ជាតិ
កុមារានៅព្រៃវែងម្នាក់ បានស្លាប់ដោយខូចតម្រងនោមធ្ងន់ធ្ងរ ក្រោយផឹកគ្រឿង កំប៉ុងជាប្រចាំច្រើនពេក
20, Aug 2023 , 11:59 am        
រូបភាព
ភ្នំពេញ៖ កុមារា អៀម ភារុណ អាយុ១៤ឆ្នាំ បានស្លាប់ដោយសារខូចតម្រងនោមធ្ងន់ធ្ងរ ក្រោយផឹកគ្រឿងកំប៉ុងជាប្រចាំច្រើនពេក។ នេះបើតាមការផ្សាយរបស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។



កុមារា អៀម ភារុណ ជាសិស្សថ្នាក់ទី៦ នៅសាលាបឋមសិក្សាអ្នកលឿង ខេត្តព្រៃវែង។ កុមារារូបនេះ តែងតែផឹកគ្រឿងកំប៉ុងជាប្រចាំរយៈពេល៤ឆ្នាំ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិត។ 
 
អ្នកស្រី គល់ ចិន្តា ដែលត្រូវជាម្ដាយរបស់កុមារា ភារុណ បានអះអាងថា ពីមុនមកកូនរបស់អ្នកស្រី មានសុខភាពល្អកម្រនឹងឈឺណាស់។ រយៈពេល៤ឆ្នាំចុងក្រោយនេះ កូនរបស់អ្នកស្រី តែងលួចផឹកគ្រឿងកំប៉ុងជាប្រចាំ ហើយពេលខ្លះមិនញាំបាយទៀតផង ទោះបីជាមានការហាមឃាត់ពីឪពុកម្ដាយក៏ដោយ។ 
 
«ខ្ញុំបានឆែកមើលទាំងកាបូបរៀន និងកាបូបមើលគោកូនខ្ញុំ  មានគ្រឿងកំប៉ុងទាំងអស់ ខ្ញុំឃាត់ទៀតថា កូនកុំញាំគ្រឿងកំប៉ុងហ្នឹងមិនល្អទេ»។ នេះជាការរៀបរាប់ទាំងស្ដោកស្ដាយរបស់អ្នកស្រី ចិន្តា ដែលត្រូវជាម្ដាយកុមារា ភារុណ។ 
 
នៅខែមិថុនា ឆ្នាំ២០២៣ កុមារា ភារុណ ក៏មានអាការហើមមុខ និងស្លេកស្លាំង រហូតធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរតែម្តង។  អ្នកស្រីចិន្តា  ក៏បានបញ្ជូនកូនទៅព្យាបាលនៅភ្នំពេញពីមន្ទីរពេទ្យមួយទៅមន្ទីរពេទ្យ រហូតដល់៤មន្ទីរពេទ្យឯណោះ។ មន្ទីរពេទ្យទាំងនោះ អះអាងដូចគ្នាថា កូនរបស់អ្នកស្រី ខ្សោយតម្រងនោមធ្ងន់ធ្ងរ ត្រូវលាងឈាម។ ក្រោយតស៊ូព្យាបាលរយៈពេលប្រមាណ២ខែ កុមារា ភារុណ បានបាត់បង់ជីវិតកាលពីថ្ងៃទី៦ ខែ សីហា ឆ្នាំ២០២៣។
 
បើតាមវេបសាយសុខភាព Health.com.Kh  ការទទួលទានភេសជ្ជកំប៉ុងជាប្រចាំ នឹងផ្ដល់ហានិភ័យដល់សុខភាព និងអាចកើតជំងឺជាច្រើនរួមមាន ជំងឺពុកឆ្អឹង ជំងឺទឹកនោមផ្អែម កង្វះជាតិទឹកក្នុងរាងកាយ  ឱកាសក្នុងការមានផ្ទៃពោះធ្លាក់ចុះ ឆាប់ចាស់ជាងវ័យ ហានិភ័យនៃជំងឺបេះដូង។ បើតាមវេបសាយដដែរ ការទទួលទានភេសជ្ជកំប៉ុងចំនួន ២ ឬច្រើនជាងនេះក្នុងមួយថ្ងៃជាប្រចាំ អាចបង្កើនហានិភ័យនៃជំងឺតម្រងនោមរ៉ាំរ៉ៃគួរឱ្យព្រួយបារម្ភ។ ភេសជ្ជប៉ូវកម្លាំង និងភេសជ្ជមានផ្ទុកជាតិកាបូណាតក៏ផ្សារភ្ជាប់ជាមួយការបង្កើតគ្រួសក្នុងតម្រងនោមផងដែរ។
 
គួរជម្រាបថា នាពេលកន្លងមក ក្រសួងអប់រំ  ក៏បានអំពាវនាវ និងហាមឃាត់ ការដាក់លក់ភេសជ្ជប៉ូវកម្លាំង និងចំណីអាហារ៥ប្រភេទទៀត នៅក្នុងគ្រឹះស្ថានសិក្សា ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពកុមារ៕

Tag:
 គ្រឿងកំប៉ុង
© រក្សាសិទ្ធិដោយ thmeythmey.com