ជាតិ
បទសម្ភាសន៍
យូណេស្កូចុះតាមសហគមន៍មូស្លីមដើម្បីសិក្សា និងពិនិត្យលទ្ធភាពអភិរក្សសំណង់បុរាណ
20, Aug 2023 , 2:09 pm        
រូបភាព
 តំណាងអង្គការយូណេស្កូចុះមើលសំណង់វិហារនៅសហគមន៍ខេត្តត្បូងឃ្មុំនាថ្ងៃទី១៥ សីហា ឆ្នាំ២០២៣។ រូបភាពពីលោក កាទើ មហាំម៉ាត់ណោសស្រ៊ី
តំណាងអង្គការយូណេស្កូចុះមើលសំណង់វិហារនៅសហគមន៍ខេត្តត្បូងឃ្មុំនាថ្ងៃទី១៥ សីហា ឆ្នាំ២០២៣។ រូបភាពពីលោក កាទើ មហាំម៉ាត់ណោសស្រ៊ី
សៀមរាប៖ តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា គឺលោក Sardar Umar Alam និងសហការី បានបង្ហាញវត្តមាន​របស់លោកជាមួយក្រុមការងារទីផ្សារទេសចរណ៍មូស្លីមនៃក្រសួងទេសចរណ៍ ចុះមើលសំណង់បុរាណ​ក្នុងសហគមន៍មូស្លីមនាខេត្តត្បូងឃ្មុំ។ សកម្មភាពនេះធ្វើឡើងដើម្បីសិក្សា និងពិនិត្យលទ្ធភាពជួយអភិរក្សសំណង់បុរាណទាំងនោះ ឱ្យគង់វង្សស្ថិតស្ថេរ និងជាផលិតផលទេសចរណ៍ ក្នុងសហគមន៍មូស្លីមនាពេលអនាគត។

 
ព័ត៌មានពិស្ដារ សូមស្ដាប់និងអានបទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយលោក កាទើ មហាំម៉ាត់ណោសស្រ៊ី អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារទីផ្សារទេសចរណ៍មូស្លីម នៃក្រសួងទេសចរណ៍ដូចតទៅ៖ 



 
អ៊ីសា រ៉ហានី៖ ថ្មីៗនេះ ឯកឧត្តមបានដឹកនាំក្រុមការងារចុះទៅពិនិត្យនៅតាមសំណង់បុរាណមួយចំនួន ក្នុងសហគមន៍មូស្លីមនាខេត្តត្បូងឃ្មុំ ក្នុងនោះក៏មានតំណាងអង្គការយូណេស្គូប្រចាំកម្ពុជាក៏បានអញ្ជើញ ទៅដែរ តើទស្សនកិច្ចនេះធ្វើឡើងក្នុងបំណងដូចម្ដេចដែរ?
 
សំណង់វិហារអ៉ីស្លាមបុរាណមួយនៅខេត្តត្បូងឃ្មុំ។ រូបភាពពីលោក កាទើ មហាំម៉ាត់ណោសស្រ៊ី

កាទើ មហាំម៉ាត់ណោសស្រ៊ី៖ កន្លងទៅនេះ ខ្ញុំបានជួបជំនួបទ្វេភាគីជាមួយតំណាងយូណេស្កូប្រចាំកម្ពុជា គឺលោក Sardar Umar Alam អូហ្វីស (ការិយាល័យ) គាត់នៅរាជធានីភ្នំពេញ ហើយខ្ញុំបានពិភាក្សា​ជាមួយគាត់អំពីយើងមានបេតិកភណ្ឌក៏ដូចជាសំណង់បុរាណមួយចំនួននៅតាមសហគមន៍ខ្មែរអ៊ីស្លាម ហើយមិនត្រឹមតែខេត្តត្បូងឃ្មុំដែលយើងចុះទៅម្សិលមិញនេះទេ មានវត្តមាននៅខេត្តបាត់ដំបង ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ហើយទៅមាននៅខេត្តកំពង់ឆ្នាំងមួយចំនួនដែលមានផលិតផលបេតិកភណ្ឌ​សំណង់បុរាណៗអាយុជាង១០០ឆ្នាំ ហើយក្នុងជំនួបហ្នឹងក្នុងនាមក្រុមការងារ​ទីផ្សារទេសចរណ៍មូស្លីម​របស់ក្រសួងទេសចរណ៍ យើងចង់ជជែកជាមួយគាត់ឱ្យជួយ Support ទាំងបច្ចេកទេស ទាំងTechnical ហើយជួយថែរក្សាជួយក្នុងការងារបច្ចេកទេសរបស់គាត់ ធ្វើម៉េចឱ្យសំណង់យើងមានភាពល្អប្រសើរ គង់វង្សយូរអង្វែង។
 
