ជាតិ
លោក ជា ចាប តូ ប្ដេជ្ញាជួយជនមានពិការភាពកាន់តែច្រើន ក្រោយក្លាយជាអនុរដ្ឋលេខាធិការ
20, Aug 2023 , 8:09 pm        
រូបភាព
ប្ដេជ្ញាជួយជនមានពិការភាពកាន់តែច្រើន
ប្ដេជ្ញាជួយជនមានពិការភាពកាន់តែច្រើន
ភ្នំពេញ៖ លោក ចាប តូ ជាជនមានពិការភាពភ្នែកដំបូងគេ ដែលទទួលបានឋានៈ និងគោរមងារជាអនុរដ្ឋលេខាធិការ។ លោក ចាប តូ ត្រូវបានផ្ដល់សេចក្ដីទុកចិត្តពីរដ្ឋាភិបាល តែងតាំងជាអនុរដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ២០២៣។ តាមរយៈមុខតំណែងនេះ លោក ចាប តូ សង្ឃឹមថា នឹងអាចជួយអ្នកមានពិការភាពកាន់តែច្រើន ឱ្យមានចំណេះ ជំនាញ និងការងារល្អក្នុងសង្គម។



ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 

 
លោក ចាប តូ មានពិការភ្នែកទាំងសងខាងតាំងពីកំណើត  ដែលក្នុងចំណោមបងប្អូន៤មានតែ ចាប តូ ប៉ុណ្ណោះ ដែលមានពិការភាព។ ទោះស្ថិតក្នុងស្ថានភាពគ្រួសារក្រីក្រ និងពិការភាពក្ដី តែឪពុកម្ដាយ​របស់លោក បានបញ្ជូនកូនឱ្យរៀនដូចក្មេងធម្មតាដែរ។ លុះរៀនចប់ថ្នាក់ទី១២ ក្នុងឆ្នាំ២០១២ លោក ចាប តូ ក៏បានចាកចេញពីស្រុកកំណើតខេត្តស្វាយរៀង មកស្វែងរកការសិក្សាបន្តនៅរាជធានីភ្នំពេញ។ ក្នុងឆ្នាំ២០១៤ លោក បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររងផ្នែកឯកទេសគ្រប់គ្រងពាណិជ្ជកម្ម​នៅសកលវិទ្យាល័យជាតិគ្រប់គ្រង ហើយក្នុងឆ្នាំ២០១៦ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម នៅសកលវិទ្យាល័យដដែល។
 
លោក ចាប តូ បានរៀបរាប់ដូច្នេះ ៖ «ពេលខ្ញុំចេញពីស្រុកកំណើត ដើម្បីស្វែងរកមុខវិជ្ជា ឬក៏ការបណ្ដុះបណ្ដាល ខ្ញុំមានការលំបាកខ្លាំង។ ខ្ញុំមករាជធានីភ្នំពេញដំបូង អត់ស្គាល់គេទេ។ ខ្ញុំជួលផ្ទះគេ នៅជាមួយបងប្អូនបានរយៈពេល១ឆ្នាំ បន្ទាប់មកខ្ញុំបានស្គាល់អង្គការមួយ។ ខ្ញុំក៏មកស្នាក់នៅអង្គការបានប្រហែលជា ២-៣ឆ្នាំដែរ ។ កាលនោះ គេឃើញខ្ញុំមានសមត្ថភាព​ ក៏គេចាត់តាំងខ្ញុំធ្វើជាប្រធានទូទៅនៅក្នុងអង្គការ។  ក្រោយមក ខ្ញុំក៏សម្រេចចិត្ត ជាមួយបងប្អូន ដែលមានពិការភាពដូចគ្នា បង្កើតសមាគមនតន្រ្តីសំនៀងជនពិការ ដើម្បីជួយទ្រទ្រង់ ដល់អ្នកដែលមានពិការភាព និងជួយឱ្យពួកគាត់មានជំនាញចិញ្ចឹមជីវិត»។ 
 
លោក ចាប តូ ជាមនុស្សម្នាក់ដែលមិនទុកខ្លួនឱ្យទំនេរ និងជាមនុស្សដែលចង់ចេះ ចង់ដឹង។ ក្រៅពីក្រេបយកចំណេះនៅក្នុងសាលា លោក ចាប តូ ក៏តែងតែស្វះស្វែងរៀនវគ្គបណ្ដុះបណ្ដាល និងជំនាញជាច្រើន។   បុរសវ័យ៣០ឆ្នាំរូបនេះ  មានសមត្ថភាព អាចច្រៀងបានយ៉ាងពិរោះ  មានជំនាញពិធិករ និងចេះជំនាញចាប់សរសៃផងដែរ។ អាចនិយាយបានថា លោក ចាប តូ ជាអ្នកមានពិការភាពម្នាក់ ដែល មានចំណេះ ជំនាញ អាចចិញ្ចឹមខ្លួនបានយ៉ាងរស់ស្រួល។ 
 
ប៉ុន្តែ លោក ចាប តូ មិនបានពួនរស់យកតែសុខម្នាក់ឯងបានឡើយ ​ពោលគឺលោក បានបង្កើតសមាគមន៍សំនៀងតន្រ្តីជនពិការ ដើម្បីជួយអ្នកមានពិការភាព ទទួលបានចំណេះ ជំនាញ និងមានការងារធ្វើ។ តាមពិតទៅក្ដីស្រម៉ៃរបស់ បុរសវ័យ៣០ឆ្នាំរូបនេះ ត្រឹមតែចង់ក្លាយជាប្រធានសមាគមន៍ ដើម្បីជួយអ្នកមានពិការភាព និងចង់បញ្ឈប់ការរើសអើងអ្នកមានពិការភាពក្នុងសង្គមប៉ុណ្ណោះ។  ប៉ុន្តែដោយសារតែ លោក មានសមត្ថភាពមិនចាញ់មនុស្សធម្មតា​ បូករួមនឹងការខិតខំប្រឹងប្រែងតស៊ូផងនោះ  លោក ចាប តូ ក៏បានក្លាយជាអនុរដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវសម្បទា ដែលនេះ ជាការលើកមុខមាត់ដ៏ធំធេងសម្រាប់អ្នកមានពិការភាពទាំងអស់។ ថ្វីបើតំណែងនេះ​ ហាក់ខ្ពស់ហួសពីក្ដីរំពឹង តែលោក ចាប តូ សន្យាថា នឹងបំពេញតួនាទីនេះឱ្យអស់ពីសមត្ថភាព និងប្ដេជ្ញាជួយជនពិការមានពិការភាពឱ្យបានកាន់តែច្រើន។ 
 
«ខ្ញុំនឹងព្យាយាមធ្វើឱ្យអស់ពីលទ្ធិភាព ធ្វើយ៉ាងណាជួយឱ្យបងប្អូនដែលមានពិការភាព ទទួលបាននូរជំនាញ ឬសមត្ថភាព ធ្វើយ៉ាងណាឱ្យពួកគាត់មានមុខរបរ និងចំណូល ដើម្បីឱ្យអ្នកមានពិការភាពកាន់តែមានជីវភាពប្រសើរ»៕ នេះជាការអះអាងរបស់ លោក ចាប តូ៕ 
 

Tag:
 ចាប តូ
© រក្សាសិទ្ធិដោយ thmeythmey.com