អន្តរជាតិ
បក្សភឿថៃ ការពារជំហរទទួលយកបក្សដែលស្និទ្ធយោធាចូលក្នុងសម្ព័ន្ធភាពថ្មី
21, Aug 2023 , 6:29 pm        
រូបភាព
លោក Chonlanan Srikaew មេដឹកនាំបក្សភឿថៃ។ រូបភាព AFP
លោក Chonlanan Srikaew មេដឹកនាំបក្សភឿថៃ។ រូបភាព AFP
មេដឹកនាំបក្សភឿថៃ លោក Chonlanan Srikaew បានប្រកាសថា លោកនឹងលាលែងពីតំណែងមេដឹកនាំបក្សភឿថៃ ក្រោយរដ្ឋាភិបាលថ្មីត្រូវបានបង្កើត។ ការលាលែងនេះ ធ្វើឡើងក្រោយបក្សភឿថៃ ចងសម្ព័ន្ធភាពជាមួយបក្សជាតិថៃរួបរួម និងបក្សPalang Pracharath ដែលគាំទ្រដោយយោធា។ បក្សនេះក៏ការពារខ្លួនចំពោះការទទួលបក្សស្និទ្ធយោធាដែរ។

 
ក្រោយប្រកាសពីការរួមបញ្ចូលបក្ស Palang Pracharath របស់លោក Prawit Wongsuwan ជាសមាជិកទី១១ នៃសម្ព័ន្ធបក្សនយោបាយ លោក Chonlanan Srikaew មេដឹកនាំបក្សភឿថៃ បានប្រកាសលាលែងពីតំណែងជាថ្មី។ មុនការបោះឆ្នោត លោក Chonlanan ក៏ធ្លាប់ប្រកាសពីការលាលែងពីតំណែងនេះផងដែរ។ 
 
ការប្តេជ្ញារបស់លោក ជាការឆ្លើយតបនឹងនឹងសេចក្តីសម្រេចដែលបក្សភឿថៃពាក់ព័ន្ធនឹងការ រួមបញ្ចូលបក្សជាតិថៃរួបរួម និងបក្ស Palang Pracharath ទៅក្នុងសម្ព័ន្ធបក្សនយោបាយរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai Enquirer។ 
 
ទន្ទឹមនេះ អ្នកសារព័ត៌មានក៏បានសួរលោកជុំវិញការលាលែងពីតំណែងតំណាងរាស្រ្ត ឬតួនាទីរដ្ឋមន្រ្តីផង។ ជាការឆ្លើយតប ប្រមុខបក្សភឿថៃរូបនេះថា លោកសន្យាលាលែងតែតំណែងប្រមុខបក្សមួយប៉ុណ្ណោះ។ 
 
ក្នុងថ្ងៃដដែលនេះ ក្រោយបក្សភឿថៃរួមគ្នាជាមួយបក្សនយោបាយគាំទ្រដោយយោធា លោក Srettha Thavisin បេក្ខជននាយករដ្ឋមន្រ្តីរបស់បក្សភឿថៃ និងត្រូវបានរំពឹងថាជានាយករដ្ឋមន្រ្តីថៃថ្មី បានចេញមុខការពារការបញ្ចូលបក្ស Palang Pracharath ទៅក្នុងសម្ព័ន្ធបក្សនយោបាយផង។ 
 
បើតាមលោក Srettha បក្សភឿថៃ គ្មានចេតនាបោកប្រជាជនឡើយ ប៉ុន្តែវាជារឿងចាំបាច់។ ត្រង់ចំណុចនេះ សេដ្ឋីថៃរូបនេះ បានបកស្រាយថា មុនការបោះឆ្នោត បក្សភឿថៃរំពឹងថា នឹងទទួលបានសំឡេងភាគច្រើន ប៉ុន្តែវាមិនដូចការគិតឡើយ។ ដូចនេះ បក្សភឿថៃ ត្រូវតែដកជំហរប្រឆាំងយោធាចេញ ដើម្បីរៀបចំរដ្ឋាភិបាលឱ្យបានឆាប់រហ័ស ដើម្បីជួយប្រជាជនដែលកំពុងជួបបញ្ហាប្រឈម។ 
 
មុនការបោះឆ្នោត លោក Srettha រួមទាំងសមាជិកបក្សភឿថៃសំខាន់ៗផ្សេងទៀត បានប្តេជ្ញា មិនចង់សម្ព័ន្ធភាពជាមួយយោធា ក្នុងការរៀបចំរដ្ឋាភិបាលឡើយ។ ជាការពិត ការចងសម្ព័ន្ធភាពជាមួយបក្សនយោបាយគាំទ្រដោយយោធា ដូចជាបក្សជាតិថៃរួបរួម និងបក្សPalang Pracharath មិនបានធ្វើឱ្យអ្នកគាំទ្របក្សភឿថៃសប្បាយចិត្តប៉ុន្មានឡើយ៕ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com