ម្សិលមិញនេះ ថ្ងៃទី១៥ សីហា ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្រ្តីបណ្ឌិត ថោង ខុន ខ្ញុំបានដឹកនាំក្រុមការងារទីផ្សារទេសចរណ៍មូស្លីម ដែលរួមមានគណៈអ៊ីមុំា ជាមួយអាជ្ញាធរស្រុក ឃុំ ភូមិនៅហ្នឹង និងតំណាងយូណេស្កូដែលដឹកនាំដោយលោកនាយក ក៏ចុះទៅខេត្តត្បូងឃ្មុំជាដំបូងគឺត្បូងឃ្មុំ ទៅមើលក្នុងនោះមាន៣គោលដៅសំខាន់ៗយើងចុះទៅ យើងចុះទៅជំនីកទៅមើលវិហារមួយ ដែលមានអាយុជាង១០០ឆ្នាំ ហើយបន្ទាប់មកទៀតយើងចុះភូមិអំពិល (ឃុំស្វាយឃ្លាំង)​ក៏មានវិហារអាយុ​ជាង១០០ឆ្នាំដែរ ហើយចុងក្រោយចុះនៅប៉មឬសឺន នៅភូមិស្វាយឃ្លាំង ហើយនៅជិតនោះ​ក៏មានផ្ទះបុរាណមួយ​អាយុជាង​១០០ឆ្នាំ ដែលបងប្អូនប្រជាពលរដ្ឋកំពុងប្រើប្រាស់អាស្រ័យផលរាល់ថ្ងៃ។ 
 
អ៊ីសា រ៉ហានី៖ តើខាងយូណេស្គូ គេមានការឆ្លើយតបបែបណាដែរចំពោះការស្នើសុំការជួយ​អភិរក្សសំណង់បុរាណទាំងអស់ហ្នឹង ព្រោះឃើញថាសំណង់ខ្លះក៏មានការទ្រុឌទ្រោមខ្លាំង សំណង់ខ្លះមានធ្វើពីថ្ម មួយចំនួនទៀតក៏ធ្វើពីឈើដែរ ដែលស្ថិតក្នុងស្ថានភាពមានហានិភ័យខ្លាំងដែរ?
 
កាទើ មហាំម៉ាត់ណោសស្រ៊ី៖ បាទមែនទែនទៅ ម្សិលមិញយើងឃើញជាក់ស្ដែងសំណង់ខ្លះពិតជា​អ៊ីចឹងមែន មានសំណង់ខ្លះទ្រុឌទ្រោមសំណង់ខ្លះខ្វះការថែរក្សាមែនទែន ហើយសំណង់ក៏ល្អដែរ គាត់កំពុងប្រើប្រាស់ថែរក្សា ប្រជាពលរដ្ឋក្នុងសហគមន៍គាត់ថែរក្សានិងឱ្យតម្លៃសំណង់ទាំងអស់ហ្នឹង។ ខ្ញុំក៏បានណែនាំទៅដល់មូលដ្ឋាននោះដែរពាក់ព័ន្ធជួយគ្នាថែរក្សា ជួយគ្នាធ្វើម៉េចកុំឱ្យមានការខូចខាត​តទៅមុខទៀត។  ខាងយូណេស្កូក៏អត់ទាន់បាននិយាយអីដែរ ប៉ុន្តែសំខាន់គេបានចុះមកហើយ យូណេស្កូចុះដើម្បីមើល សិក្សាប្រមូលទិន្នន័យយកទៅពិភាក្សា យកទៅធ្វើកិច្ចបច្ចេកទេសបន្ទាប់​របស់គាត់។ 
 
ក្រុមការងារទីផ្សារទេសចរណ៍មូស្លីមថតនៅប៉មបុរាណមួយនៅភូមិ៥ ឃុំស្វាយ ខេត្តត្បូងឃ្មុំ។ រូបភាពពីលោក កាទើ មហាំម៉ាត់ណោសស្រ៊ី

អ៊ីសា រ៉ហានី៖ តើក្រុមការងារឯកឧត្តមចាប់ផ្តើមចុះសិក្សាទាក់ទងសំណង់បុរាណ សំណង់បេតិកភណ្ឌ​ក្នុងសហគមន៍អ៊ីស្លាមតាំងពីពេលមកហើយ?
 
