អន្តរជាតិ
កូនស្រីអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីនថា ឪពុកខ្លួននឹងត្រឡប់ទៅថៃវិញនៅថ្ងៃទី២២ សីហា
× លោកស្រី Paetongtarn Shinawatra ដែលជាកូនស្រីរបស់អតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ អះអាងថា លោក ថាក់ស៊ីន នឹងវិលត្រឡប់ចូលថៃវិញនៅថ្ងៃទី២២ ខែសីហា ដែលជាថ្ងៃបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីតែម្ដង។
មហាសេដ្ឋីវ័យ៧៤ឆ្នាំ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវបានបណ្តេញចេញពីវអំណាចវនៅក្នុងរដ្ឋប្រហារយោធាឆ្នាំ ២០០៦ ហើយបានចំណាយពេល១៥ឆ្នាំក្នុងការនិរទេសខ្លួនឯងចេញពីប្រទេសក្រោយរងការចោទប្រកាន់ជាច្រើនករណីដែលលោកអះអាងថា មានហេតុផលនយោបាយ។
«នៅថ្ងៃអង្គារ ២២ ខែសីហា ម៉ោង ៩ ព្រឹក ខ្ញុំនឹងទៅទទួលឪពុកខ្ញុំលោកថាក់ស៊ីន នៅអាកាសយានដ្ឋានដនមឿង»។ លោកស្រី Paetongtarn ដែលជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃបាននិយាយនៅលើបណ្ដាញសង្គម Instagram បែបនេះ ។
បន្ថែមពីនេះ លោកថាក់ស៊ីនបានប្រាប់កាសែត BBC ថៃ នាថ្ងៃទី១៩ ខែសីហាថា លោកប្រាកដនឹងត្រឡប់ទៅផ្ទះវិញលើកនេះព្រោះលោកចង់ឱ្យប្រទេសមានសន្តិភាព ហើយលោកក៏នឹកចៅ និងចង់រស់នៅជាមួយគ្រួសារ។
ការវិលត្រឡប់ទៅវិញរបស់លោកនឹងធ្វើឡើងស្របពេលនឹងការបោះឆ្នោតជ្រើសតាំងនាយក រដ្ឋមន្ត្រីនៅពេលរសៀលថ្ងៃទី២២ ខែសីហា។ លោក Srettha Thavisin បេក្ខជនពីគណបក្សភឿថៃដែលមានទំនាក់ទំនងជាមួយលោក ថាក់ស៊ីន អាចក្លាយជានាយករដ្ឋមន្ត្រី ហើយវានឹងបញ្ចប់ភាពមិនច្បាស់លាស់ផ្នែកនយោបាយរាប់ខែចាប់តាំងពីការបោះឆ្នោតខែឧសភាមក៕
© រក្សាសិទ្ធិដោយ thmeythmey.com