះជារឿងមិនសមហេតុផល និងបង្កហេតុ។

 
ក្នុងសមយុទ្ធនៅជុំវិញកោះតៃវ៉ាន់នាថ្ងៃទី១៩ ខែសីហា ដើម្បីឆ្លើយតបនឹងការឈប់សំចតរបស់​អនុ​ប្រធានាធិបតីកោះតៃវ៉ាន់ William Lai យន្តហោះចម្បាំងប្រមាណ៤២គ្រឿង និងនាវាចម្បាំងចំនួន៨ ត្រូវ​បាន​ដាក់​ពង្រាយ។ ក្នុងចំណោមនោះ យន្តហោះចម្បាំងជិត២៦ បានឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់។ នេះ​បើយោងតាមក្រសួងការពារជាតិតៃវ៉ាន់។
 
ក្រសួងការពារជាតិតៃវ៉ាន់ ក៏ថ្កោលទោសសមយុទ្ធនេះ ហើយក៏ដាក់ពង្រាយកម្លាំងសមស្របដើម្បីឆ្លើយតប ដែលមានសមត្ថភាព ការប្តេជ្ញាចិត្ត និងទំនុកចិត្តក្នុងការធានាសន្តិសុខជាតិ។ យន្តហោះចម្បាំងតៃវ៉ាន់ ប្រព័ន្ធ​មីស៊ីល​នៅ​លើដី និងនាវាកងទ័ពជើងទឹកត្រូវបានដាក់ពង្រាយ និងដំណើការដើម្បីត្រួតពិនិត្យសមយុទ្ធ។
 
បើតាមក្រសួងការពារជាតិតៃវ៉ាន់ ទង្វើរបស់ក្រុងប៉េកាំងពេលនេះ ជាការព្យាយាមជះមាន​ឥទ្ធិពល​លើ​ការ​បោះឆ្នោត​របស់តៃវ៉ាន់នាពេលខាងមុខ។ លោក Lai ជាបេក្ខជនសម្រាប់ការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់បន្តពីលោកស្រី Tsai Ing-wen ។ 
 
«ការចាប់ផ្តើមសមយុទ្ធយោធាលើកនេះមិនត្រឹមតែមិនជួយសន្តិភាព និងស្ថិរភាពនៅក្នុងច្រកសមុទ្រ​តៃវ៉ាន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងបង្ហាញពីចិត្តគំនិតយោធានិយមរបស់ចិនផងដែរ»។ ក្រសួង​ការពារ​ជាតិ​កោះ​តៃវ៉ាន់​លើក​ឡើង​បែបនេះ។
 
 

© រក្សាសិទ្ធិដោយ thmeythmey.com