កាទើ មហាំម៉ាត់ណោសស្រ៊ី៖ មែនទែនទៅក្រុមការងារទីផ្សារទេសចរណ៍មូស្លីមហ្នឹង យើងមានផែនការមួយ គឺផែនការអភិវឌ្ឍទីផ្សារទេសចរណ៍មូស្លីម ហើយឯកឧត្តមរដ្ឋមន្រ្តីបណ្ឌិត ថោង ខុន ទើបនឹងចុះហត្ថលេខាថ្ងៃទី១៧ ខែកក្កដាកន្លងទៅនេះ ក្នុងផែនការហ្នឹងយើងមានកិច្ចការមួយ គឺយុទ្ធសាស្រ្តអភិវឌ្ឍន៍ពិពិធកម្មផលិតផលទេសចរណ៍ អ៊ីចឹងសំណង់ទាំងអស់បុរាណៗនេះនៅក្នុង សហគមន៍ខ្មែរអ៊ីស្លាម គឺជាផលិតផលទេសចរណ៍សំខាន់មួយដ៏ទាក់ទាញមួយ មិនងាយមាន១០០ឆ្នាំ  ២០០ឆ្នាំដែលនៅ អ៊ីចឹងវាជាយុទ្ធសាស្រ្តនៅក្នុងផែនការរបស់យើង ធ្វើយ៉ាងណាយើងពិពិធកម្មអភិវឌ្ឍន៍ ផលិតផលហ្នឹងទៅជាគោលដៅទេសចរណ៍សម្រាប់ទេសចរទូទៅ ជាពិសេសគឺទេសចរណ៍មូស្លីម ទើបយើងខិតខំរកអ្នកបច្ចេកទេស អ្នកជំនាញដើម្បីជួយកិច្ចការនេះធ្វើម៉េចឱ្យរក្សាទុកបានយូរ។ ​
 
អ៊ីសា រ៉ហានី៖ ក្រោយចុះសិក្សាមួយរយៈខ្លីមក តើយើងដឹងទេថាតើមានសំណង់ប្រហែលប៉ុន្មានដែរ ដែលស្ថិតនៅក្នុងខេត្តគោលដៅដែលយើងចុះស្រាវជ្រាវ?
 
កាទើ មហាំម៉ាត់ណោសស្រ៊ី៖ មែនទែន ខ្ញុំអត់ទាន់បានរាប់ចំនួនទាំងអស់ទេ ហើយកិច្ចការហ្នឹង និយាយឱ្យអស់ទៅមិនមែនជាកិច្ចការរបស់ក្រសួងទេសចរណ៍ទេ គឺទាក់ទងក្រសួងវប្បធម៌។
 
អ៊ីសា រ៉ហានី៖ ប៉ុន្តែភាគច្រើនជាសំណង់យ៉ាងម៉េចដែរ អាចថាជាផ្ទះឬសំណង់វិហារភាគច្រើន?
 
កាទើ មហាំម៉ាត់ណោសស្រ៊ី៖ ភាគច្រើនជាសំណង់វិហារបុរាណៗ ជាសំណង់វិហាររបស់សហគមន៍ហ្នឹង តែម្ដង ក្នុងតំបន់ខេត្តគោលដៅនីមួយៗតែម្ដង។ 
 
អ៊ីសា រ៉ហានី៖ តើឯកឧត្តមមានគោលដៅយ៉ាងដូចម្ដេចដែរចំពោះការជំរុញទីផ្សារនៅក្នុងសហគមន៍មូស្លីម ដែលកន្លងមកការងារទាំងនោះខ្ញុំអាចនិយាយបានថា មិនទាន់មានការរៀបចំនៅឡើយទេ អាចថានេះជាការចាប់ផ្តើមថ្មីដែរឬទេដែលក្រុមការងារឯកឧត្តមកំពុងតែរៀបចំក្នុងការធ្វើឱ្យមាន គោលដៅទេសចរណ៍នៅក្នុងសហគមន៍មូស្លីម?
 
