អន្តរជាតិ
លោក លី សៀនឡុង៖ ការផ្ទេរតំណែងនៅតែបន្តតាមផែនការ ដោយគ្មានពន្យារពេល
21, Aug 2023 , 5:39 pm        
រូបភាព
លោក លី សៀនឡូង នាយករដ្ឋមន្រ្តីសិង្ហបុរី។ រូបភាព AFP
លោក លី សៀនឡូង នាយករដ្ឋមន្រ្តីសិង្ហបុរី។ រូបភាព AFP
លោក លី សៀនឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី នៅថ្ងៃទី២០ ខែសីហា បានលើកឡើងថា ផែនការផ្ទេរអំណាចរបស់សិង្ហបុរី នៅតែបន្តតាមផែនការដដែល។ បើតាមលោកលី ទោះមានភាពចម្រូងចម្រាសក្នុងនយោបាយសិង្ហបុរីនៅពេលថ្មីៗនេះក៏ដោយ ការស្នងតំណែងអ្នកនយោបាយនេះ នឹងមិនត្រូវពន្យារពេលឡើយ។

 
ក្នុងសុន្ទរកថាថ្នាក់ជាតិនៅថ្ងៃទី២០ ខែសីហា លោក លី សៀនឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី បានយល់ថា ការស្នងតំណែងថ្នាក់ដឹកនាំ ជាកិច្ចការដ៏សំខាន់ ក្នុងការរៀបចំអនាគតរបស់សិង្ហបុរី។ 
 
យ៉ាងណាមិញ សិង្ហបុរីបែរមានបញ្ហាចម្រូងសម្រាសផ្នែកនយោបាយពាក់ព័ន្ធនឹងប្រធានសភា និងអំពើពុករលួយរបស់រដ្ឋមន្រ្តីដឹកជញ្ជូនជាដើម។ មិនតែប៉ុណ្ណោះ សិង្ហបុរី ក៏ទើបតែឆ្លងវិបត្តិជំងឺឆ្លងសកលកូវីដ-១៩ ផងដែរ។ 
 
ទោះសិង្ហបុរីកំពុងប្រឈមបញ្ហាខាងលើក៏ដោយ ប្រមុខរដ្ឋាភិបាលសិង្ហបុរី បានប្តេជ្ញា រៀបចំអ្នកស្នងតំណែងសិង្ហបុរីសម្រាប់ពេលអនាគតឱ្យស្របនឹងគម្រោង និងដោយគ្មានការពន្យារពេល។ 
 
«ពេលនេះ ជំងឺកូវីដ-១៩ នៅតែតាមពីក្រោយយើង ហើយផែនការស្នងតំណែងរបស់ខ្ញុំ នៅតែធ្វើតាមផែនការ»។ លោក លី បានសង្កត់ធ្ងន់បែបនេះ ដោយបន្តសន្យាទៅកាន់ប្រជាជនសិង្ហបុរីថា រដ្ឋាភិបាលរបស់លោក នឹងគ្រប់គ្រងប្រជាជាតិមួយនេះ មិនថាឆ្លងកាត់វិបត្តិអ្វីឡើយ តាមរយៈថ្នាក់ដឹកនាំក្នុងពេលបច្ចុប្បន្ន និងជំនាន់ទីបួន។ 
 
កន្លងមក មេដឹកនាំសិង្ហបុរីរូបនេះ ធ្លាប់បានសន្យាថា លោកនឹងចុះចេញពីតំណែងមុនពេលអាយុ៧០ឆ្នាំ។ ប៉ុន្តែដោយសារជំងឺកូវីដ-១៩ លោកលី បានពន្យារពេលចុះចេញ។ 
 
ជាការពិត បក្សសកម្មភាពរបស់ប្រជាជន (PAP) ដែលមានលោកលី ជាអគ្គលេខាធិការបក្ស បានរៀបចំភាពជាអ្នកដឹកនាំជំនាន់ទី៤ (4G) រួចហើយ សម្រាប់គ្រប់គ្រងប្រទេសនៅជំនាន់ក្រោយ។ អ្នកដឹកនាំជំនាន់ទី៤ របស់បក្សសកម្មភាពរបស់ប្រជាជន ត្រូវបានដឹកនាំដោយលោក Lawrence Wong ដែលជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីហិរញ្ញវត្ថុសព្វថ្ងៃ។ លោក Wong ត្រូវបានសមាជិក 4G ជ្រើសរើសជានាយករដ្ឋមន្រ្តីបន្ទាប់។
 
ក្នុងសុន្ទរកថាដដែលនោះ លោក លី បានបន្តថា កិច្ចការរបស់លោក គឺគាំទ្រអ្នកដឹកនាំជំនាន់ទី៤ របស់បក្ស រួមទាំងរបៀបវារៈរបស់ពួកគេ។ ត្រង់ចំណុចនេះ លោកលី បានបញ្ជាក់ពីទំនុកចិត្តយ៉ាងខ្លាំងលើលោក Wong និងក្រុមការងាររបស់លោក។ 
 
លើសពីនេះ ប្រមុខរដ្ឋាភិបាលសិង្ហបុរី បានបន្ថែមថា ការរួបរួម និងភាពមិនអាចប្រព្រឹត្តអំពើពុករលួយ ជាមូលដ្ឋានរបស់សិង្ហបុរី ក្នុងការរៀបចំរដ្ឋាភិបាលឱ្យប្រកបដោយភាពស្អាតស្អំ និងប្រសិទ្ធភាព ដើម្បីបម្រើប្រជាជន។ ពាក់ព័ន្ធនឹងបញ្ហានេះ លោកលី បានរំឮកសម្តីលោក លី ក្វាន់យូថា មូលដ្ឋាននេះ ជាកិច្ចការដ៏សំខាន់ជាងអ្វីៗបំផុត។ 
 
មិនតែប៉ុណ្ណោះ លោកលី ក៏បានប្តេជ្ញាទប់ស្កាត់ និងបង្រ្កាបអំពើពុករលួយនៅក្នុងរដ្ឋាភិបាលផង ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនសិង្ហបុរី ដែលបានផ្តល់ទំនុកចិត្តលើរដ្ឋាភិបាល៕ 
 

Tag:
 សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com