កាទើ មហាំម៉ាត់ណោសស្រ៊ី៖ ​បាទមែនទែនទៅយើងទើបនឹងរៀបចំផែនការមួយ ដូចជម្រាបជូនមិញចឹង ទើបតែខែកក្កដានេះទេ។ អ្វីៗគឺចាប់ផ្តើមហើយ។ វាត្រូវការចាប់ផ្តើមហ្នឹងបានវាខិតខំធ្វើយ៉ាងណាអនុវត្តន៍ តាមផែនការដែលយើងបានចងក្រងហ្នឹង។ យើងចង់មែនទែនពីអភិវឌ្ឍន៍ពិពិធកម្មផលិតផលទេសចរណ៍ កាន់តែច្រើន នៅក្នុងហ្នឹងគោលដៅសហគមន៍ខ្មែរអ៊ីស្លាមក៏ជាផលិតផលមួយ ក្នុងផលិតផលទេសចរណ៍​ផ្សេងៗដែរ។ 
 
អ៊ីសា រ៉ហានី៖ ដើមឡើយយើងសំឡឹងឃើញចំណុចពិសេសយ៉ាងដូចម្ដេចខ្លះទើបយើងចាប់ផ្តើមរៀបចំ គោលដៅទីផ្សារទេសចរណ៍មូស្លីមយ៉ាងដូច្នេះ? 
 
កាទើ មហាំម៉ាត់ណោសស្រ៊ី៖ និយាយឱ្យស្មោះទៅ ក្រសួងអត់ដែលមានយុទ្ធសាស្រ្តហ្នឹងទេ តែដោយសារយើងឃើញពីទំហំទីផ្សារទេសចរណ៍មូស្លីមហ្នឹងមានទំហំធំ មានន័យថាមូស្លីម​ដឹងស្រាប់ហើយ គឺ២ប៊ីលានឯណោះ បាទ២ពាន់លានទូទាំងសាកលលោក ហើយក្នុងហ្នឹងភ្ញៀវទេសចរ ដែលហៅថា Muslim travelers មានប្រមាណជា១៤០លាន។ អាហ្នឹងទិន្នន័យមុនកូវីដ។ យើងឃើញថា ការដើរហើររបស់ភ្ញៀវទេសចរមូស្លីមមានច្រើន ហើយក៏ដូចជាបណ្ដាប្រទេសក្នុងអាស៊ាន គេបាននិងកំពុង ធ្វើកិច្ចការនេះពីដើមមកហើយ ហើយគេក៏ទទួលបាននូវទេសចរមូស្លីមទៅលេងស្រុកគេច្រើនដែរ។ ដូច្នេះហើយទើបយកកាលានុវត្តភាពនេះដែលស្រុកទេសកន្លងមកក្រោមការដឹកនាំរបស់សម្ដេចតេជោ គឺសុខុដុមនីយកម្មជាតិសាសន៍ដែលល្បីណាស់កម្ពុជាយើង ទៅដល់បណ្ដាប្រទេសអារ៉ាប់ ដល់ប្រទេសអ៊ីស្លាមជាពិសេសដល់បណ្ដាប្រទេសជាសមាជិកនៃអង្គការ OIC។ អ៊ីចឹងយើងចង់​យកឱកាសនេះ ប្រម៉ូតផ្សព្វផ្សាយកម្ពុជាទៅកាន់គោលដៅនៃបណ្ដាប្រទេសអ៊ីស្លាមទាំងអស់ហ្នឹង។ 
 
អ៊ីសា រ៉ហានី៖ ឯកឧត្តមរំពឹងថា កម្ពុជានឹងចាប់ផ្តើមស្រូបយកទេសចរមូស្លីមកាន់តែច្រើនដែរទេ​នាពេលខាងមុខ នៅពេលដែលក្រុមការងារឯកឧត្តមរៀបចំការងារនេះជាបន្តបន្ទាប់?
 
កាទើ មហាំម៉ាត់ណោសស្រ៊ី៖  បាទអិនសាអល់ឡោះ អ្វីដែលយើងគូសវាសនៅក្នុងផែនការសុទ្ធតែយើង សង្ឃឹមហើយ ព្រោះក្នុងផែនការយើងសរសេរមានយុទ្ធសាស្រ្តចំនួន៥ឯណោះ ហើយក្នុងនោះយុទ្ធសាស្រ្ត ទីមួយគឺការអភិវឌ្ឍផលិតផលពិពិធផលិតផលគឺជាយុទ្ធសាស្រ្តមួយ មានយុទ្ធសាស្រ្តផ្សព្វផ្សាយ យើងមានយុទ្ធសាស្រ្តបញ្រ្ជាបការយល់ដឹងទៅដល់វិស័យឯកជនឫក៏ឧស្សាហកម្មទេសចរណ៍ ដែលមានភោជនីយដ្ឋាន អូតែល និងមានយុទ្ធសាស្រ្តច្រើនទៀតដើម្បីទាក់ទាញទេសចរមូស្លីម។
 
អ៊ីសា រ៉ហានី៖ ក្រៅពីរំពឹងថាមានទេសចរមូស្លីមច្រើន​ ក្នុងនោះតើសហគមន៍មូស្លីមខ្លួនឯងផ្ទាល់យើងគួរ ត្រៀមខ្លួនរៀបចំដូចម្ដេចខ្លះក្នុងការត្រៀមទទួលទេសចរមូស្លីម?
 
កាទើ មហាំម៉ាត់ណោសស្រ៊ី៖ បាទ ការយល់ដឹងជាសាធារណសំខាន់ណាស់សម្រាប់វិស័យទេសចរណ៍។ ពីដើមភ្ញៀវទេសចរមូស្លីមភាគច្រើនទៅ Charity Tourism បានន័យថាគាត់ទៅកាប់គោចែកសាច់ជូន ជនក្រីក្រហើយគាត់ត្រឡប់មកវិញហើយ។ អ៊ីចឹងយើងចង់ពន្យារពេលការស្នាក់នៅរបស់គាត់តាមរយៈ សកម្មភាពទេសចរណ៍។ យើងខិតខំធ្វើកិច្ចការនេះហើយ ធ្វើម៉េចបញ្រ្ជាបការយល់ដឹង បណ្ដុះបណ្ដាលគាត់ឱ្យមានសកម្មភាពទេសចរណ៍កាន់តែច្រើននៅក្នុងសហគមន៍អ៊ីស្លាម ដើម្បីពន្យារពេលការស្នាក់នៅរបស់ភ្ញៀវ ដូចជារាល់ថ្ងៃខ្វះខាត Home Stay យើងខ្វះខាតនូវសកម្មភាព ខ្វះខាតប្រធានសហគមន៍ យើងអត់មានសកម្មភាពទេសចរណ៍សហគមន៍អ៊ីស្លាមទេ។ អ៊ីចឹងក្នុងយុទ្ធសាស្រ្តបញ្ជ្រាបការយល់ដឹងយើងនឹងបណ្ដុះបណ្ដាលសហគមន៍នីមួយៗ ផ្នែកឯកជន និងភាគីពាក់ព័ន្ធទាំងអស់ឱ្យយល់ដឹងអំពីនិន្នាការទេសចរណ៍មូស្លីម ធ្វើម៉េចឱ្យទទួលទេសចរដូចម្ដេចខ្លះ។ 
 
សូមផ្ដាំផ្ញើសហគមន៍ខ្មែរអ៊ីស្លាមខ្លួនឯង ព្រោះថាការងារទេសចរណ៍ត្រូវសហការគ្នា ក្រសួងទេសចរណ៍ មិនអាចធ្វើតែឯងបានទេ ត្រូវការការសហការពីគ្រប់ភាគីពាក់ព័ន្ធ ធ្វើយ៉ាងណាយើងទទួលទេសចរមូស្លីម កាន់តែច្រើន គ្រប់សហគមន៍ទេសចរណ៍អ៊ីស្លាមយើង ព្រោះពួកគាត់ជាគោលដៅមួយសំខាន់ណាស់ សម្រាប់ទេសចរមូស្លីមដែលគាត់ទៅលេងទីនោះ៕
 

Tag:
 សហគមន៍មូស្លីម
  សំណង់បុរាណសហគមន៍មូស្លីម
  ស្វាយឃ្លាំង
© រក្សាសិទ្ធិដោយ thmeythmey.com